រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានចេញសេចក្ដីថ្លែងការណ៍ថា មួយរយៈចុងក្រោយនេះ មានបណ្តាញព័ត៌មានពីក្រៅប្រទេសមួយចំនួន បានផ្សព្វផ្សាយមួលបង្កាច់ លាបពណ៌មកលើកម្ពុជា ថា បណ្តែតបណ្តោយឱ្យមានការជួញដូរមនុស្ស ការបង្ខាំងមនុស្សដោយខុសច្បាប់ ការធ្វើទារុណកម្មលើពលករបរទេស និងការបង្ខំឱ្យធ្វើការពាក់ព័ន្ធនឹង Call Center ខុសច្បាប់ជាដើម ។
ក្រសួងមហាផ្ទៃ មើលឃើញថា ការផ្សព្វផ្សាយនេះ ផ្ទុយស្រឡះពីវិជ្ជាជីវៈសារព័ត៌មាន ដោយយករូបភាពពីនេះ ពីនោះ គ្មានប្រភពច្បាស់ការ ឬយកពីក្រុមអ្នកបង្កើតមាតិការកលុយតាមប្រព័ន្ធអ៊ីនធឺណេត (MMO) និងយករូបភាពចាស់ៗ ដែលសមត្ថកិច្ចកម្ពុជា ធ្លាប់ចុះបង្ក្រាបកន្លងទៅ មកផ្តុំបញ្ចូលគ្នា រួចអត្ថាធិប្បាយបំផ្លើសពីការពិត ហាក់បីដូចជា គម្រោងផែនការទុច្ចរិត ធ្វើឱ្យប៉ះពាល់ដល់ភាពស្អាតស្អំរបស់កម្ពុជាលើឆាកអន្តរជាតិ។
លើសពីនេះ ក្រុម MMO បានយកកម្ពុជា ធ្វើជាប្រធានបទបង្កើតមាតិកាផ្សារភ្ជាប់ទៅនឹងរឿងដែលពិភពលោកកំពុងចាប់អារម្មណ៍ ទាក់ទាញអ្នកទស្សនា នាំឱ្យមានការភ័ន្តច្រឡំពីសាធារណមតិជាតិ និងអន្តរជាតិមកលើកម្ពុជា។ ដូចបណ្តារដ្ឋដទៃទៀត ដែលកើតមានករណីទាំងនេះ ក្រសួងមហាផ្ទៃ មានឆន្ទៈមុតមាំ ក្នុងការសហការបង្ការទប់ស្កាត់ និងបង្ក្រាបរាល់អំពើខុសច្បាប់ផ្សេងៗ ពាក់ព័ន្ធនឹង Call Center ដែលជាបទល្មើសសកល។ ក្នុងនោះ កម្ពុជាបានបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលថ្មីៗនេះ បានដាក់ចេញផែនការយុទ្ធសាស្ត្រជាតិ ២០២៤-២០២៨ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤កន្លងទៅ ដោយមានសមាសភាពចូលរួមពីក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាប្រតិបត្តិករ។ ទន្ទឹមនឹងនេះ កម្ពុជាបានបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីបង្ក្រាបករណីមិនប្រក្រតីតាមប្រព័ន្ធ Call Center កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ និងបានចុះស្រាវជ្រាវបង្ក្រាបករណីជាបន្តបន្ទាប់ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ រាជធានីភ្នំពេញ កោះកុង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងក្រុងបាវិត ខេត្តស្វាយរៀង ជាដើម ។
ក្រសួងមហាផ្ទៃ សូមបញ្ជាក់ថា អំពើខុសច្បាប់ពាក់ព័ន្ធនឹង Call Center នេះ គឺជាបទល្មើសសកល ដែលកើតឡើងតាមបណ្តារដ្ឋជុំវិញពិភពលោកដែលត្រូវរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាប។ ជាការអនុវត្តជាក់ស្តែង ស្ថានទូត នៃសាមីជនបរទេស តែងសហការជាមួយរដ្ឋ ដែលមានករណីកើតឡើង។ ក្នុងនោះ កម្ពុជាក៏បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាពជាមួយបណ្តាស្ថានទូតបរទេសប្រចាំនៅកម្ពុជា និងបណ្តារដ្ឋដទៃទៀតផងដែរ។ ជាការកត់សម្គាល់ រាល់ពាក្យប្តឹងរបស់សាមីខ្លួន ភាគច្រើននៅពេលសមត្ថកិច្ច ចុះស្រាវជ្រាវ រកពុំឃើញដូចកម្មវត្ថុបណ្ដឹងឡើយ តែភាគច្រើនជាករណីរដ្ឋប្បវេណី ទំនាស់កិច្ចសន្យា លក្ខខណ្ឌការងារ ទំនាស់បុគ្គលឯកជន និងជាលេស ដើម្បីបានវិលត្រឡប់ទៅប្រទេសកំណើតវិញជាដើម ។
ក្រសួងមហាផ្ទៃ សូមអំពាវនាវសាធារណជន កុំលង់ជឿ និងផ្សព្វផ្សាយបន្ត។ អង្គភាពសារព័ត៌មាន គប្បីគោរពឱ្យបានក្រមសីលធម៌វិជ្ជាជីវៈ ច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ ក្រុម MMO កុំតែដើម្បីផលប្រយោជន៍ខ្លួន ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់រដ្ឋអធិបតេយ្យ និងត្រូវបញ្ឈប់ជាបន្ទាន់ ចៀសវាងកម្ពុជាប្រើសិទ្ធិស្វ័យការពារតាមច្បាប់ជាធរមាន ។
ជាថ្មីម្តងទៀត ក្រសួងមហាផ្ទៃ សូមបញ្ជាក់ជូនសាធារណជនជាតិ និងអន្តរជាតិ ជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មានឆន្ទៈយ៉ាងមុះមុតក្នុងការប្រយុទ្ធប្រឆាំងរាល់អំពើ ខុសច្បាប់ពាក់ព័ន្ធនឹង Call Center និងប្រយុទ្ធប្រឆាំងចរន្តព័ត៌មានក្លែងក្លាយ ៕
ចែករំលែកព័តមាននេះ