ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដកសិទ្ធិក្លិបឥណ្ឌាពីពានរង្វាន់ថ្នាក់តំបន់កម្រិត​ទី២ ក្រោយមិនព្រមទៅប្រកួតនៅអ៊ីរ៉ង់

5 ម៉ោង មុន

ប្រទេសឥណ្ឌា ៖ ក្រុមបាល់ទាត់របស់ឥណ្ឌា Mohun Bagan Super Giant ត្រូវបានដកសិទ្ធិចេញពីការប្រកួតពានរង្វាន់ថ្នាក់តំបន់កម្រិតទី២ ឬ AFC…

ប្រទេសឥណ្ឌា ៖ ក្រុមបាល់ទាត់របស់ឥណ្ឌា Mohun Bagan Super Giant ត្រូវបានដកសិទ្ធិចេញពីការប្រកួតពានរង្វាន់ថ្នាក់តំបន់កម្រិតទី២ ឬ AFC Champions League Two រដូវកាល ២០២៤-២៥ ដោយសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី AFC បន្ទាប់ពីពួកគេបានបដិសេធធ្វើដំណើរទៅប្រកួតនៅប្រទេសអ៊ីរ៉ង់ សម្រាប់ការប្រកួតវគ្គចែកពូល។

យោងតាមប្រភពពីសារព័ត៌មាន Aljazeera កាលពីថ្ងៃទី៧ ខែតុលា បានឱ្យដឹងថា ក្រុម Mohun Bagan Super Giant សមាជិកលីគកំពូលឥណ្ឌា Indian Super League (ISL) ដែលមានមូលដ្ឋាននៅទីក្រុងកុលកាតា (Kolkata) ស្ថិតក្នុងពូល A នៃពានរង្វាន់ AFC Champions League Two ដោយតាមការគ្រោងទុកត្រូវប្រកួតជាមួយក្រុមអ៊ីរ៉ង់ Tractor SC នៅក្នុងទីក្រុងតាប្រ៊ីស (Tabriz) នៅថ្ងៃទី២ ខែតុលា ពោលមួយថ្ងៃបន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងដាក់ប្រទេសអ៊ីស្រាអែល ចំពេលមានអំពើហិង្សាកើនឡើងនៅក្នុងតំបន់។

យ៉ាងណាមិញ របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានឱ្យដឹងថា កីឡាករមួយចំនួនរបស់ក្រុម Mohun Bagan បានបញ្ជាក់ប្រាប់កាន់អ្នកគ្រប់គ្រងរបស់ក្លិបដោយសម្តែងការព្រួយបារម្ភអំពីសុវត្ថិភាព ប្រសិនបើពួកគេធ្វើដំណើរទៅទីក្រុងតាប្រ៊ីស នៅភាគពាយព្យប្រទេសអ៊ីរ៉ង់ ដែលជាកន្លែងមួយក្នុងចំណោមទីតាំងដែលមីស៊ីលត្រូវបានបាញ់ចេញទៅកាន់ប្រទេសអ៊ីស្រាអែល។ ក្រោយមកការប្រកួតរវាងក្រុមទាំងពីរត្រូវបានលុបចោលតែម្តង បន្ទាប់ពីក្រុម Mohun Bagan មិនបានធ្វើដំណើរទៅកាន់ទីក្រុងតាប្រ៊ីស។

សហព័ន្ធបាល់ទាត់អាស៊ី AFC កាលពីថ្ងៃទី៧ តុលា បានប្រកាសថា ក្រុមតំណាងឥណ្ឌា Mohun Bagan Super Giant ត្រូវបានចាត់ទុកថាដកខ្លួនចេញពីការប្រកួតពានរង្វាន់ AFC Champions League Two។ ដូច្នេះការប្រកួតទាំងអស់របស់ពួកគេត្រូវបានលុបចោល ហើយចាត់ទុកជាមោឃៈ។

ដើម្បីជៀសវាងការសង្ស័យ គ្មានពិន្ទុ និងគ្រាប់បាល់នៅពូល A ដែលរួមមានក្រុមអ៊ីរ៉ង Tractor SC ក្រុមកាតា Al-Wakrah និងក្រុមតាជីគីស្ថាន Ravshan Kulob។ ស្របពេលស្ថាប័នក្បាលបាល់ទាត់ប្រចាំតំបន់មួយនេះបានបញ្ជាក់ថា ខ្លួននឹងបញ្ជូនបញ្ហារបស់ Mohun Bagan ទៅគណៈកម្មាធិការពាក់ព័ន្ធរបស់ស្ថាប័នទ្វីបសម្រាប់ការសម្រេចចិត្តបន្ថែមទៀត។

ដោយឡែកក្លិប Mohun Bagan Super Giant មិនបានឆ្លើយតបនឹងការដកសិទ្ធិពួកគេចេញពីការប្រកួតប្រជែងនៅឡើយនោះទេ។ ប៉ុន្តែទោះជាយ៉ាងណា អ្នកគាំទ្របាល់ទាត់ឥណ្ឌាបានរិះគន់ការសម្រេចចិត្តនេះ ហើយបានអំពាវនាវដល់មន្ត្រីឱ្យប្តឹងឧទ្ធរណ៍នៅក្នុងតុលាការអាជ្ញាកណ្តាលកីឡា។

គួរបញ្ជាក់ថា ពានរង្វាន់ AFC Champions League Two ជាការប្រកួតបាល់ទាត់ប្រចាំឆ្នាំកម្រិតទីពីររបស់ក្លិបបាល់ទាត់អាជីពតំបន់អាស៊ី ដែលត្រូវបានបង្កើតដំបូងនៅក្នុងឆ្នាំ ២០០៤ ដែលមានកម្រិតក្រោមពានរង្វាន់ AFC Champions League Elite និងខ្ពស់ជាងពានរង្វាន់ AFC Challenge League៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ