ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថៃ ប្ដេជ្ញា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ថៃ​-​កម្ពុជា ឱ្យ​កាន់តែ​ល្អ​ប្រសើរ

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ​ក្នុង​ជំនួប​ជាមួយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថៃ ប្ដេជ្ញា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ថៃ​-​កម្ពុជា ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ​។…

រាជធានី​ភ្នំពេញ ​៖ ​ក្នុង​ជំនួប​ជាមួយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថៃ ប្ដេជ្ញា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ថៃ​-​កម្ពុជា ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ​។

ការ​ប្តេជ្ញា​នេះ​ខណៈ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ ឯកឧត្តម អនុ​ធី​ន ឆាន​វី​រ៉ៈ​គូ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថៃ និង​គណៈប្រតិភូ ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្ដិភាព នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៤ ។

ក្នុង​ឱកាស​នៃ​ជំនួប ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី ​បាន​គូសបញ្ជាក់​ថា កម្ពុជា​-​ថៃ មាន​ទំនាក់​ទំនងជា​ប្រពៃណី និង​យូរអង្វែង ជា​អ្នក​ជិតខាង​ល្អ និង​ជា​ប្រទេស​មាន​វប្បធម៌​ប្រហាក់ប្រហែល​គ្នា​។ ការណ៍​នេះ​ គឺជា​មោទនភាព​សម្រាប់​ប្រទេស​ទាំង​ពីរ ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ កាន់តែ​ច្រើន សម្រាប់​ប្រជាជន និង​ប្រទេស​ទាំង​ពីរ ​។

ឯកឧត្តម​ បាន​ប្ដេជ្ញា​ចិត្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ថៃ​-​កម្ពុជា ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ​។

ជា​ការ​ឆ្លើយ​តប សម្ដេច​មហា​បវរ​ធិ​បតី បាន​បង្ហាញ ​នូវ​ក្ដី​រីករាយ​ចំពោះ​វឌ្ឍនភាព និង​ភាពរឹងមាំ​ នៃ​ទំនាក់ទំនង​កម្ពុជា​-​ថៃ និង​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​ នៃ​ជំនួប​ទ្វេភាគី​កន្លង​មក នៅ​គ្រប់​កម្រិត ទាំង​ក្របខ័ណ្ឌ រាជរដ្ឋាភិបាល និង​ខេត្ត​ជាប់​ព្រំដែន​ ។

សម្ដេច​មហា​បវរ​ធិ​បតី ​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ថៃ ​ដែល​បាន​កាត់​បន្ថយ​តម្លៃ​ទិដ្ឋាការ​ការងារ និង​តម្លៃ​បន្ត​សុពលភាព​ទិដ្ឋាការ​ការងារ ព្រមទាំង​លើកលែង​តម្លៃ​ នៃ​ការ​អនុញ្ញាត​ចូល​ប្រទេស​ថៃ​ឡើង​វិញ សម្រាប់​ពលករ​កម្ពុជា ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ នា​ពេល​កន្លង​មក​។ សម្ដេច​មហា​បវរ​ធិ​បតី​ បាន​លើក​ឡើង​ពី​ការ​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ថៃ​ ដែល​រស់នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា អាច​ធ្វើ​ដំណើរ​ចូល​មក​ទស្សនា​ខេត្តសៀមរាប​បាន តាម​រយៈ​ការ​ប្រើប្រាស់​ប័ណ្ណ​ព្រំដែន​ ។

សម្ដេច​មហា​បវរ​ធិ​បតី និង​ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី បាន​ពិភាក្សា​គ្នា​ អំពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សំខាន់​ៗ រួម​មាន​ជា​អាទិ៍​ ៖ វិស័យ​ការពារ​ជាតិ និង​សន្ដិសុខ ជា​ពិសេស ការ​បង្ក្រាប​បទល្មើស​ឆ្លង​ដែន សំដៅ ប្រែក្លាយ​ព្រំដែន​កម្ពុជា​-​ថៃ ជា​ព្រំដែន​សន្ដិភាព សុវត្ថិភាព និង​វិបុលភាព​សម្រាប់​ប្រជាជន​ទាំង​ពីរ​ ។ ក្រៅពី​នេះ ក្នុង​គោលដៅ​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​, ទេសចរណ៍ និង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន សម្ដេច​មហា​បវរ​ធិ​បតី និង​ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី ​ក៏​បាន​ពិភាក្សា​អំពី​ការ​ជំរុញ​ការ​ឱ្យ​មានការ​បើក​ច្រកព្រំដែន​ឱ្យ​បាន​ច្រើន​ថែម​ទៀត ជា​ពិសេស​ការ​បើក​ជា​ផ្លូវការ​ នូវ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណ​ង​អៀន ឱ្យ​បាន​ឆាប់ ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ