ខេត្តកំពង់ស្ពឺ ៖ ក្រុមជនសង្ស័យចំនួន០៥នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងច្បារមន ធ្វើការឃាត់ខ្លួនបាន រួមជាមួយវត្ថុតាងក្រាមពណ៌សថ្លាសង្ស័យថា ជាគ្រឿងញៀនចំនួន១៤កញ្ចប់ ខណៈដែលក្រុមជនសង្ស័យខាងលើកំពុងតែប្រមូលផ្តុំគ្នាចរាចរណ៍គ្រឿងញៀន។
មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុនមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ១០និង០៥នាទី ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅចំណុចភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន០៥នាក់ ដែលពាក់ព័ន្ធករណីដឹកជញ្ជូនចែកចាយ ដោយខុសច្បាប់នូវសារធាតុញៀន ។
មន្ត្រីដដែលបានបន្តថាក្រុមជនសង្ស័យមានចំនួន៥នាក់ ដែលឃាត់ខ្លួនបាន ទី១-ឈ្មោះ គង់ ចាន់រតនៈវង្ស ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ លាងម៉ូតូ រស់នៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន។ ទី២-ឈ្មោះ ហួរ គីមម៉េង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរំលោង សង្កាត់សុព័រទេព ក្រុងច្បារមន។
ទី៣-ឈ្មោះ នុយ ភារះ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលាងម៉ូតូ រស់នៅភូមិបុរីកម្មករ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទី៤-ឈ្មោះ ឆុម គុណវឌ្ឍន៍ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលាងម៉ូតូ រស់នៅភូមិត្រពាំងលើក សង្កាត់ រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងទី៥-ឈ្មោះ កែវ ណេត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរលាងម៉ូតូ រស់នៅភូមិពេជ្រមុន្នី ឃុំពេជ្រមុន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
មន្ត្រីដដែលបានបន្ថែមទៀតថាក្រោយឃាត់ខ្លួនបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺដកហូតវត្ថុតាងរួមមានម៉ូតូចំនួន៣គ្រឿង និងក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១៤កញ្ចប់ (តូច ១១កញ្ចប់,ធំ៣កញ្ចប់)។
បច្ចុប្បន្នក្រុមជនសង្ស័យ រួមជាមួយនិងវត្ថុតាងគ្រឿងញៀនចំនួន១៤កញ្ចប់និងសម្ភារៈ ត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ