ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនប្តីប្រពន្ធអ្នកគាំទ្រស្មោះស្ម័គ្រក្លិប Valencia ដែលទៅក្រេបទឹកឃ្មុំនៅសិង្ហបុរី

6 ម៉ោង មុន

ប្រទេសសិង្ហបុរី ៖ ប្តីប្រពន្ធជនជាតិអេស្ប៉ាញ១គូ ត្រូវបាន​ឃាត់ខ្លួន និងកំពុងស្ថិតក្រោមការស៊ើបអង្កេតដោយអាជ្ញាធរសិង្ហបុរី បន្ទាប់ពីអ្នកទាំងពីរបានធ្វើការតវ៉ាជាសាធារណៈប្រឆាំងនឹងលោក Peter Lim ម្ចាស់ក្លិបបាល់ទាត់ Valencia…

ប្រទេសសិង្ហបុរី ៖ ប្តីប្រពន្ធជនជាតិអេស្ប៉ាញ១គូ ត្រូវបាន​ឃាត់ខ្លួន និងកំពុងស្ថិតក្រោមការស៊ើបអង្កេតដោយអាជ្ញាធរសិង្ហបុរី បន្ទាប់ពីអ្នកទាំងពីរបានធ្វើការតវ៉ាជាសាធារណៈប្រឆាំងនឹងលោក Peter Lim ម្ចាស់ក្លិបបាល់ទាត់ Valencia នៅលីគកំពូលអេស្ប៉ាញ La Liga ដែលជាមហាសេដ្ឋីជនជាតិសិង្ហបុរី។

ប្រភពពីសារព័ត៌មាន CNA និង AFP កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Dani Cuesta និងប្រពន្ធឈ្មោះ Mireia Saez ដែលជាអ្នកគាំទ្រស្មោះស្ម័គ្ររបស់ក្លិប Valencia ត្រូវបានរាយការណ៍ថា ស្ថិតក្នុងប្រទេសសិង្ហបុរី សម្រាប់ការក្រេបទឹកឃ្មុំនៅទីនោះ ប៉ុន្តែអ្នកទាំងពីរត្រូវបានឃាត់ខ្លួននៅឯអាកាសយានដ្ឋានសិង្ហបុរី កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅពេលព្យាយាមឡើងយន្តហោះបន្តដំណើរទៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការបញ្ជាក់ពីលោកស្រី Maria Jose Catala អភិបាលក្រុងវ៉ាឡេនសៀ បានប្រាប់វិទ្យុអេស្ប៉ាញ Onda Cero កាលពីថ្ងៃអង្គារ។ ស្របពេលលោកស្រីបានទាក់ទងទៅកាន់ឯកអគ្គរដ្ឋទូតអេស្ប៉ាញប្រចាំសិង្ហបុរី ដែលបានប្រាប់ថា ប្តីប្រពន្ធ១គូនេះ មិនត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋណាមួយឡើយ។

ដើមចមនៃការឃាត់ខ្លួន កើតឡើងបន្ទាប់ពីលោក Dani Cuesta បានបង្ហោះរូបរបស់ខ្លួននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមពីទីតាំងជាច្រើនក្នុងប្រទេសសិង្ហបុរី ដោយកាន់បដាពណ៌លឿង និងអក្សរពណ៌ខ្មៅ ដែលបានសរសេរថា «Lim Go Home» ឬ «Lim ត្រឡប់ទៅផ្ទះវិញទៅ» រួមទាំងបានថតនៅក្រៅអគារប្រណិតមួយ ដែលមហាសេដ្ឋីជំនួញ Peter Lim រស់នៅផងដែរ។

អ្នកនាំពាក្យប៉ូលិសសិង្ហបុរីបានបញ្ជាក់កាលពីថ្ងៃពុធថា ពាក្យបណ្តឹងមួយត្រូវបានដាក់ប្រឆាំងនឹងបុរសជនជាតិអេស្ប៉ាញអាយុ៣៤ឆ្នាំ និងស្ត្រីជនជាតិអេស្ប៉ាញអាយុ ៣០ឆ្នាំហើយលិខិតឆ្លងដែនពួកគេត្រូវបានដកហូត។ ពួកគេកំពុងសហការក្នុងការស៊ើបអង្កេតរបស់អាជ្ញាធរ ចំពោះបទល្មើសដែលបានចោទពីសកម្មភាពតវ៉ានៅទីសាធារណៈ។ ដ្បិតប្រទេសសិង្ហបុរីមានច្បាប់ដ៏តឹងរ៉ឹង ដែលកំណត់លើការនិយាយរិះគន់ និងការជួបប្រជុំគ្នាជាសាធារណៈ រួមទាំងការតវ៉ាដោយបុគ្គលផងដែរ។ រដ្ឋាភិបាលសិង្ហបុរីអះអាងថា ច្បាប់នេះចាំបាច់ដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម និងសុខដុមរមនា បើទោះបីជាមានការមិនពេញចិត្តពីក្រុមសិទ្ធិមនុស្សយ៉ាងណាក៏ដោយ។

ក្លិប Valencia បានចេញសេចក្តីថ្លែងការណ៍មួយថា ក្លិបសង្ឃឹមសម្រាប់ដំណោះស្រាយល្អ និងលឿនបំផុត ចំពោះស្ថានភាពអ្នកគាំទ្រទាំងពីររបស់ខ្លួន។ ក្លិប រួមទាំងក្របខណ្ឌ LaLiga កំពុងទាក់ទងជាមួយស្ថានទូតអេស្ប៉ាញប្រចាំប្រទេសសិង្ហបុរី ដែលបានធានាយើងថា អ្នកគាំទ្រទាំងពីរកំពុងត្រូវបានណែនាំ ក៏ដូចជាសហការគ្រប់យ៉ាងដែលចាំបាច់ជាមួយនឹងអាជ្ញាធរសិង្ហបុរី។

លោក Peter Lim

គួរបញ្ជាក់ជូនថា លោក Peter Lim បានទិញភាគហ៊ុនរហូតដល់ ៧០.៤% របស់ក្លិប Valencia នៅក្នុងឆ្នាំ ២០១៤ ដោយក្លាយជាម្ចាស់ក្លិបមិនមែនជនជាតិអេស្ប៉ាញដំបូងរបស់ក្លិបមួយនេះ។ ទោះយ៉ាងណាក៏ដោយ នៅក្នុងរយៈពេល១០ឆ្នាំភាពជាម្ចាស់របស់មហាសេដ្ឋីសិង្ហបុរីវ័យ៧១ឆ្នាំរូបនេះ ទ្រព្យសម្បត្តិរបស់ក្លិបបានធ្លាក់ចុះយ៉ាងខ្លាំង ហើយអ្នកគាំទ្រជាច្រើនផ្ទុះការតវ៉ាប្រឆាំងនឹងរូបលោកតែម្តង។ ហើយបដា «Lim Go Home» តែងតែត្រូវបានឃើញក្នុងការប្រកួតរបស់ Valencia។

លោក Peter Lim ស្ថិតនៅចំណាត់ថ្នាក់ទី ២៣ នៅក្នុងបញ្ជីរបស់ទស្សនាវដ្តីពាណិជ្ជកម្មសហរដ្ឋ​អាមេ​រិក Forbes សម្រាប់បុគ្គលមានទ្រព្យច្រើនបំផុតទាំង៥០រូបរបស់សិង្ហបុរី ដោយលោកមានទ្រព្យសម្បត្តិប្រមាណ ១.៩ពាន់លានដុល្លារអាមេរិក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ