តុលាការកំពូល៩ខែឆ្នាំ២០២៤ ទទួលសំណុំ រឿងព្រហ្មទណ្ឌ និងរដ្ឋប្បវេណីកើនឡើង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២២ តុលា ឆ្នាំ២០២៤ នៅតុលាការកំពូល ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា…
រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២២ តុលា ឆ្នាំ២០២៤ នៅតុលាការកំពូល ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា…
រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២២ តុលា ឆ្នាំ២០២៤ នៅតុលាការកំពូល ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដោយមានការចូលរួមពីឯកឧត្តមអនុប្រធាន ឯកឧត្តមអគ្គព្រះរាជអាជ្ញារង ឯកឧត្តម លោកជំទាវចៅក្រម ឯកឧត្តមព្រះរាជអាជ្ញា លោកជំទាវអគ្គលេខា ធិការ ក្រឡាបញ្ជី និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋបាលតុលាការកំពូល ។
របៀបវារៈនៃកិច្ចប្រជុំចំនួន ៣ រួមមាន ៖
១-បូកសរុបលទ្ធផលការងាររបស់តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូលក្នុងអំឡុងពេល ៩ខែ ឆ្នាំ២០២៤ ធៀបនឹងអំឡុងពេល ៩ខែ ឆ្នាំ២០២៣ ។ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៤ តុលាការកំពូលទទួលសំណុំរឿងព្រហ្មទណ្ឌ និងរដ្ឋប្បវេណីកើនឡើង ប៉ុន្តែក៏បានចាត់ការច្រើនជាងរយៈពេល៩ខែ ក្នុងឆ្នាំ២០២៣ដែរ ។
២-ដោះស្រាយបញ្ហាប្រឈមនានា ដូចជាការសម្រេចសេចក្តីពាក់ព័ន្ធនឹងវិវាទដីធ្លីដែលជាដីសាធារណៈ របស់រដ្ឋដីបឹង ដីគម្របព្រៃឈើជាដើម, ការគ្រប់គ្រង និងថែទាំទ្រព្យសម្បត្តិរបស់ស្ថាប័ន, ការបង្កើនសមត្ថភាព និងការទទួលខុសត្រូវក្នុងការបំពេញការងារ, របៀបរបបបំពេញការងារប្រកបដោយប្រសិទ្ធភាព ដូចជាការតាក់តែងឯកសារនានាឱ្យបានត្រឹមត្រូវ ស្របតាមសេចក្តីណែនាំស្តីពីការតាក់តែងទម្រង់ឯកសារនៅតុលាការកំពូលរបស់ឯកឧត្តមបណ្ឌិតប្រធានតុលាការកំពូល, ការតាក់តែងសាលដីកា និងសេចក្តីសម្រេចឱ្យបានឆាប់រហ័ស ព្រមទាំងបន្តយកចិត្តទុកដាក់លើសំណុំរឿងក្តីអាទិភាព ដូចជាបទល្មើសគ្រឿងញៀន ជួញដូរមនុស្ស សម្អាតប្រាក់ គ្រោះថ្នាក់ចរាចរណ៍ សន្តិសុខជាតិ ជាដើម។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតប្រធាន ក៏បានលើកឡើងអំពីវិធានការដើម្បីពង្រឹងវិន័យការងារ និងសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីក្នុងស្ថាប័នផងដែរ ។
៣-លើកទិសដៅសម្រាប់អនុវត្តក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២៤ ដើម្បីពន្លឿនការដោះស្រាយរឿងក្តី ប្រកបដោយគុណភាព ស្របតាមគោលការណ៍យុត្តិធម៌ និងឆាប់រហ័ស ដើម្បីលើកកម្ពស់ប្រព័ន្ធយុត្តិធម៌ក្នុងព្រះរាជាណាចក្រកម្ពុជា។
អង្គប្រជុំទទួលបាននូវលទ្ធផលជាផ្លែផ្កា ហើយប្តេជ្ញាថានឹងអនុវត្តតាមខ្លឹមសារនៃស្មារតីអង្គប្រជុំឱ្យមានប្រសិទ្ធភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕
ចែករំលែកព័តមាននេះ