ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង២ថ្ងៃជាប់ៗគ្នា បង្កជាជំនន់ទឹកភ្លៀងលិចច្រកទ្វារអន្តរជាតិព្រំ និងផ្ទះពលរដ្ឋនៅព្រំដែនកម្ពុជា-ថៃ

13 ម៉ោង មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន ៖ គេសង្កេតឃើញរយៈពេល២ថ្ងៃជាប់ៗគ្នា គឺចាប់ពីវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ រហូតដល់វេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃដដែល ទើបភ្លៀងផ្អាកធ្លាក់ទៅវិញ…

ខេត្តប៉ៃលិន ៖ គេសង្កេតឃើញរយៈពេល២ថ្ងៃជាប់ៗគ្នា គឺចាប់ពីវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ រហូតដល់វេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃដដែល ទើបភ្លៀងផ្អាកធ្លាក់ទៅវិញ ដែលបង្កជាជំនន់ទឹកភ្លៀងហូរធ្លាក់ចុះពីលើភ្នំ និងហូរមកពីប្រទេសថៃ តាមអូរព្រំដែន បណ្តាលឱ្យបាក់ទំនប់តូចមួយដែលប្រជាពលរដ្ឋថៃលើកទប់អូរនៅទឹកដីរបស់គេ ដើម្បីយកទឹក ស្រោចដំណាំដាំដុះ បណ្តាលឱ្យហូរចូលមកក្នុងខេត្តប៉ៃលិន លិចលង់ផ្ទះប្រជាពល រដ្ឋអស់ជាង១០០ ខ្នង ធ្វើឱ្យអណ្តែតសម្ភារៈផ្ទះបាយ ដូចជា ចាន ឆ្នាំង និងសម្លៀកបំពាក់ផងដែរ ជាពិសេសក៏មានការ អណ្តែតបាត់ម៉ូតូ និងរ៉ឺម៉កដឹកទំនិញមួយចំនួន តែពេលទឹកស្រកអស់ ត្រូវបានគេ រកឃើញប្រគល់ ជូនម្ចាស់ឡើងវិញ។ ចំណែកសត្វគោឈ្មោល និងគោបារបស់ប្រជាពលរដ្ឋ ដែលឃ្វាលនៅក្បែរមាត់អូរ ក៏ត្រូវទឹកកួចយកទៅបណ្តាលឱ្យលង់ទឹកងាប់អស់ចំនួន៤ក្បាលផងដែរ។

រហូតមកដល់រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ ភ្លៀងក៏ ចាប់ផ្តើមធ្លាក់ ចុះបន្តទៀតកាន់តែខ្លាំងឡើងៗដែរ តែមិនបង្កផលប៉ះពាល់អ្វីដល់លំនៅ ឋានប្រជាព លរដ្ឋនោះឡើយ រហូតដល់ធ្វើឱ្យជំនន់ទឹកភ្លៀងបានជន់ជោរឡើងសារថ្មីឡើងវិញ។ តែដោយសារប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នជាស្រេច មិនមានការអណ្តែតសម្ភារៈ ផ្ទះបាយអ្វីទៀត នោះទេ។

ប្រភពព័ត៌មានបានឱ្យដឹងថា ក្រោយពេលភ្លៀងធ្លាក់ខ្លាំងអស់រយៈពេល២ថ្ងៃនេះ ដែលជាហេតុ ធ្វើឲ្យលិចលង់ផ្ទះរបស់ប្រជាពលរដ្ឋជាង១០០ខ្នង ធ្វើឱ្យរសាត់អណ្តែតសម្ភារៈអស់ជាច្រើន ទើបក្រោយមកលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការគ្រោះមហន្តរាយខេត្ត កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារ ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ជូនដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅភូមិផ្សារព្រំ (ចំណុចលូដាច់) ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ៖ ដោយសារតែអស់រយៈពេល២ថ្ងៃនេះ មានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នា បានធ្វើឱ្យជន់លិចលំនៅដ្ឋាន របស់បងប្អូនប្រជាពលរដ្ឋ បណ្តាលឱ្យខូចខាតផលដំណាំ សម្ភារៈប្រើប្រាស់ សត្វចិញ្ចឹម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។ ដូច្នេះ អាជ្ញាធរមូលដ្ឋាន ត្រូវតែសហការជាមួយ អង្គភាពជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ត្រូវតែសិក្សារកទីតាំងរំដោះទឹកចេញ បើសិនជាជំនន់ទឹកភ្លៀងមានស្ថានភាព មិនល្អ បន្តជន់ឡើងនាពេលខាងមុខថែមទៀត ព្រមទាំងធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

នៅក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមអូរព្រំដែន និងផ្នែកខាងក្រោម សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់ៗគ្នា។ បើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុក្ខដាក់ ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជៀសវាងកើតមានជម្ងឺតម្កាត់ផ្សេងៗផងដែរ។

សូមបញ្ជាក់ផងដែរថា ៖ ខេត្តប៉ៃលិន តែងតែទទួលរងនូវការលិចលង់ដោយសារជំនន់ទឹកភ្លៀងសឹងតែរៀងរាល់ឆ្នាំ នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ នៅលើភ្នំប៉ែកខាងលើ ហូរគំហុកមកខាង ក្រោម ហើយបច្ចុប្បន្ន អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត, សាខាកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត កំពុងធ្វើការចុះសួរសុខទុក្ខ និងពិនិត្យមើលផលប៉ះពាល់របស់ប្រជាពលរដ្ឋរងគ្រោះ ដើម្បីធ្វើការជួយសង្គ្រោះឱ្យទាន់ពេលវេលា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ