ទូក.ង«សន្ទុះរាជសីបារមីចង្ហាន់ហុយ»កំពុងជួសជុលដោយក្រុមកីឡាករស្ម័គ្រចិត្តមិនចំណាយថវិកា
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ទូកងសន្ទុះរាជសីហ៍បារមីចង្ហាន់ហុយ គឺជាទូកមួយដែលបានកសាងឡើងនៅឆ្នាំ២០០៣ និងធ្លាប់បានចូលរួមប្រកួតយកជ័យជំនះផែនលេខ១ ចំនួន៤លើក និងផែនលេខ២ ចំនួន២ លើក ។ ទូកនេះ ស្ថិតនៅក្នុងវត្តទួលព្រះវិហារ ភូមិកោះលត ឃុំកោះថ្កូវ ស្រុកជល់គិរី ។

លោក ស៊ុ ស៊ត ជាមេជាងដែលកំពុងជួសជុលទូក.ងខាងលើបានមានប្រសាសន៍ថា ទូកនេះបានកសាងនៅអំឡុងឆ្នាំ២០០៣ ហើយបានចូលរួមប្រកួតនៅក្នុងព្រះរាជពិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែ នៅរាជធានីភ្នំពេញ បានទទួលចំណាត់ថ្នាក់ផែនលេខ១ ចំនួន៤លើក ។

ក្រោយមក ដោយសារទូកមានសភាពទ្រុឌទ្រោមខ្លាំងនៅឆ្នាំ២០២០ ព្រះគ្រូចៅអធិការវត្ត ព្រះនាម ពៅ ចាន់ណារិទ្ឋិ ក៏បានផ្ដួចផ្ដើម កសាងទូកថ្មីមួយទៀត ដែលមានឈ្មោះដូចគ្នា គឺសន្ទុះរាជសីហ៍បារមីចង្ហាន់ហុយ ហើយបានចូលរួមប្រកួតចំនួន ២លើកទទួលបានចំណាត់ថ្នាក់លេខ២ទាំង២លើក ។ បញ្ហាធ្លាក់មកចំណាត់ថ្នាក់លេខ ២ គឺមិនមែនមកពីបញ្ហាទូកកសាងថ្មីទេគឺដោយសារទូកគេ មានល្បឿនលឿនជាង។

ទូកថ្មីនេះមានប្រវែង២៩ម៉ែត្រកន្លះ មានចំណុះជើងចៅ៤៦នាក់ ។ សរុបទាំងកីឡាករបម្រុង ទាំងអ្នកដាំបាយនិងអ្នកបាចទឹកមានចំនួន ៧០ នាក់ ដែលគ្រោង ចំណាយមួយលើកៗ អស់ថវិកា១២លានរៀល។

ព្រះភិក្ខុ កែវ សារុន គ្រូសូត្រស្ដាំ ទូក ង ដែលកំពុងជួសជុល ដើម្បីត្រៀមចូលរួមប្រកួតនៅក្នុងព្រះរាជ ពិធីបុណ្យអុំទូកអកអំបុកនិងសំពះព្រះខែនាពេលខាងមុខ គឺមានការបរិច្ចាកនូវថវិកាផ្ទាល់ខ្លួនរបស់ក្រុមកីឡាករនិងគណៈកម្មាធិការទូក រួមនិងពុទ្ធបរិស័ទចំណុះជើងវត្ត ទើបបានចេញរូបរាង ហើយបានចូលរួមប្រកួត២ឆ្នាំជាប់គ្នាកន្លងទៅ ។

ថ្ងៃនេះក្នុងនាមព្រះសង្ឃគង្គក្នុងវត្ត ទួលព្រះវិហារក្នុង ក៏ដូចជាគណៈកម្មាធិការទូក ង សូមអំពាវនាវដល់ពុទ្ធបរិស័ទ ឯកឧត្តម លោកជំទាវ សូម មេត្តាជួយឧបត្ថម្ភដល់ក្រុមកីឡាករទូក ង ឈ្មោះសន្ទុះរាជសីបារមីចង្ហាន់ហ៊ុយនេះផង។

គួរបញ្ជាក់ដែរ ថានៅព្រឹកថ្ងៃទី ២៤ខែតុលា នេះដែរ លោក ដូវ គឹមស៊ីង អភិបាលស្រុកជល់គីរីបានដឹកនាំក្រុមការងារអញ្ជើញមកពិនិត្យទូក ង ឈ្មោះ សន្ទុះរាជសី បារមីចង្ហាន់ហុយ ដល់ក្នុងវត្ត និងបាន មានប្រសាសន៍ថា ថ្ងៃនេះលោកបានចុះត្រួតពិនិត្យទូកងទាំង៩ ក្នុងចំណោមទូក ទាំង១២
(អវត្តមាន ៣មិនបានចូលរួមប្រកួត) ដែលត្រៀមចូលរួមប្រកួតក្នុងពិធីព្រះរាជពិធីបុណ្យអុំទូកអំបុកសំពះប្រាក់ខែ ក្នុងពេលខាងមុខថា តើពួកគាត់ខ្វះខាតអីខ្លះ លោកនឹងបំពេញបន្ថែម៕







ចែករំលែកព័តមាននេះ