ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​លិច​ភាគ​ខាង​ក្បូ​ង និង​ខាងលិច រាជធានី​ភ្នំពេញ

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធ​ខណ្ឌ ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​លិច…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធ​ខណ្ឌ ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​លិច និង​ការ​ស្ថាបនា​ជញ្ជាំង​ប្រឡាយ​បេតុង នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ចំនួន​៤ រូ​ម​មាន​ខណ្ឌ​ពោធិ​សែន​ជ័យ ខណ្ឌ​សែន​សុខ ខណ្ឌមានជ័យ និង​ខណ្ឌដង្កោ ដើម្បី​ដោះស្រាយ​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង ជូន​ប្រជាពលរដ្ឋ​ភ្លាម​ៗ តែ​ម្តង បន្ទាប់​ពី​វិល​ត្រឡប់​ពី​បំពេញ​បេស​កម្ម​ពី​ប្រទេស​បារាំង​មុន​ពេល​កំណត់ ។

ក្នុង​ឱកាស​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​លិច និង​ការ​ស្ថាបនា​ជញ្ជាំង​ប្រឡាយ​បេតុង នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ចំនួន​៤​នេះ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៤​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ក្នុង​នាម​ជា​អាណាព្យាបាល​ប្រជាពលរដ្ឋ តែងតែ​គិតគូរ​អំពី​សុខទុក្ខ​របស់​ពួក​គាត់​។ នា​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ ខណៈ​លោក​ដឹកនាំ​ប្រតិភូ​ទៅ​បំពេញ​បេស​កម្ម​នៅ​ប្រទេស​បារាំង ឯ​នៅ​ភ្នំពេញ មាន​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​ធ្វើ​ឱ្យ​តំបន់​មួយ​ចំនួន ទទួល​រង​ការ​លិចលង់ ។

លោក​បន្ត​ថា បើ​ទោះបី លោក​នៅ​ប្រទេស​បារាំង​ក៏​ពិតមែន ប៉ុន្តែ​ទឹកចិត្ត​ក៏​ដូច​ជា​អារម្មណ៍​នៅ​ជាមួយនឹង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ជា​និច្ច ពោល​គឺ ក្រោយ​ពេល​មក​ដល់​រាជធានី​ភ្នំពេញ​ភ្លាម លោក​អភិបាល​រាជធានី បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ទឹក​លិច នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ទាំង​៤ តែ​ម្តង ដើម្បី​ធ្វើ​យ៉ាងណា​ដោះស្រាយ​ទឹក​លិច​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ឱ្យ​បាន ។

គោលដៅ​ទី​១ លោក ឃួ​ង ស្រេង បាន​ចុះ​ទៅ​ពិនិត្យ​នៅ​តំបន់​ផ្សារ​ត្រពាំង​ថ្លឹង ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ​ហើយ ក្នុង​ឱកាស​នោះ ឯកឧត្ដម​អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ក៏​ដូច​ជា​មន្ទីរ​ពាក់ព័ន្ធ​បន្ត​ការ​បូមទឹក​ចេញពី​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ ។ បន្ត​មក​ទៀត​ឯកឧត្ដម​បាន​ចុះ​មើល​ស្ថានីយ៍​បូម​ទឹកលូ​៥ ក៏​ដូច​ជា​ប្រឡាយ​ទឹក​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ចំនួន​៤ ដូច​ជា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​សែន​សុខ ខណ្ឌមានជ័យ និង​ខណ្ឌដង្កោ សំដៅ​ធ្វើ​យ៉ាងណា​រក​គ្រប់​មធ្យោបាយ​ដើម្បី​រំដោះ​ទឹក​ចេញ ។

លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ទៀត​ថា តំបន់​ផ្សារ​ត្រពាំង​ថ្លឹង ដែល​តែងតែ​ទទួល​រង​នូវ​ការ​លិច​រហូត​មក ឱ្យ​តែ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តង​ៗ នោះ​គឺ​ដោយសារ​តែ​តំបន់​នេះ ធ្វើការ​អភិវឌ្ឍ​មុនគេ ហើយ​នៅ​ពេល​តំបន់​ផ្សេង​គេ​អភិវឌ្ឍន៍​ក្រោយ​ចាក់​ដី​ខ្ពស់​ជាង ធ្វើ​ឱ្យ​តំបន់​នេះ ទទួល​រង​នូវ​ការ​លិច​ដោយ​ជំនន់​ទឹកភ្លៀង​តែ​ម្តង​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្នុង​នាម​ជា​អាណាព្យាបាល​របស់​ប្រជាពលរដ្ឋ មិន​បាន​ព្រងើយ​ក​នោះ​ទេ គឺ​តែងតែ​ដោះស្រាយ​បញ្ហា​ទាំងនេះ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ជា​និច្ច ។

លោក​បាន​បន្ថែម​ថា ជា​ដំណោះស្រាយ ដើម្បី​ឱ្យ​តំបន់​ត្រពាំង​ថ្លឹង​នេះ បាន​ប្រសើរ​ឡើង​វិញ អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​កសាង​ស្ថានីយ៍​បូមទឹក​ចំនួន​ពីរ​ទៀត ដោយ​ស្ថានីយ៍​បូមទឹក​ទី​១ គ្រោង​ស្ថាបនា​ឡើង​នៅ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ​សែន​ជ័យ និង​១​កន្លែង​ទៀត​លើ​ប្រឡាយ​ម័​រ (​បឹង​តា​ម៉ាត​) ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ ជាមួយនឹង​ការ​ស្តារ​ប្រឡាយ​ផង​ដែរ ។

លោក ឃួ​ង ស្រេង ក៏​បាន​បញ្ជាក់​ទៀត​ថា សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ មិនមែន​ទើបតែ​គិតគូរ​ពេល​នេះ​ទេ គឺ​បាន​គិតគូរ​យូរហើយ ជុំវិញ​ការ​រំដោះ​ទឹក​ចេញពី​តំបន់​ទាំងនេះ​។ ប៉ុន្តែ​ដោយសារ​ស្ថានីយ៍​បូមទឹក​បឹង​ទំពុន​មិន​ទាន់​ពង្រីក ដាក់​បន្ថែម​ម៉ូ​ទ័​រ​រួចរាល់​។ តែ​ពេល​នេះ​ស្ថានីយ៍​បូមទឹក​បឹង​ទំពុន​អាច​ទទួលយក​ទឹក​រំដោះ​ពី​ត្រពាំង​ថ្លឹង​នេះ​បាន​ហើយ ទើប​យើង​មាន​គម្រោង​កសាង​ស្ថានីយ៍​បូមទឹក ពីរ​ខាងលើ​នេះ​ឡើង ដែល​វា​នឹង​អាច​បូមទឹក ចេញពី​តំបន់​នេះ​បាន​ប្រសើរ​ឡើង ។

លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ទៀត​ថា សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ ឱ្យ​តែ​មាន​ភ្លៀង​ធ្លាក់​ធំ​ៗ​ម្ដង គឺ​គ្រប់​បណ្ដា​ស្ថា​នី​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ តែង​ធ្វើ​សកម្មភាព​បូមទឹក​ភ្លាម​ៗ ជាមួយនឹង​ការ​ដាក់​ម៉ាស៊ីនបូមទឹក​បន្ថែម​ទៀត​ផង​ដែរ ដើម្បី​រំដោះ​ឱ្យ​បាន​នូវ​ការ​លិច​លំនៅ​ដ្ឋា​ន​របស់​បងប្អូន​ប្រជាពលរដ្ឋ​។ អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​ដែល​ព្រងើយកន្តើយ​ឡើយ ចំពោះ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ ។

បើ​តាម​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ឱ្យ​ដឹងផង​ដែរ​ថា លោក ឃួ​ង ស្រេង ក្នុង​បេស​កម្ម​នៅ​ប្រទេស​បារាំង​មិន​ទាន់​បញ្ចប់​នូវឡើយ​ទេ​។ តែ​នៅ​ពេល​ដែល​ទទួល​បាន​ព័ត៌មាន​ថា នៅ​រាជធានី​ភ្នំពេញ មាន​តំបន់​មួយ​ចំនួន​ទទួល​រង​ការ​លិច​ដោយ​ជំនន់​ទឹកភ្លៀង លោក​ក៏​ប្រ​ញ៉ាប់​ចាក​ចេញពី​ប្រទេស​បារាំង មក​កាន់​រាជធានី​ភ្នំពេញ​វិញ​ភ្លាម ទាំង​បេស​កម្ម​របស់​លោក​មិន​ទាន់​ត្រូវ​បាន​បញ្ចប់​នូវឡើយ​ទេ ដើម្បី​មក​ដោះស្រាយ​ការ​លិច​ដោយ​ជំនន់​ទឹកភ្លៀង​ជូន​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ