រាជធានីភ្នំពេញ ៖ ផ្ទះវិឡា លោកលី សាម៉េត ត្រូវបានកម្លាំងនគរបាលធ្វើការឡោមព័ទ្ធតាមចាប់ខ្លួនទាំងយប់ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទម្លាយរឿងលោកយកឈ្មោះសម្តេចដើរបោកប្រាស់គេ យកលុយរាប់ម៉ឺនដុល្លារ និងស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការ ដើម្បីចេញដីកាការពារទ្រព្យសម្បត្តិ លី សាម៉េត និងស្នើសុំសមត្ថកិច្ចតាមឃ្លាំមើល លី សាម៉េត កុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់ ។
ផ្ទះវីឡា លោកលី សាម៉េត ដែលត្រូវកម្លាំងឡោមព័ទ្ធ ស្ថិតនៅផ្ទះលេខL១៣ បុរី រិទ្ធ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
តាមព័ត៌មានឱ្យដឹងថា កាឡោមព័ទ្ធផ្ទះ ដើម្បីតាមចាប់ខ្លួនលោក លី សាម៉េត នេះធ្វើឡើងកាលពីម៉ោងប្រមាណ៧យប់ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ រហូតដល់ម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី០៨ ខែតុលា ទើបសមត្ថកិច្ចបានដកវិញ តែដាក់កម្លាំងចាំឃ្លាំមើល ។ តាមសមត្ថកិច្ចអោយដឹងថា លោកលី សាម៉េត ពុំបាននៅផ្ទះឡើយ ខណៈពេលដែលសមត្ថកិច្ចឡោមព័ទ្ធ គឺបាត់ទាំងលោក និងអង្គរក្សនៅសល់តែប្រពន្ធ ។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ សម្ដេចតេជោហ៊ុនសែន ប្រធានព្រឹទ្ធសភាជាតិ បានបង្ហោះនៅក្នុងបណ្តាញសង្គមដោយមានខ្លឹមសារថា ដោយរឿងច្រើនពេក ថ្ងៃនេះខ្ញុំសម្រេចចិត្តបង្ហោះសារទាក់ទងដល់លោកលី សាម៉េត(ហៅគ្រូមា) ។ លី សាម៉េត តែងប្រើឈ្មោះខ្ញុំដើរបោកប្រាស់គេ រហូតថា យកលុយដែលបោកប្រាស់បានយកមកជូនខ្ញុំទៀតផង ដោយប្រាប់គេថា ខ្លួនចេញចូលផ្ទះខ្ញុំ ក្នុងពេលណាក៏បាន ក្នុងពេលដែលលី សាម៉េត មិនដឹងថា ផ្ទះខ្ញុំបែរមុខទៅខាងណាផង ។ នៅក្នុងសារនេះ សម្តេចអោយដឹងថា ឆ្នាំ២០២២ លី សាម៉េត បោកលុយឈ្មោះ សុខឡេង ១០លានដុល្លារថា យកមកឲ្យខ្ញុំតែពេលសុខ ឡេង ផ្តាំឲ្យសួរខ្ញុំតាមកូនចិញ្ចឹមខ្ញុំទ្រី សុខា ទើបខ្ញុំដឹងក៏ទាមទារពីលី សាម៉េតប្រគល់ឲ្យសុខ ឡេងវិញទាំងអស់ ដោយពេលនោះយកលី សាម៉េត ទៅសួរចម្លើយ និងប្រគល់ទទួលប្រាក់នៅស្នងការនគរបាលក្រុងភ្នំពេញ ។ មុននេះប៉ុន្មានថ្ងៃ ខ្ញុំបានប្រាប់ទៅលី សាម៉េត ឲ្យសងលុយទៅមួង ឃីម ចំនួន២៣ម៉ឺនដុល្លារ ក្រោយមួង ឃីម បញ្ជូនសារជាវីដេអូមកខ្ញុំ អមដោយសារសំឡេងឆ្លងឆ្លើយគ្នា (បានសងរួចហើយ) ។ ថ្ងៃនេះខ្ញុំទទួលវីដេអូពីលោក កន សុខកាយ អភិបាលស្រុកល្វាឯមថា លី សាម៉េត បានយកប្រាក់ពីគាត់ ចំនួន៣០ម៉ឺនដុល្លារ ដើម្បីរត់ការឲ្យបានតំណែងជាអភិបាលក្រុងអរិយក្សត្រ ។
ក្នុងមុខតំណែងជារដ្ឋមន្ត្រី៦ឆ្នាំ ជានាយករដ្ឋមន្ត្រី៣៨ឆ្នាំ និងពេលនេះជាប្រធានព្រឹទ្ធសភា អមដោយអំណាចជាប្រមុខរដ្ឋស្តីទីក្នុងពេលអវត្តមានព្រះមហាក្សត្រខ្ញុំធ្លាប់ចុះហត្ថលេខា តែងតាំង និងដំឡើងសក្តិមន្ត្រីរាប់ម៉ឺននាក់ទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ខ្ញុំមិនដែលទទួលយកអន្តរាគមន៍ពីអ្នកណានោះឡើយ មិនថា តាមការស្នើសុំ ឬតាមសំណូកណាមួយនោះឡើយ ។ ផ្ទុយទៅវិញមន្ត្រីមួយចំនួនទទួលបានការតែងតាំងហើយ ទទួល បានការជួយពីខ្ញុំថែមទៀត ដើម្បីឲ្យពួកគាត់មានមធ្យោបាយធ្វើការ ។
ករណី លី សាម៉េត អាចនៅមានមនុស្សច្រើនទៀត ដែលចាញ់បោកគាត់ក្រោមរូបភាពយកឈ្មោះខ្ញុំទៅប្រើ ។ នៅក្នុងសារនោះ សម្តេចក៏បានស្នើ ៖ ១.រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ធ្វើការជាមួយតុលាការ ដើម្បីចេញដីកាការពារទ្រព្យសម្បត្តិលី សាម៉េត ដើម្បីទុកសងដល់អ្នកចាញ់បោក លី សាម៉េត ។ ២.អ្នកចាញ់បោកលី សាម៉េតទាំងអស់ ដាក់ពាក្យប្តឹង ឬទាមទារសំណងទៅកាន់មេធាវីសម្តេចតេជោ ។ ៣.ឯកឧត្តមគី តិច រៀបចំមេធាវីសម្តេចតេជោ ចាំទទួលពាក្យបណ្តឹង និងធ្វើការសម្របសម្រួលលើរឿងដែលអាចសម្របសម្រួលបាន ។ ចំពោះរឿងមិនអាចសម្របសម្រួលបានត្រូវប្តឹងទៅតុលាការចាត់ការតាមច្បាប់ ។
៤.ស្នើសុំសមត្ថកិច្ចតាមឃ្លាំមើលលី សាម៉េត កុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់ ។ បន្ទាប់ពីសម្តេចបានបង្ហោះសារនៅវេលាយប់ សមត្ថកិច្ចនៃស្នងការនគរបាលរាជធានីភ្នំពេញ និងមូលដ្ឋានក៏បានចុះឡោមព័ទ្ធវិឡាលោកលី សាម៉េត ។ ទោះបីជាយ៉ាណាគេពុំទាន់ដឹងថា លោកលី សាម៉េត ត្រូវបានចាប់ខ្លួន ឬគេចខ្លួនទៅទីណានោះទេ ៕
ចែករំលែកព័តមាននេះ