ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងអប់រំ ៖ ក្នុងករណីរកឃើញថា បេក្ខជនប្រព្រឹត្តផ្ទុយនឹង បទប្បញ្ញត្តិ និងកម្រិតវិន័យនៃការប្រឡងនឹងត្រូវឱ្យធ្លាក់ស្វ័យប្រវត្តិ

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​បញ្ជាក់​ប្រកាស​នៅ​ក្នុង​ករណី​រក​ឃើញ​ថា បេក្ខជន​បាន​ប្រព្រឹត្ត​សកម្មភាព​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ និង​កម្រិត​វិន័យ​ក្នុង​ការ​ប្រឡង​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុ​ប​នឹង​ត្រូវ​បាន​កំណត់​ឱ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ ។ ការ​ប្រកាស​របស់​ក្រសួង​អប់រំ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​បញ្ជាក់​ប្រកាស​នៅ​ក្នុង​ករណី​រក​ឃើញ​ថា បេក្ខជន​បាន​ប្រព្រឹត្ត​សកម្មភាព​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ និង​កម្រិត​វិន័យ​ក្នុង​ការ​ប្រឡង​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុ​ប​នឹង​ត្រូវ​បាន​កំណត់​ឱ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ ។

ការ​ប្រកាស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​នៅ​ពេល​ដែល​នៅ​តាម​មណ្ឌល​ប្រឡង ទូ​ទាំង​ប្រទេស​បាន​បង្ហាញ​ពី​ទិដ្ឋភាព​ទូទៅ​នៃ​ការ​បិទ​បញ្ជី​ឈ្មោះ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ០៨ តុលា ២០២៤ ។

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើក​ឡើង​ថា បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា ទុតិយភូមិ​ទាំងអស់​ចាំបាច់​ត្រូវ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ លេខ​តុ លេខ​បន្ទប់ តារាង​ប្រព្រឹត្ត​ទៅ​នៃ​វិញ្ញាសា និង​ប្លង់​បន្ទប់ ព្រមទាំង​អាន​បទ​ប្បញ្ញត្តិ​ប្រឡង ដែល​ត្រូវ​បាន​បិទ​នៅ​តាម​គ្រប់​មណ្ឌល​ប្រឡង​ទូ​ទាំង​២៥ រាជធានី​-​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​៧ តុលា​នេះ ។

ក្រសួង​អប់រំ យុវជន និង​កីឡា សូម​អំពាវនាវ​ដល់​បេក្ខជន​ទាំងអស់​ត្រូវ​គោរព​បទ​ប្បញ្ញត្តិ​នៃ​ការ​ប្រឡង​ឱ្យ​បាន​ត្រឹមត្រូវ ជា​ពិសេស​មិន​ត្រូវ​លាក់​ទុក​ជាប់​នឹង​ខ្លួន​នូវ​ឧបករណ៍​អេ​ឡិច​ត្រូ​និក​គ្រប់​ប្រភេទ ចូល​ក្នុង​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង​ជា​ដាច់ខាត ។

ក្រសួង​អប់រំ​បាន​បញ្ជាក់​ថា ៖«​ក្នុង​ករណី​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​សកម្ម ភាព​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ និង​កម្រិត​វិន័យ បេក្ខជន​នឹង​ត្រូវ​បាន​កំណត់​ឱ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ​» ។

សូម​បញ្ជាក់​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ០៨ តុលា ២០២៤ មាន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​សរុប​ចំនួន​១៣៧ ០៤០ នាក់ (​ស្រី ៧៤ ៨៨២​នាក់​) ក្នុង​នោះ បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន​៣៩ ៣៥៨ នាក់ (​ស្រី ២៣ ៧១៥ នាក់​) បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន ៩៧ ៦៨២ នាក់ (​ស្រី ៥១ ១៦៧​នាក់​)​។

បេក្ខជន​ត្រូវ​បាន​រៀបចំ​ចំនួន ២៥​នាក់ ក្នុង​មួយ​បន្ទប់ ទៅ​តាម​មណ្ឌល​សំ​ណេ​រ​នីមួយ​ៗ តាម​រាជធានី ខេត្ត​លើកលែងតែ​បន្ទប់​ចុង​ក្រោយ និង​បន្ទប់​ដែល​មាន​បេក្ខជន​មក​ពី​វិទ្យាល័យ​អប់រំ ពិសេស ។ មណ្ឌល​សំ​ណេ​រ​មាន​ចំនួន​សរុប​២៣០ មណ្ឌល ត្រូវជា​៥៥៣៣ បន្ទប់ ក្នុង​នោះ ៖ ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន​៧៣​មណ្ឌល ត្រូវជា​១ ៦០២ បន្ទប់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន ១៥៧ មណ្ឌល ត្រូវជា​៣៩៣១​បន្ទប់ ។ មណ្ឌល​កំណែ សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ មាន​ចំនួន ១០​មណ្ឌល ដែល​មាន​ទីតាំង​ស្ថិត​នៅ​រាជធានី​ភ្នំពេញ ។

សូម​ជម្រាប​ថា ការ​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​នឹង​ធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ នៅ​ថ្ងៃ​ទី​០៨-០៩ ខែតុលា ឆ្នាំ​២០២៤​ដោយ​មាន​បេក្ខជន​ចូលរួម​ប្រមាណ​ជាង​១៣​ម៉ឺន​នាក់ ។ ដំណើរការ​សំ​ណេ​រ​ប្រព្រឹត្ត​ទៅ​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​០៨ និង​០៩ ខែតុលា ឆ្នាំ​២០២៤ ។ ចំពោះ​ដំណើរការ​កំណែ​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៤ ។ ដំណើរការ​ស្រង់ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ផ្ទៀងផ្ទាត់​ពិន្ទុ​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៤ ។

ក្រសួង​កំណត់​យក​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៤ ពេល​រសៀល សម្រាប់​ការ​ប្រកាស​លទ្ធផល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល និង​នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៤ សម្រាប់​ខេត្ត​ផ្សេង​ៗ​នៅ​ទូ​ទាំង​ប្រទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ