អន្តរជាតិ ៖ អ្នកគាំទ្របាល់ទាត់មួយចំនួនធំនៅជុំវិញពិភពលោក បានរិះគន់ទម្រង់ប្រកួតថ្មីរបស់ក្របខណ្ឌ UEFA Champions League ដោយលើកហេតុផលថា បង្អាក់ក្រុមទាំងអស់ពីលេងឱ្យអស់ពីសមត្ថភាព និងបានបំផ្លាញអារម្មណ៍រំភើបរបស់អ្នកទស្សនាពីការប្រកួតក្នុងវគ្គចែកពូល។…
អន្តរជាតិ ៖ អ្នកគាំទ្របាល់ទាត់មួយចំនួនធំនៅជុំវិញពិភពលោក បានរិះគន់ទម្រង់ប្រកួតថ្មីរបស់ក្របខណ្ឌ UEFA Champions League ដោយលើកហេតុផលថា បង្អាក់ក្រុមទាំងអស់ពីលេងឱ្យអស់ពីសមត្ថភាព និងបានបំផ្លាញអារម្មណ៍រំភើបរបស់អ្នកទស្សនាពីការប្រកួតក្នុងវគ្គចែកពូល។
អ្នកគាំទ្រម្នាក់បានសរសេរនៅលើបណ្តាញសង្គម X បន្ទាប់ពីទស្សនាការប្រកួតបើកឆាក Champions League រដូវកាលនេះ ក្រោមទម្រង់ប្រកួតជាលីគតែមួយ ដែលជំនួសឱ្យការប្រកួតវគ្គចែកពូល កាលពីសប្តាហ៍មុនថា «មើលក្រុមខ្លាំងបំផុតទាំង២នៅអង់គ្លេសលេង២ថ្ងៃមុន ធ្វើឱ្យខ្ញុំធុញទ្រាន់រហូតដល់ស្លាប់។ នោះហើយជា Champions League ថ្មីសម្រាប់អ្នក»។
អ្នកគាំទ្រម្នាក់ទៀតបានអះអាងថា ទម្រង់ថ្មីពិតជាបំផ្លាញភាពសប្បាយរីករាយរបស់ខ្លួន ដោយសារតែក្រុមទាំងអស់លេងមិនអស់ពីសមត្ថភាពពួកគេ ព្រោះពួកគេដឹងថាមានការប្រកួតជាច្រើនទៀតដែលត្រូវលេងបន្ត។ អ្នកគាំទ្រម្នាក់ទៀតបានលើកឡើងបែបចំអកថា ទម្រង់ថ្មីរបស់ UEFA នឹងធ្វើឱ្យការប្រកួត Champions League កាន់តែទាក់ទាញបំផុត។ ស្របពេលដែលអ្នកគាំទ្រម្នាក់ផ្សេងទៀត បានសរសេរនៅលើ X ថា «វាល្អណាស់ដែលឃើញទម្រង់លេង Champions League ថ្មី គឺអាក្រក់ដូចអ្វីដែលយើងបានរំពឹងទុក»។
ចាប់ពីរដូវកាល ២០២៤-២០២៥ តទៅ ការប្រកួតក្របខណ្ឌ Champions League នឹងត្រូវលេងក្នុងទម្រង់ថ្មី ហើយជាមួយនឹងទម្រង់ប្រកួតថ្មី ដែលត្រូវបានប្រកាសដោយ UEFA កាលពីពេលកន្លងមក។ ការប្រកួតបានបន្ថែមចំនួនក្រុមពី ៣២ ដល់ ៣៦ក្រុម ហើយនឹងលែងមានការប្រកួតវគ្គចែកពូលតទៅទៀតហើយ។ ដោយក្រុមទាំង ៣៦ នឹងប្រកួតប្រជែងតាមទម្រង់ជាលីគតែមួយ (League Phase) ដណ្តើមពិន្ទុ និងចំណាត់ថ្នាក់ ដើម្បីស្វែងរកក្រុមបន្តឡើងទៅវគ្គ១៦ក្រុមចុងក្រោយ និងបន្តរហូតដល់វគ្គផ្តាច់ព្រ័ត្រតែម្តង ហើយចាប់ពីវគ្គ១៦ក្រុមចុងក្រោយ នឹងធ្វើការប្រកួតជាធម្មតា។
សម្រាប់ក្រុមរក្សាតំណែងកំពូលពីចំណាត់ថ្នាក់លេខ១ ដល់លេខ៨ នឹងទទួលបានកៅអីវគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ។ ក្រុមនៅចំណាត់ថ្នាក់លេខ៩ ដល់ លេខ២៤ នឹងត្រូវលេង Play-Off ដែលមានពីរជើង ដើម្បីឡើងទៅបំពេញវគ្គ១៦ក្រុមចុងក្រោយ។ ចំណែកក្រុមនៅចំណាត់ថ្នាក់ពីលេខ២៥ ដល់លេខ៣៦ ធ្លាក់ចេញពីការប្រកួត និងគ្មានការធ្លាក់ទៅលេងនៅពានរង្វាន់ UEFA Europa League ដូចមុនឡើយ។ ជាមួយគ្នាផងដែរ ទម្រង់ថ្មីនេះ ក៏ត្រូវប្រើប្រាស់សម្រាប់ការប្រកួតពានរង្វាន់ UEFA Europa League និង UEFA Conference League ផងដែរ ចាប់ពីរដូវកាលនេះតទៅ។
ក្រៅពីអ្នកគាំទ្រ បុគ្គលល្បីៗក្នុងវិស័យបាល់ទាត់ ដូចជាលោក Carlo Ancelotti គ្រូបង្វឹកជនជាតិអ៊ីតាលីដឹកនាំក្រុម Real Madrid និងអ្នកចាំទីប្រេស៊ីល Allison Becker របស់ក្រុម Liverpool ធ្លាប់បានលើកឡើងប្រឆាំងនឹងទម្រង់ថ្មីនេះ។ ស្របពេលដែលកីឡាករមួយចំនួនផ្សេងទៀត ថែមទាំងបានណែនាំថាពួកគេអាចនឹងធ្វើកូដកម្មផងដែរ។
ក្រោយបញ្ចប់ការប្រកួតសប្តាហ៍ទី១ កាលពីសប្តាហ៍មុន ក្រុមយក្សអាល្លឺម៉ង់ Bayern Munich កំពុងកាន់កាប់កំពូលតារាងបណ្តោះអាសន្ន ក្រោយបំបាក់ក្រុមភ្ញៀវ Dinamo Zagreb មកពីក្រូអាត នៅក្នុងលទ្ធផល ៩-២ ដោយបានបង្កើតប្រវត្តិសាស្ត្រថ្មីមិនធ្លាប់មានពីមុននៅក្របខណ្ឌ UEFA Champions League ដោយក្លាយជាក្រុមដំបូងគេស៊ុតបញ្ចូលទីបានរហូតដល់៩គ្រាប់ក្នុងមួយប្រកួត៕ ដកស្រង់ ៖ Daily Mail និង VnExpress
ចែករំលែកព័តមាននេះ