ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរការ​ប្រឡង​បាក់​ឌុ​ប ២​ថ្ងៃ ប្រព្រឹត្ត​ទៅស្រប​តាម​គោលការណ៍ “​អ្នកចេះ គឺ​ជាប់​”​ ខណៈ​អវត្តមាន​សរុប ២.៤០៦​នាក់

4 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យ​ដឹង​ថា ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) រយៈពេល ២​ថ្ងៃ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យ​ដឹង​ថា ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៨-៩ ខែតុលា ឆ្នាំ​២០២៤ បាន​ប្រព្រឹត្ត​ទៅ​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយក​បាន និង​ស្រប​តាម​គោលការណ៍ «​អ្នកចេះ​គឺ​ជាប់​»​ ខណៈ​អវត្តមាន​សរុប ២.៤០៦​នាក់​ ។

យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ ក្រសួង​អប់រំ នា​ល្ងាច​ថ្ងៃ​ទី​៩ តុលា នេះ ថា ដំណើរការ​សំ​ណេ​រ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ បាន​ប្រព្រឹត្ត​ទៅ​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី ០៨-០៩ ខែតុលា ឆ្នាំ​២០២៤​។ មុខ​វិជ្ជា​ប្រឡង​មាន​ចំនួន ៧​មុខ​វិជ្ជា ដោយ​ថ្នាក់​វិទ្យាសាស្ត្រ​មាន ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រ​ខ្មែរ រូបវិទ្យា និង​គណិត​វិទ្យា​។ ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មានមុខ​វិជ្ជា ផែនដី​និង​បរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិត​វិទ្យា សីលធម៌​-​ពលរដ្ឋ​វិជ្ជា និង​អក្សរសាស្ត្រ​ខ្មែរ​ ។

ក្រសួង បន្ដ​ថា ដំណើរការ​សំ​ណេ​រទាំង​ពីរ​ថ្ងៃ បាន​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​ភាពល្អ​ប្រសើរ និង​មានការ​យកចិត្តទុកដាក់​ក្នុង​ការ​បំពេញ​តួនាទី​ភារកិច្ច និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ពី​សំណាក់​គណៈមេប្រយោគ​ទូ​ទាំង​ប្រទេស គណៈកម្មការ​អប្បមាទ​ទូ​ទាំង​ប្រទេស ជំនួយការ​អប្បមាទ​ទូ​ទាំង​ប្រទេស ប្រធាន​មណ្ឌល គណៈកម្មការ​កណ្ដាល គណៈកម្មការ​ត្រួតពិនិត្យ​អគារ គណៈកម្មការ​អនុរក្ស ព្រមទាំង​ការ​ចូលរួម​សង្កេត​ការ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ កងកម្លាំង សហភាព​សហព័ន្ធ​យុវជន​កម្ពុជា មន្ត្រី​សុខាភិបាល និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ ។

ក្រសួង បន្ថែម​ថា បេក្ខជន​ទាំងអស់ បាន​គោរព​បទ​ប្បញ្ញត្តិ​នៃ​ការ​ប្រឡង ព្រមទាំង​បាន​ប្រឹងប្រែង​ក្នុង​ការ​ធ្វើ​កិច្ចការ​តាម​សមត្ថភាព​រៀង​ៗ​ខ្លួន ដោយ​ស្ទើរតែ​គ្មាន​យក​សំណៅ​ឯកសារ និង​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ចូល​ក្នុង​មណ្ឌល​ប្រឡង​ឡើយ​។

ក្រសួង ថា «​គិត​មក​ត្រឹម​រសៀល​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៤ ចំនួន​បេក្ខជន​អវត្តមាន​សរុប ២.៤០៦​នាក់ ស្រី ៩១៥​នាក់ ត្រូវជា ១,៧៦​ភាគរយ​នៃ​ចំនួន​បេក្ខជន​សរុប ក្នុង​ចំនួន​នេះ បេក្ខជនស្វៃរិន (​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​) អវត្តមាន​សរុប ១.៩៩០​នាក់ ស្រី ៧៣៨​នាក់ ត្រូវជា ៨២,៧១​ភាគរយ​នៃ​បេក្ខជន​អវត្តមាន​សរុប​»​។

ក្រសួង បន្ដ​ទៀត​ថា ចំនួន​បេក្ខជន​មាន​បញ្ហា​សុខភាព​សរុប ១៣៦ នាក់ ក្នុង​នោះ​បេក្ខជន​មាន​បញ្ហា​សុខភាព​ហើយ​មិន​អាច​បន្ត​ការ​ប្រឡង​បាន​មាន​ចំនួន ១០​នាក់ បេក្ខជន​ដាក់​ឱ្យ​ប្រឡង​ដាច់​ដោយឡែក​មាន​ចំនួន ២២​នាក់ បេក្ខជន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន ៧ នាក់​។ គណៈកម្មការ​ប្រឡង អនុរក្ស អប្បមាទ និង​ជំនួយការ ដែល​មាន​បញ្ហា​សុខភាព និង​មិន​អាច​បន្ត​ភារកិច្ច​បាន​មាន​ចំនួន ៤៦​នាក់​។ នៅ​តាម​មណ្ឌល​ប្រឡង​នីមួយ​ៗ​មានដំណើរ​ការ​ល្អ មាន​សភាព​ស្ងប់ស្ងាត់ និង​របៀបរៀបរយ​ល្អ ព្រមទាំង​បាន អនុវត្ត​តាម​សេចក្ដីណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ទោះបីជា​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​មាន​ភ្លៀង​ធ្លាក់ក៏​ដោយ ប៉ុន្តែ​មិន​បាន​ប៉ះពាល់​ដល់​ដំណើរការ​សំ​ណេ​រ​របស់​បេក្ខជន​ឡើយ​ ។

ដោយឡែក មណ្ឌល​ប្រឡង​មួយ​ចំនួន នៅ​ខេត្តកោះកុង និង​ខេត្តស្ទឹងត្រែង ជួប​ប្រទះ​បញ្ហា​ភ្លៀង​ខ្លាំង និង​ដាច់​ចរន្តអគ្គិសនី​មួយ​រយៈ​ខ្លី នៅ​រសៀល​ថ្ងៃ​ទី​១ ប៉ុន្តែ​បាន​បន្ត​ដំណើរការ​វិញ​ដោយ​ប្រក្រតី​។ មណ្ឌល​ប្រឡង វិទ្យាល័យ ហ៊ុន​សែន ជម្ពូ​វ័​ន្ត រាជធានី​ភ្នំពេញ បាន​ជួប​ប្រទះ​បញ្ហា​ទឹក​លិច និង​បាន​ផ្លាស់​ប្តូរ​បន្ទប់​ប្រឡង​នៅ​ថ្ងៃ​ទី​២​។ បេក្ខជន និង​អនុរក្ស​ដែល​បាន​ប្រើប្រាស់ ឬ​យក​ទូរ​សព្ទ​ចូល​ក្នុង​បន្ទប់​ប្រឡង​មាន​ចំនួន ៥​ករណី​។ បេក្ខជន​ដែល​មិន​បាន​មក​ប្រឡង​នៅ​ម៉ោង​ដំបូង រួច​ហើយ​ទាមទារ​ចូល​ប្រឡង​នៅ​ម៉ោង​បន្ទាប់​មាន ៣​ករណី​ ។

ទន្ទឹម​នឹង​នេះ ក្រសួង​អប់រំ បានឱ្យ​ដឹង​ថា «​ដំណើរការ​សំ​ណេ​រ​បាន​បញ្ចប់​នៅ​ម៉ោង​១៦:៣០​រសៀល ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៤​។ ហឹប​សំណៅ​កិច្ចការ​បេក្ខជន និង​សំណុំ​ឯកសារ​ពាក់ព័ន្ធ​ការ​ប្រឡង​នឹង​ត្រូវ​ត្រួតពិនិត្យ​ដោយ​ហ្មត់ចត់​បំផុត ព្រមទាំង​ត្រូវ​បញ្ជូន​មក​កាន់​រាជធានី​ភ្នំពេញ​ដើម្បី​បន្តដំណើរ​ការ​កំណែ​។ ជា​រួម ដំណាក់កាល​សំ​ណេ​រ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​៖ ០៨ តុលា ២០២៤ បាន​ប្រព្រឹត្ត​ទៅ​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយក​បាន និង​ស្រប​តាម​គោលការណ៍ «​អ្នកចេះ​គឺ​ជាប់​»​ ។

តាម​ការ​គ្រោងទុក​លទ្ធផល​ប្រឡង​នឹង​ត្រូវ​ប្រកាស នៅ​តាម​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល នា​រសៀល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៤ និង​នៅ​តាម​មណ្ឌល​ប្រឡង​ក្នុង​ខេត្ត​ផ្សេង​ទៀត នា​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៤ និង​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ។

ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ដូច​ជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​អគ្គី​ស​នី​កម្ពុជា ដែល​បាន​សហការ​យ៉ាង​សកម្ម ដើម្បី​ធានា​បាន​ថា ដំណើរការ​ប្រឡង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយក​បាន​ ៕​

សូមបញ្ជាក់ថា ៖ រូបភាពខាងក្រោមទាំងអស់នេះ ជារបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ