ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ដឹកនាំ​អាស៊ាន ជួប​ជាមួយ​តំណាង​យុវជន​អាស៊ាន ឆ្នាំ​២០២៤

16 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ គណៈប្រតិភូ​យុវជន​កម្ពុជា ​ចំនួន​០២ រួម​ជាមួយ​ប្រតិភូ​យុវជន​តំណាង​សមាជិក​អាស៊ាន និង​ប្រទេស​ទី​ម័​រ​ខាងកើត បាន​ចូលរួម​ជំនួប​រវាង​ប្រមុខ​ដឹកនាំ​អាស៊ាន និង​តំណាង​យុវជន​អាស៊ាន ឆ្នាំ​២០២៤ ដែល​ជា​កម្មវិធី​មួយ…

រាជធានី​ភ្នំពេញ​ ៖ គណៈប្រតិភូ​យុវជន​កម្ពុជា ​ចំនួន​០២ រួម​ជាមួយ​ប្រតិភូ​យុវជន​តំណាង​សមាជិក​អាស៊ាន និង​ប្រទេស​ទី​ម័​រ​ខាងកើត បាន​ចូលរួម​ជំនួប​រវាង​ប្រមុខ​ដឹកនាំ​អាស៊ាន និង​តំណាង​យុវជន​អាស៊ាន ឆ្នាំ​២០២៤ ដែល​ជា​កម្មវិធី​មួយ ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤៤ និង​៤៥ នាទី​ក្រុង​វៀងចន្ទន៍ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ ។

ក្នុង​ជំនួប​នា​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៤ គណៈប្រតិភូ​យុវជន​អាស៊ាន ​បាន​ដាក់​ជូន​ថ្នាក់ដឹកនាំ​អាស៊ាន នូវ​សេចក្តីថ្លែងការណ៍​ជា​អា​នុ​សាសន៍​របស់​យុវជន ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​តំណាង​យុវជន​អាស៊ាន-ទី​ម័​រ​ខាងកើត ​ដោយ​ផ្ទាល់​ នៅ​ក្នុង​កម្មវិធី​កិច្ច​សន្ទនា​យុវជន​អាស៊ាន លើក​ទី​៣ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៦-៨ ខែតុលា ឆ្នាំ​២០២៤ នៅ​ខេត្ត​ហ្លួងព្រះបាង សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ ។

គួរ​បញ្ជាក់​ថា សេចក្តីថ្លែងការណ៍​នេះ​ ផ្តោត​លើ​បញ្ហា រួម​មាន (១) សុខភាព និង​សុខុមាលភាព​សង្គម​របស់​យុវជន​អាស៊ាន (២) ការ​អប់រំ និង​បណ្តុះបណ្តាល (៣) ឱកាស​ការងារ​របស់​យុ​ជន (​ជំនាញ​ឌី​ជី​ថ​ល​) ជម្រុញ​សហគ្រិនភាព និង​ការ​កសាង​បណ្តាញ (៤) ជម្រុញ និង​ពង្រឹង​ការ​ចូលរួម​របស់​យុវជន (៥) ប្រព័ន្ធ​គាំពារ​សង្គម​ប្រកបដោយ​បរិ​យា​ប័ន្ន និង (៦) ការ​គ្រប់គ្រង និង​ការ​ចូលរួម​របស់​ភាគី​ពាក់ព័ន្ធ ​។

នា​ឱកាស​នោះ ឯកឧត្តម សុខ ចិន្តា​សោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូលរួម​ជា​អា​នុ​សាសន៍​សម្រាប់​យុវជន​អាស៊ាន ដូច​ខាងក្រោម​ ៖

ទី​មួយ ពិភពលោក​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​មួយ ដ៏​ផុយ​ស្រួយ ដែល​ជម្លោះ​ប្រដាប់​អាវុធ នៅ​តែ​បន្ត​កើតឡើង​គ្រប់ពេល និង​គ្រប់​ទីកន្លែង​។ ជា​ក្តី​ព្រួយបារម្ភ យុវជន​នៅ​តាម​តំបន់​មួយ​ចំនួន​នៃ​ពិភពលោក បាន​ចាប់ផ្តើម​គិត​ថា​សន្តិភាព​ជា​រឿង​ធម្មតា​។ កត្តា​ទាំងនេះ​គួរតែ​ជា​កង្វល់ សម្រាប់​បណ្តា​ថ្នាក់ដឹកនាំ និង​យុវជន ព្រោះ​វា​ការ​ទទួលខុសត្រូវ​រួម​គ្នា​សម្រាប់​យើង​ទាំងអស់​គ្នា ក្នុង​ការ​ការពារ និង​ថែរក្សា​សន្តិភាព​ដែល​មាន​ស្រាប់ ប្រសើរ​ជាង​ការ​កសាង​សន្តិភាព​ដែល​បាន​បាត់បង់​រួច​ទៅ​ហើយ​ ។

ទី​ពីរ នៅ​ពេល ដែល​វិសាលភាព​នៃ​ប្រព័ន្ធ ផ្សព្វផ្សាយ​សង្គម​កាន់តែ មាន​ភាព​សកម្ម​ឡើង​, ខ្ញុំ​លើកទឹកចិត្ត​ឱ្យ​យុវជន​មានការ​ប្រុង​ប្រយ័ត្ន ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​របស់​ខ្លួន ជា​ពិសេស​នា​យុគសម័យ​នៃ​ព័ត៌មាន​ក្លែងក្លាយ និង​ព័ត៌មាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍ ដែល​អាច​រុញច្រាន​ឱ្យ មានការ​បែកបាក់​ក្នុង​សង្គម​។ ជាមួយ​គ្នា​នេះ យុវជន​គួរតែ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ សង្គម ដើម្បី​ជំរុញ​ការ​យល់​ដឹង​ពី​គ្នា​ទៅ​វិញ​ទៅ​មក​, សុខដុមរមនា​, និង សាមគ្គីភាព​ក្នុង​សង្គម​ដែល​មាន​ភាព​សម្បូរ​បែប​។ ម្យ៉ាងវិញទៀត យុវជន​គួរ​ជៀសវាង​នូវ​ទ​ង្វើ ឬ​ការ​បញ្ចេញមតិ​បែប​ជ្រុលនិយម ដែល​អាច​បណ្តាល​ឱ្យ​មានការ​បែកបាក់​គ្នា​រវាង​ប្រជាជន និង​សហគមន៍​ ។

ទី​បី យើង​កំពុង​ស្ថិត​ក្នុង​ពិភពលោក ដែល​មាន ការ​ប្រកួតប្រជែង​ខ្ពស់​។ ហើយ​រដ្ឋាភិបាល​ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​ផ្តល់​ឱកាស​ស្មើ​ៗ​គ្នា​សម្រាប់​យុវជន នូវ​លទ្ធភាព​ទទួល​បានការ​អប់រំ​,​ជំនាញ​, និង​ការងារ​ ។

ជាមួយ​គ្នា​នេះ យុវជន​ក៏​ត្រូវ​មានការ​ទទួលខុសត្រូវ នៅ​ក្នុង​ការ​ប្រើប្រាស់ ឱ្យ​អស់ពី​លទ្ធភាព​នូវ​កាលានុវត្តភាព​ទាំងនេះ ដើម្បី​ភាព​រីក​ចម្រើន​របស់​ខ្លួន ក៏​ដូច​ជា​ភាព​រីក​ចម្រើន នៃ​អនាគត​របស់​សង្គម​ជាតិ​យើង​ទាំងមូល​។ ខ្ញុំ​លើកទឹកចិត្ត​ដល់​យុវជន​របស់​យើង​ឱ្យ​ប្រើប្រាស់​គំនិត​នវានុវត្តន៍ និង​បច្ចេកវិទ្យា​ថ្មី​ៗ ដូច​ជា​បញ្ញា​សិប្បនិមិត្ត ដើម្បី​ជំរុញ​ការ​ផ្លាស់​ប្តូរ និង​បង្កើត​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​ដែល​សង្គម​របស់​យើង​កំពុង​ជួប​ប្រទះ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ