ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ខ្មែរ​ដែល​សុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ត្រូវ​បាន​សង្គ្រោះ​ដោយ​សមត្ថកិច្ច​ចិន​ហើយ

22 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ទីបំផុត នារី​ខ្មែរ​ម្នាក់ ដែល​សុំ​កិច្ច​អន្តរាគមន៍​ពី​ឯកឧត្តម​បណ្ឌិត ស សុខា ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស…

រាជធានី​ភ្នំពេញ ៖ ទីបំផុត នារី​ខ្មែរ​ម្នាក់ ដែល​សុំ​កិច្ច​អន្តរាគមន៍​ពី​ឯកឧត្តម​បណ្ឌិត ស សុខា ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស ត្រូវ​បាន​កម្លាំង​នគរបាល​ចិនសង្គ្រោះ​ចេញពី​កន្លែង​បង្ខាំង​ដោយ​សុវត្ថិភាព​ហើយ​។

ដំណឹង​ដ៏​គួរ​ឱ្យ​រីករាយ​នេះ ត្រូវ​បាន​នារី​រង​គ្រោះ​ផ្ដល់​ផ្ទាល់​មក​កាន់ លោក ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃ​ទី​១៩ ខែតុលា​ឆ្នាំ​២០២៤​។

បើ​តាម​នារី​រង​គ្រោះ ពេល​នេះ​រូប​នាង​កំពុង​ស្ថិត​ក្រោម​ការ​ថែទាំ និង​បំពេញ​នីតិវិធី ដោយ​កម្លាំង​
នគរបាល​ចិន ដោយ​មានការ​យកចិត្តទុកដាក់​សម្របសម្រួល​ពី​ស្ថាន​ឯកអគ្គរាជទូត​ព្រះរាជាណា​ចក្រ​កម្ពុជា ប្រចាំ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ លោក ទូច សុ​ឃៈ បាន​ចាត់​ទុក​លទ្ធផល​នេះ ថា​ ជា​ផ្លែផ្កា​នៃ​កិច្ច​សហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​ក្រសួងមហាផ្ទៃ​កម្ពុជា ជាមួយ​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន និង​ជា​រួម គឺជា​លទ្ធផល​មួយ​ជ្រុង​ថ្មី​ទៀត នៃ​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន​។

សូម​បញ្ជាក់​ថា នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា​ នេះ បន្ទាប់​ពី​ប្រមូល និង​ទទួល​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ពី​នារី​រង​គ្រោះ លោក​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​ចាត់​នីតិវិធី និង​សម្របសម្រួល​ភ្លាម​ៗ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​ស្ថានទូត​កម្ពុជា​។ ត្រឹមតែ​ជាង​១​ម៉ោង ស្ថានទូត​កម្ពុជា និង​ចិន ក៏​បាន​ទាក់ទង​ទៅ​កាន់​នារី​រង​គ្រោះ រហូត​ឈាន​ទៅ​សង្គ្រោះ​បាន​ដោយ​កម្លាំង​នគរបាល​ចិន​។

ដូច​នារី​រង​គ្រោះ​បាន​បញ្ជាក់ និង​បើ​តាម​ព័ត៌មាន​បន្ថែម​ពី លោក ទូច សុ​ឃៈ ពេល​នេះ​នាង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​សុវត្ថិភាព និង​កក់ក្ដៅ​បំផុត ខណៈ​ភាគី​ចិន​កំពុង​អនុវត្ត​នីតិវិធី ហើយ​ភាគី​កម្ពុជា​ក៏​ត្រៀម​បំពេញបែបបទ​ដើម្បី​នាំ​មក​កាន់​មាតុប្រទេស​វិញ​ក្នុង​ពេល​ខាង​មុខ ​។ យ៉ាងណា​ក៏​ដោយ តាម​រយៈ លោក ទូច សុ​ឃៈ នាង​នៅ​មានការ​ព្រួយបារម្ភ និង​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ប្រទេស​ទាំង​ពីរ​បន្ត​ជួយ​ដល់​មិត្តភក្ដិ​មួយ​ចំនួន​ទៀត​ដែល​ពេល​នេះ​មិន​ទាន់​ដឹង​ព័ត៌មាន​សុខទុក្ខ​របស់​ពួក​គេ​នៅឡើយ​។

ភ្ជាប់​និង​លទ្ធផល​គួរ​ឱ្យ​អបអរសាទរ​នេះ លោ​ក​ ទូច សុ​ឃៈ ក្នុង​នាម​ក្រុម​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​ថ្លែង​កោតសរសើរ និង​អរគុណ​ចំពោះ​បងប្អូន​អ្នក​សារព័ត៌មាន​ដែល​ផ្ដល់​កិច្ចសហការ​បញ្ជូន​ដំណឹង​សុំ​កិច្ច​អន្តរាគមន៍​ពី​ជន​រង​គ្រោះ និង​បាន​ថ្លែងអំណរគុណ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កម្ពុជា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ស្ថាន​ឯកអគ្គរដ្ឋទូត​ចិន និង​កម្លាំង​នគរបាល​នៃ​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន ដែល​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​សង្គ្រោះ​ជន​រង​គ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់​។

ពី​ចំណែក​សាមីខ្លួន​ផ្ទាល់ នារី​រង​គ្រោះ​ក៏​បាន​គោរព​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ដោយ​មាន លោក ស សុខា ជា​សេនាធិការ​ផ្ទាល់​លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ព្រមទាំង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរ​ជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ​ចិន ដែល​បាន​ផ្ដល់​កិច្ច​អន្តរាគមន៍​សង្គ្រោះ​ជន​រង​គ្រោះ​នានា រួម​ទាំង​រូប​នាង​ផ្ទាល់​។ នាង​ក៏​បាន​អំពាវនាវ​សាធារណជន​ប្រុង​ប្រយ័ត្ន​ចំពោះ​បទល្មើស​សាកល​មួយ​នេះ​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ