ខេត្តស្វាយរៀង ៖ នៅរដូវវស្សាមានភ្លៀងធ្លាក់ពេលល្ងាចរាល់ថ្ងៃ ត្រូវប៉ាន់ព្រានអ្នកប្រកបមុខរបរទាក់សត្វស្លាប ដែលមហាជនលើកឡើងថា ស្ទើរតែផុតពូជសត្វស្លាប ដែលជាសត្វកម្រ ដូចជាសត្វទោម សត្វក្អែកទឹក សត្វស្មោញ សត្វក្វែក សត្វក្រសា សត្វថ្លុំ សត្វរំពេ សត្វចាបពូក។ល

ដោយសារតែអ្នកប្រកបមុខរបរទាក់សត្វ វាយលបដាក់មង ចាប់យកមកលក់រាល់ថ្ងៃ បើចាបស្រុកក្នុង១ថ្ងៃមិនតិចជាង១ពាន់ក្បាលទេ ត្រូវព្រានចាប់យកមកហើយបោចរោម បាចស្លាបទាំងរស់
យកមកដាក់លក់គួរឲ្យសង្វេគណាស់។ ហើយនៅវេលាម៉ោង៨ និង០០នាទីព្រឹកថ្ងៃទី១៩ តុលា២០២៤ នេះ មានប្រពន្ធព្រានអ្នកទាក់សត្វស្លាប បានយកសត្វស្លាបមកលក់នៅក្នុងផ្សារក្រមួន ស្ថិតនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង មានចំនួន០៤នាក់ ដាក់លក់សត្វរាប់រយក្បាល រួមមានសត្វស្លាបត្រពាំង សត្វកុកក្រក សត្វទោម សត្វរំពេ សត្វចាបស្រុក ។

ហើយអ្វីគួរឲ្យសង្វេគនោះ សត្វចាបរាប់រយក្បាលត្រូវអ្នកលក់បោចរោម បោចស្លាបទាំងរស់ ចងជើងជាចង្កោមរស់រវើក គួរឲ្យអាណិតសត្វក្រៃពេក។ បើតាមស្ត្រីអ្នកលក់សត្វទាំងនោះបានឲ្យដឹងថា គាត់ជាអ្នកប្រមូលទិញសត្វស្លាបពី អ្នកទាក់សត្វ នៅភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ក្នុង១ថ្ងៃ សត្វចាបស្រុក ចាប់ពី២០០ក្បាល ទៅ៣០០ក្បាល គាត់ទិញចូល ចាប១០ក្បាល១២,០០០រៀល គាត់លក់ចេញ ១០ក្បាល១៥,០០០រៀល។

សត្វកុកក្រក ១ក្បាល៨,០០០រៀល សត្វស្លាបត្រពាំង ១ក្បាល៦,០០០រៀល សត្វលលក ១ក្បាល៥,០០០រៀល។ ស្ត្រីម្នាក់រស់នៅភូមិសាលារៀន សង្កាត់គយត្របែក ក្រុងស្វាយរៀង បានប្រាប់កោះសន្តិភាពថា ប្តីរបស់គាត់ប្រកបមុខរបរដើទាក់សត្វស្លាប ក្នុង១យប់ សត្វចាប អាចរកបានចាប់ពី១០០ក្បាល ទៅ២០០ក្បាល ដោយដាក់មង នៅរដូវវស្សានេះឲ្យតែល្ងាចណាមានភ្លៀង ប្តីគាត់យកមកទៅរាយ នៅជំវិញទួលដែលមានដើមឈើច្រើន ល្ងាចឡើងសត្វចាបសត្វលលក
ហើររកកន្លែងជ្រកនិងដេក គឺជាប់មងរាប់រយក្បាល ហើយដល់ពេលយប់ដើរឆ្លុះ ចាប់វ៉ៃលប មានសត្វកុកក្រក សត្វស្លាបត្រពាំង សត្វច្រាច់ សត្វរំពេ ហើយយប់មិញឆ្លុះបានសត្វទោម១ក្បាលដែរ។

ស្ត្រីរូបនេះបន្តទៀតថា បច្ចុប្បន្ន សត្វស្លាបមួយចំនួនគឺបាត់អស់ឆ្លុះមិនសូវជួបដូចជាសត្វ កុកគ្រោង ក្រសា ថ្លុម ក្វែក មាន់ទឹក ទោម កម្រជួបណាស់។ បើតាមស្ត្រីម្នាក់សុំមិនបញ្ចេញភូមិឃុំបានប្រាប់ឲ្យដឹងដែរថា នៅភូមិរបស់គាត់មានអ្នកប្រកបមុខរបរឆ្លុះសត្វ មានចំនួន០៥នាក់ ក្នុងម្នាក់ៗ មួយយប់អាចដាក់មងចាប់សត្វចាបបានចាប់ពី២០០ក្បាល ទៅ៣០០ក្បាល បើឆ្លុះសត្វកុកក្រក សត្វស្លាបត្រពាំង ក្នុង១យប់បានតែ៥ក្បាលទៅ១០ក្បាលប៉ុណ្ណោះ សត្វទាំងអស់នេះ បច្ចុប្បន្នមិនសូវរកបានទេ ចង់ពាយអស់ហើយ។

នេះគឺសំភាស៍អ្នកលក់សត្វប្រមាណតែ៧ទៅ៨នាក់ គឺរកសត្វចាបសរុបមិនតិចជាង១ពាន់ក្បាលទេ គឺចាប់ពី១ពាន់ក្បាលទៅ២ពាន់ក្បាល ហើយសត្វមួយចំនួនទៀតក៏រាប់រយក្បាលដែរ រឿងអីមិនបាត់បង់សត្វស្លាបកម្រអស់ទាន៕

ចែករំលែកព័តមាននេះ