រាជធានីភ្នំពេញ ៖ មានករណីបុរសម្នាក់ដើរឆ្លងផ្លូវ ត្រូវជនមិនស្គាល់មុខជិះម៉ូតូមួយគ្រឿង មិនចាំស្លាកលេខ បុ.ក បណ្តាលឱ្យសន្លប់ រួចសែងជនរងគ្រោះដាក់អែបខាង បន្ទាប់មកក៏ជិះគេចខ្លួនបាត់ លុះប្រជាពលរដ្ឋនាំគ្នាទៅមើលទើបដឹងថា បុរសរងគ្រោះ១រូបនោះបានស្លាប់បាត់បង់ជីវិតទៅហើយ ។
ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ កែងផ្លូវលេខ៣១៧ ត្រង់ចំណុចស្តុបឥន្ទ្រទេវី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ដើរថ្មើរជើងតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង លុះដើរទៅដល់ចំណុចស្តុប ក៏បានដើរឆ្លងស្តុប ក៏មានម៉ូតូ១គ្រឿង បើកបរតាមបណ្តោយផ្លូវលេខ៣១៧ ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែបុកបុរសថ្មើរជើង១រូបនោះទាំងកំរោល បណ្តាលឲ្យបុរសរងគ្រោះខាងលើសន្លប់ រួចភាគីខាងម៉ូតូបង្កក៏បានសែងជនរងគ្រោះរូបនោះទៅដាក់នៅមុខយានដ្ឋានមួយកន្លែង បន្ទាប់មកក៏ជិះម៉ូតូគេចខ្លួនបាត់ ។
បន្ទាប់ពីកើតហេតុ ក៏មានប្រជាពលរដ្ឋនាំគ្នាទៅមើលបុរសរងគ្រោះ ទើបដឹងថា បុរសរងគ្រោះបែកក្បាលស្លាប់ទៅហើយ ក៏បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកកាន់ទីតាំងកើតហេតុភ្លាមៗ ព្រមទាំងបានធ្វើការព័ទ្ធខ្សែប្រតិបត្តិការ ដើម្បីធ្វើកោសល្យវិច្ឆ័យលើសពជនរងគ្រោះផងដែរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការទាក់ទងរកក្រុមគ្រួសារសព ដើម្បីមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ព្រមទាំងធ្វើការស្រាវជ្រាវដើម្បីស្វែងរកម៉ូតូនិងជនបង្កនោះ មកអនុវត្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ