ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវប៉ាន់ ! ត្រីកាម៉ុងត្រូវបានប្រជានេសាទនៅខេត្តហាទីញ អះអាងថា កំពុងសម្បូរ និងលក់បានថ្លៃ

4 អាទិត្យ មុន

វៀតណាម ៖ សារព័ត៌មាន​វៀតណាម VN Express ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៤ បានឱ្យ​ដឹង​ថា ប្រជា​នេសាទ​នៅ​ខេត្ត​ហា​ទី​ញ…

វៀតណាម ៖ សារព័ត៌មាន​វៀតណាម VN Express ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៤ បានឱ្យ​ដឹង​ថា ប្រជា​នេសាទ​នៅ​ខេត្ត​ហា​ទី​ញ កំពុង​រីករាយ​ជាមួយ​រដូវ​ប្រមូល​ផល​ត្រី​កា​ម៉ុង ដោយ​ទូក​នីមួយ​ៗ​មាន​គ្នា​៣-៤​នាក់ អាច​ចាប់​បាន​ជាង​១០០​គីឡូក្រាម ត្រឹម​រយៈពេល​តែ​កន្លះ​ថ្ងៃ​ដោយ​រក​ចំណូល​បាន​ខ្ទង់​៥ ទៅ​៦​លាន​ដុ​ង ឬ​ស្មើនឹង​ជាង​២០០​ដុល្លារ​អា​មេ​រិ​ក ។

ប្រភព​ដដែល​បន្ត​ថា ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​កន្លង​មកនេះ នៅ​ឯ​ឆ្នេរសមុទ្រ​នៃ​ឃុំ Xuan Yen ស្រុក Nghi Xuan ខេត្ត​ហា​ទី​ញ ទូក​នេសាទ​រាប់​សិប​គ្រឿង បាន​ចូល​ចត​ជា​រៀងរាល់ថ្ងៃ ដើម្បី​ដឹក​ត្រី​កា​ម៉ុង​រាប់​ពាន់​តោន ដែល​នេសាទ​បាន​មក​បោះ​អោយ​ម៉ូយ ដែល​ចាំ​នៅ​ឆ្នេរ ដើម្បី​យក​ទៅ​លក់​បន្ត​លើ​ទីផ្សារ ។

ប្រជា​នេសាទ​ម្នាក់​ឈ្មោះ Tran Van Cuong បាន​និយាយ​ថា ថ្ងៃនេះ​ទូក​គាត់​ចេញ​នេសាទ​នៅ​ម៉ោង​២​ទៀប​ភ្លឺ ហើយ​មក​ដល់​ពេល​ជិត​ថ្ងៃត្រង់ គាត់​ចាប់​បាន​ត្រី​កា​ម៉ុង​១៥០​គីឡូក្រាម ដែល​ជា​ច្រើន​ជាង​ពេល​ធម្មតា​ជិត​៣​ដង និង​លក់​បាន​ក្នុង​ក្នុង​តម្លៃ​៤​ម៉ឺន​ទៅ​៦​ម៉ឺន​ដុ​ង ក្នុង​មួយ​គីឡូក្រាម​។

លោក​បន្ត​ថា «​ចេញ​នេសាទ​មួយ​ជើង អាច​រកបាន​ជាង​៥​លាន​ដុ​ង​ពី​ការ​លក់​ត្រី បន្ទាប់​ពី​កាត់ថ្លៃ​កម្មករ និង​ចំណាយ​ផ្សេង​ៗ​ចំណេញ​បាន​ប្រហែល​២​លាន​ដុ​ង​» ។

ប្រជា​នេសាទ​ដដែល​ប្រៀបធៀប បើ​ថ្ងៃ​ធម្មតា​វិញ​ចំណេញ​បាន​តែ​៣០​ទៅ​៥០​ម៉ឺន​ដុ​ង​ប៉ុណ្ណោះ ហើយ​ថ្ងៃ​ណា​ស៊យ មាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​រលក​ខ្ពស់​នោះ​មិន​គ្រាន់​ថ្លៃ​ប្រេង​ចាក់​ទូក​ផង ។

ងាក​ទៅ​លើ​ច្រាំង​វិញ ចាប់ពី​ថ្ងៃត្រង់​រហូត​ដល់​ពេល​រសៀល ក្រុម​អាជីវករ​បាន​ដឹក​ធុង​ទឹកកក​ធំ​ៗ​មក​ត្រៀមចាំ​តាម​ឆ្នេរ ដើម្បី​ប្រមូល​ទិញ​ត្រី​ពី​ទូក​នេសាទ​យក​ទៅ​បោះ​ដុំ និង​លក់រាយ​តាម​ទីផ្សារ ។

ស្ត្រី​អ្នក​ប្រមូល​ទិញ​ម្នាក់​ឈ្មោះ Tran Thi Tu បាន​និយាយ​ថា ក្នុង​ស​ប្តា​ហ៍​កន្លង​ទៅ​អ្នកស្រី​ប្រមូល​បាន​២០០​គីឡូ​ក្នុង​មួយ​ថ្ងៃ ថ្ងៃ​ខ្លះ​ហេង លោត​ដល់​ជាង​៣០០​គីឡូ ។ អាជីវករ​រូប​នេះ​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ​ត្រី​កា​ម៉ុង​មាន​ខ្លាញ់​ច្រើន មាន​សាច់​ផ្អែម ត្រី​ធំ​ៗ៧ ឬ​៨​ក្បាល​មួយ​គីឡូ​ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​ទោះជា​ប្រមូល​ទិញ​បាន​ច្រើន​យ៉ាងណា​ក៏​ដោយ ក៏​ម៉ូយ​យក​លក់​អស់​ៗ​ហើយ​ថ្ងៃ​ខ្លះ​គេ​ក​ម្ម៉​ង់​ច្រើន​ពេក​ខ្វះ​នាំ​ឱ្យ​ខ្វះ​ត្រី​អោយ​ម៉ូយ​ក៏​មាន ។

តាម​លោក Pham Trung Thanh មេឃុំ Xuan Yen បាន​ប្រាប់​សារព័ត៌មាន ឃុំ​ទាំងមូល​មាន​ទូក​នេសាទ​ខ្នាត​តូច និង​មធ្យម​ជិត​២០០​គ្រឿង ។ នៅ​ពាក់កណ្តាល​ខែតុលា អាកាសធាតុ​មាន​ពន្លឺ​ថ្ងៃ ហើយ​សមុទ្រ​រលក​ល្អ​អំណោយផល​ដល់​ប្រជា​នេសាទ​អាច​ចេញ​ទៅ​នេសាទ​នៅ​សមុទ្រ​ជ្រៅ​ៗ ឆ្ងាយ​ៗ​ហើយ​អាច​នេសាទ​បាន​ត្រី​កា​ម៉ុង និង​គ្រឿង​សមុទ្រ​ស្រស់​ៗ​ជា​ច្រើន​តោន ខុស​ពី​ថ្ងៃ​ធម្មតា ។ ត្រី​កា​ម៉ុង ឬ​ត្រី​ប្លាធូ គឺជា​ត្រី​សមុទ្រ​មួយ​ប្រភេទ​ដ៏​ពេញ​និយម​សម្រាប់​ចម្អិន​ជា​អារ​ហារ​របស់​ពលរដ្ឋ​រស់នៅ​តាម​តំបន់​សមុទ្រ ជា​ពិសេស​វិធី​ចម្អិន​មួយ​ប្រភេទ​ដែល​គេ​ហៅ​ថា ចូក​តឹង គឺ​ល្បីល្បាញ​ខ្លាំង​ណាស់ ដោយ​គេ​យក​ត្រី​កា​ម៉ុង​ស្រស់​ៗ​ទៅ​អាំង​ឱ្យ​ឆ្អិន​ត្រឹមតែ​៥០ ទៅ​៧០​ភាគរយ​ប៉ុណ្ណោះ ។

ដោយឡែក​ក្រៅពី​ឈ្មោះ​ត្រី​កា​ម៉ុង ឬ​ត្រី​ប្លាធូ ត្រី​មួយ​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ហៅ​ត​គ្នា​ថា «​ត្រី​ចម្ហុយ​» ដែល​មាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ទូ​ទាំង​ប្រទេស ។ ត្រី​កា​ម៉ុង ឬ​ត្រី​ប្លាធូ ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​បង្ហាញ​ថា មាន​អត្ថប្រយោជន៍​ច្រើន​សម្រាប់​ជួយ​ដល់​សរសៃឈាម និង​បេះដូង​របស់​មនុស្ស​ដោយ​ត្រី​សមុទ្រ​ប្រភេទ​នេះ ផ្ទុក​ទៅ​ដោយសារ​ធាតុ​អូ​មេ​ហ្គា​៣ ដូច​ទៅ​នឹង​ត្រី​សាល​ម៉ុ​ន​ដែរ ។ នៅ​ក្នុង​សាច់​ត្រី​កា​ម៉ុង ១០០​ក្រាម មាន​អូ​មេ​ហ្គា​៣ ប្រហែល​២-៣​ក្រាម ដែល​គ្រប់គ្រាន់​សម្រាប់​សេចក្តី​ត្រូវការ​របស់​រាង​កាយ ប្រសិនបើ​បរិភោគ​ជា​ប្រចាំ​ថ្ងៃ ។ អូ​មេ​ហ្គា ៣ (Omega-3) ជា​ខ្លាញ់​ឆ្អែត ជួយ​កាត់​បន្ថយ​អត្រា​ស្លា​.​ប់ ដោយសារ​ជំងឺ​បេះដូង ជំងឺ​សរសៃឈាម​ត្បៀត និង​បន្ថយ​កូ​លេ​ស្តេ​រ៉ូ​ល ជាដើម ៕

កែសម្រួលដោយ