ទីក្រុងស្តក់ហូម៖ នារីជនជាតិកូរ៉េខាងត្បូងម្នាក់ជាកវីកំណាព្យ និងជាអ្នកនិពន្ធប្រលោមលោកបានឈ្នះពានរង្វាន់ណូបែលខាងអក្សរសាស្ត្រនៅទីក្រុងស្តក់ហូម ប្រទេសស៊ុយអែតនៅថ្ងៃព្រហស្បតិ៍។ ស្នាដៃឆ្នើមរបស់នារីរូបនេះពាក់ព័ន្ធនឹងកំណាព្យ១ឈុតដែលគណៈកម្មការណូបែលចាត់ទុកថាជាស្នាដៃឆ្លុះបញ្ចាំងអំពីប្រវត្តិជូរចត់ និងឆាកជីវិតដ៏ផុយស្រួយរបស់មនុស្ស។
នារីដ៏លេចធ្លោដែលកំពុងកសាងភាពល្បីល្បាញជាអន្តរជាតិម្នាក់នេះឈ្មោះហានកាង (Han Kang)។ កាលពីពេលកន្លងមក អ្នកស្រីក៏ធ្លាប់ឈ្នះពានរង្វាន់ជាច្រើននៅកូរ៉េខាងត្បូង និងទ្វីបអឺរ៉ុបផងដែរ។ ប៉ុន្តែដែលឆ្នើមជាងគេគឺរង្វាន់ណូបែលនេះហើយដែលជាជ័យលាភីលំដាប់ពិភពលោក អមដោយប្រាក់រង្វាន់ជាង១លានដុល្លារ។ ហានកាងជាស្ត្រីទី១នៅទ្វីបអាស៊ី ហើយក៏ជាអ្នកនិពន្ធកូរ៉េខាងត្បូងដំបូងគេបំផុតដែលឈ្នះរង្វាន់ណូបែលអក្សរសាស្ត្រ។
ស្ត្រីរូបនេះទទួលបានពានរង្វាន់ឆ្នើមចំពោះស្នាដៃនិពន្ធសៀវភៅដែលមានលក្ខណៈពិសេសៗដូចជា The Vegetarian ដែលអាចបកប្រែថាអ្នកញ៉ាំអាហារបួស និងសៀវភៅក្រោមចំណងជើងថា Human Acts ដែលអាចបកប្រែថាទង្វើរបស់មនុស្ស។ ទាំងនេះនិយាយអំពីការសិក្សាស្រាវជ្រាវលម្អិតទៅលើឆាកជីវិតមនុស្ស និងជីវិតជូរចត់នៃប្រវត្តិសាស្ត្ររបស់ប្រទេសកូរ៉េ។
សមាជិកគណៈកម្មការណូបែលថ្លែងថាទឹកដៃនិពន្ធរបស់កវីហានកាងរៀបរាប់អំពីភាពរន្ធត់ ឈឺចាប់ និងបរាជ័យនៅក្នុងជីវិតជាលក្ខណៈបុគ្គលផង និងសង្គមផង អមដោយការទទួលបាននូវទឹកចិត្តមេត្តា-ករុណា និងការយកចិត្តទុកដាក់ពីអ្នកដទៃ។ នេះជាចំណុចដែលគួរឱ្យកត់សម្គាល់។ ប្រធានគណៈកម្មការណូបែល លោកអាន់ដឺ អូលសុន (Anders Olsson) កោតសរសើរទឹកដៃនិពន្ធរបស់កវីហានកាងដែលបង្កប់ទឹកចិត្តគិតគូរចំពោះអ្នករស់នៅក្នុងជីវិតតោកយ៉ាក ជាពិសេសចំពោះស្ត្រី។
ហានកាងជាជនជាតិកូរ៉េខាងត្បូងទី២ដែលបានឈ្នះពានរង្វាន់ណូបែល។ គ្រាន់តែថាម្នាក់ទៀតឈ្នះរង្វាន់លើវិស័យផ្សេង។ ចំណែកហានកាងឈ្នះផ្នែកអក្សរសាស្ត្រ។ ប្រតិកម្មចំពោះការទទួលរង្វាន់នេះ ហានកាងប្រាប់ថាអ្នកស្រីទើបតែញ៉ាំអាហារពេលល្ងាចជាមួយកូនប្រុសនៅគេហដ្ឋានប្រចាំទីក្រុងសេអ៊ូល ស្រាប់តែមានគេទូរស័ព្ទប្រាប់ថាអ្នកស្រីឈ្នះរង្វាន់ណូបែល។
ហានកាងប្រាប់ថាអ្នកស្រីមានមោទកភាពផង និងភ្ញាក់ផ្អើលផងនៅពេលទទួលដំណឹងនេះ។ អ្នកស្រីធំដឹងក្ដីឡើងនៅក្នុងមជ្ឈដ្ឋានអ្នកអក្សរសាស្ត្រ។ ឪពុក និងបងប្រុសជាអ្នកនិពន្ធប្រលោមលោក។ អ្នកស្រីសង្ឃឹមថាដំណឹងនេះនឹងក្លាយជារឿងល្អសម្រាប់ប្រិយមិត្តអ្នកនិយមចូលចិត្តអានស្នាដៃអក្សរសិល្ប៍របស់កូរ៉េខាងត្បូង និងមិត្តភក្តិរបស់អ្នកស្រីដែលជាមិត្តរួមអាជីពជាអ្នកនិពន្ធដូចគ្នា៕
ចែករំលែកព័តមាននេះ