ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​ដ៏​ល្បី​នៅ​ព័រ​ទុ​យ​ហ្គា​ល់ បដិសេធ​ទទួល​ការ​ចុះ​ឈ្មោះ​កូន​ៗ​របស់ Ronaldo

16 ម៉ោង មុន

ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ កាលពី​ពេល​ថ្មី​ៗ​នេះ បាន​រាយការណ៍​ថា កីឡាករ Cristiano Ronaldo កំពុង​ប្រឈម​មុខ​រឿង​ដ៏​ពិបាក​មួយ ដោយ​បាន​ព្យាយាម​ចុះ​ឈ្មោះ​ចូល​រៀន​សម្រាប់​កូន​ៗ​របស់​ខ្លួន​នៅ​សាលារៀន…

ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ កាលពី​ពេល​ថ្មី​ៗ​នេះ បាន​រាយការណ៍​ថា កីឡាករ Cristiano Ronaldo កំពុង​ប្រឈម​មុខ​រឿង​ដ៏​ពិបាក​មួយ ដោយ​បាន​ព្យាយាម​ចុះ​ឈ្មោះ​ចូល​រៀន​សម្រាប់​កូន​ៗ​របស់​ខ្លួន​នៅ​សាលារៀន St. Julian ដ៏​ល្បី​បំផុត​នៅ​ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​ពី​ខាង​សា​សា​។

បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន AS បានឱ្យ​ដឹង​ថា កំពូល​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo គ្រោង​នឹង​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ជាមួយ​នាង Georgina Rodriguez ដែល​ជា​មិត្ត​ស្រី ចំ​ពេល​ផ្ទះ​វីឡា​ដ៏​ធំ​របស់​ពួក​គេ​ស្ថិត​នៅ​ក្នុង​ទីក្រុង Cascais ជិត​ទីក្រុង Lisbon កំពុង​ត្រូវ​បាន​សាងសង់​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ផែនការ​រស់នៅ​ទីនោះ​កំពុង​ប្រឈម​នឹង​បញ្ហា នៅ​ពេល​ដែល​គូស្នេហ៍​១​គូ​នេះ ព្យាយាម​ស្វែងរក​សាលារៀន​សម្រាប់​កូន​ទាំង​៥​នាក់​របស់​ពួក​គេ​។

ប្រភព​ដដែល​បន្ត​ថា Ronaldo និង​មិត្ត​ស្រី​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ទៅ​សាលា St. Julian ដែល​ជា​សាលា​ឯកជន​របស់​ចក្រភព​អង់គ្លេស ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​សាលា​ដ៏​ល្អ និង​ល្បីល្បាញ​បំផុត​នៅ​ក្នុង​ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់​។ សាលារៀន​នេះ គឺជា​កន្លែង​ផ្តល់​ចំណេះដឹង​សម្រាប់​ក្មេង​ៗ​មក​ពី​គ្រួសារ​អ្នកមាន​ទ្រព្យ និង​មាន​អំណាច​បំផុត​ក្នុង​តំបន់ ដែល​បាន​ចុះ​ឈ្មោះ​ចូល​រៀន​ចាប់ពី​អាយុ ៣ ទៅ​ដល់ ១៨​ឆ្នាំ​។ នៅ​ទីនោះ Ronaldo និង​មិត្ត​ស្រី​ត្រូវ​បាន​រាយការណ៍​ថា​បាន​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការ​ចុះ​ឈ្មោះ​ចូល​រៀន​សម្រាប់​កូន​ៗ​ពួក​គេ ប៉ុន្តែ​ត្រូវ​បាន​ខាង​សាលា​បដិសេធ​។

ប្រភព​ពី V+Fama បានឱ្យ​ដឹង​ថា ឯកជន​ភាព គឺជា​ហេតុផល​ធំ​បំផុត​ដែល​សាលារៀន St. Julian មិន​ចង់ឱ្យ​កូន​របស់ Ronaldo ក្រេបជញ្ជក់​ចំណេះដឹង​នៅ​ទី​នេះ ដោយសារ​ពួក​គេ​ចង់​ការពារ​កូនសិស្ស​ដទៃ​ទៀត​ពី​សំណាក់​ក្រុម​អ្នក​សារព័ត៌មាន ហើយ​សាលា​មិន​ចង់​ក្លាយជា​ប្រភព​នៃ​ប្រធានបទ​ព័ត៌មាន​ឥត​ឈប់​ឈរ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា Cristiano Ronaldo និង​មិត្ត​ស្រី រួម​ជាមួយ​កូន​៥​នាក់​របស់​គេ​កំពុង​រស់នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​កីឡាករ​វ័យ​៣៩​ឆ្នាំ​រូប​នេះ កំពុង​ប្រកប​អាជីព​ជាមួយ​ក្លិប Al Nassr នៅ​លី​គ​កំពូល​អា​រ៉ា​ប៊ី​សា​អូឌីត តាំងពី​ដើមឆ្នាំ ២០២៣​។ កិច្ចសន្យា​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ ជាមួយ​ក្លិប​បច្ចុប្បន្ន​នឹង​អស់​សុពលភាព​នៅ​រដូវក្តៅ​ឆ្នាំ ២០២៥​។ ហើយ​នៅ​ទីនោះ កីឡាករ​ម្ចាស់​ពានរង្វាន់ Ballon d’Or ៥​សម័យកាល​រូប​នេះ ទទួល​បាន​ថ្លៃ​ពលកម្ម ២០០​លាន​អឺ​រ៉ូ​ក្នុង​១​ឆ្នាំ ដែល​ធ្វើ​ឱ្យ​រូបគេ​ក្លាយជា​កីឡាករ​បាល់ទាត់​មាន​ថ្លៃ​ពលកម្ម​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​។

ក្រៅពី​ផ្ទះ​វិឡា​នៅ​ទីក្រុង Cascais ដែល​កំពុង​សាងសង់​នោះ Ronaldo ក៏​មានផ្ទះ​វីឡា​នៅ​ទីក្រុង Lisbon និង​នៅ​ទីក្រុង Funchal ដែល​ជាទី​កន្លែង​កំណើត​របស់​ខ្លួន​ផង​ដែរ​។ លើស​ពី​នេះ​ទៀត គេ​ក៏​មានផ្ទះ​វីឡា​នៅ​ទីក្រុង Madrid ប្រទេស​អេ​ស្ប៉ា​ញ​ផង​ដែរ ដែល​ជា​កន្លែង​រូបគេ​រស់នៅ​៩​ឆ្នាំ អំឡុង​ពេល​ប្រកប​អាជីព​ជាមួយនឹង​ក្លិប​ស្តេច​ស Real Madrid៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ