ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្តមានក្រុមហ៊ុនចិនជួយប្រទេសមួយនៅអាហ្វ្រិក ដំឡើងរថយន្តអគ្គិសនីក្នុងស្រុកលើកដំបូង

5 ម៉ោង មុន

ប្រទេសបុតស្វាណា ៖ ប្រទេសបុតស្វាណា កាលពីពេលថ្មីៗនេះ បានដាក់បង្ហាញរថយន្តអគ្គិសនីដំឡើងក្នុងស្រុកលើកដំបូងរបស់ខ្លួន នៅក្នុងទីក្រុងហ្គាបូរ៉ូនី (Gaborone) ដែលជារដ្ឋធានីបេះដូងរបស់ប្រទេសបុតស្វាណា ដោយមានការគាំទ្រពីក្រុមហ៊ុនផលិតរថយន្តចំនួនពីរមកពីប្រទេសចិន។ ប្រភពពីទីភ្នាក់ងារព័ត៌មានចិន…

ប្រទេសបុតស្វាណា ៖ ប្រទេសបុតស្វាណា កាលពីពេលថ្មីៗនេះ បានដាក់បង្ហាញរថយន្តអគ្គិសនីដំឡើងក្នុងស្រុកលើកដំបូងរបស់ខ្លួន នៅក្នុងទីក្រុងហ្គាបូរ៉ូនី (Gaborone) ដែលជារដ្ឋធានីបេះដូងរបស់ប្រទេសបុតស្វាណា ដោយមានការគាំទ្រពីក្រុមហ៊ុនផលិតរថយន្តចំនួនពីរមកពីប្រទេសចិន។

ប្រភពពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ (Xinhua) បានឱ្យដឹងថា ពិធីដាក់បង្ហាញរថយន្តអគ្គិសនីដំឡើងក្នុងស្រុកលើកដំបូងរបស់ប្រទេសបុតស្វាណា ធ្វើឡើងនៅក្នុងសាលតាំងបង្ហាញរបស់វិទ្យាស្ថានបុតស្វាណា សម្រាប់ការស្រាវជ្រាវ និងនវានុវត្តន៍បច្ចេកវិទ្យា ដែលហៅកាត់ថា BITRI ដោយត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១២ ដែលជាអង្គភាពស្ថិតក្រោមក្រសួងទំនាក់ទំនង ចំណេះដឹង និងបច្ចេកវិទ្យាបុតស្វាណាផ្ទាល់តែម្តង។

លោក សេដដិន ម៉ាស៊ូប (Shedden Masupe) នាយកប្រតិបត្តិ BITRI បានថ្លែងថា ពិធីដាក់បង្ហាញរថយន្តអគ្គិសនី ដែលដំឡើងក្នុងស្រុកលើកដំបូងជាផ្លូវការ គឺជាចំណុចកំពូលនៃភាពជាដៃគូរវាងវិទ្យាស្ថាន និងក្រុមហ៊ុនរបស់ប្រទេសចិន។ លោកបញ្ជាក់ថា ក្រុមហ៊ុន Skywell ដែលជាក្រុមហ៊ុនផលិតរថយន្តចិនបានចាប់ដៃគូជាមួយ BITRI ក្នុងការដំឡើងរថយន្ត SUV នៅក្នុងប្រទេសអាហ្វ្រិកភាគខាងត្បូងមួយនេះ ខណៈដែលក្រុមហ៊ុនមួយទៀត ដែលមានឈ្មោះថា CHTC Kinwin កំពុងជួយប្រទេសបុតស្វាណាក្នុងការផលិតរថយន្តក្រុងអគ្គិសនី។

ក្រោយបានត្រួតពិនិត្យរថយន្តអគ្គិសនីរួចរាល់ លោក ម៉ូកឃ្វីតស៊ី ម៉ាស៊ីស៊ី (Mokgweetsi Masisi) ប្រធានាធិបតីវប្រទេសបុតស្វាណាបានសរសើរវិទ្យាស្ថាន BITRI សម្រាប់ការជ្រើសរើសដៃគូត្រឹមត្រូវ ដោយលោកថ្លែងថា «គំនិតផ្តួចផ្តើមនេះ នឹងដំណើរការទៅឆ្ងាយក្នុងការគាំទ្រ និងលើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវិញ នៅក្នុងឧស្សាហកម្មរថយន្តរបស់ប្រទេសបុតស្វាណា។

នេះគឺជាឧទាហរណ៍មួយនៅក្នុងចំណោមឧទាហរណ៍នៃការប្តេជ្ញាចិត្តរបស់យើងចំពោះការដឹកជញ្ជូនតាមរយៈការការប្រើប្រាស់ចរន្តអគ្គិសនី E-Mobility ។ យើងចង់ដើរតួនៅក្នុងរឿងនេះ មិនត្រឹមតែសម្រាប់សេដ្ឋកិច្ច និងបរិស្ថានរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីបង្កើនទិដ្ឋភាពទាំងនោះនៃសេដ្ឋកិច្ចចំណេះដឹងរបស់យើង ដែលបង្កើនប្រសិទ្ធភាពនៃអំណោយទានធម្មជាតិដែលយើងមាន»។

ប្រទេសបុតស្វាណា គ្រោងនឹងមានរថយន្តអគ្គិសនីចំនួន៥០គ្រឿងរត់លើដងផ្លូវ នៅក្នុងពេលឆាប់ៗខាងមុខនេះ ដោយបានដំឡើង និងសាកល្បងរថយន្តក្រុង និងរថយន្ត SUV ចំនួន៣គ្រឿងដោយជោគជ័យ និងបានបណ្តុះបណ្តាលអ្នកជំនាញជនជាតិបុតស្វាណាចំនួន ១៥០នាក់ក្នុងការដំឡើងរថយន្ត៕ ប្រភព ៖ Xinhua និង Africa View Facts

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ