ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​គ្មាន​បំណង​លុប​ចោល​ទោស​ប្រហារជីវិ.ត ទោះ​អតីត​អ្នក​ប្រដាល់​ម្នាក់​ត្រូវ​តុលាការ​កាត់ទោស​ខុស

1 អាទិត្យ មុន

ប្រទេស​ជប៉ុន ៖ លោក ហ៊ី​ដេ​គី ម៉ា​គី​ហា​រ៉ា (Hideki Makihara) រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ថ្មី​របស់​ប្រទេស​ជប៉ុន កាលពី​ថ្មី​ៗ​នេះ បាន​ថ្លែង​ថា…

ប្រទេស​ជប៉ុន ៖ លោក ហ៊ី​ដេ​គី ម៉ា​គី​ហា​រ៉ា (Hideki Makihara) រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ថ្មី​របស់​ប្រទេស​ជប៉ុន កាលពី​ថ្មី​ៗ​នេះ បាន​ថ្លែង​ថា ការ​លុប​ចោល​ទោស​ប្រហារជីវិត​មិន​គួរ​កើតឡើង​ឡើយ ទោះបីជា​ទើប​មានការ​ដោះ​លែង​អតីត​កីឡាករ​ប្រដាល់​ជប៉ុន​ម្នាក់ ដែល​ជា​អ្នកទោស​រង់ចាំ​ការ​ប្រហារ​ជី​វិ​.​ត​យូរ​បំផុត​នៅ​លើ​ពិភពលោក កាលពី​ខែ​មុន ក្រោយ​ការ​កាត់ទោស​ខុស​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ យ៉ាងណា​ក៏​ដោយ​។ គួររំលឹកថា អតីត​កីឡាករ​ប្រដាល់​ជា​អ្នក​ទោ​.​ស​រង់ចាំ​ការ​ប្រហារ​ជី​វិ​.​ត​យូរ​បំផុត​លើ​លោក ត្រូវ​បាន​លើកលែង​ទោ​.​ស

ប្រទេស​ជប៉ុន និង​សហរដ្ឋអាមេរិក គឺជា​ប្រទេស​តែ​២​គត់​ក្នុង​ចំណោម​ក្រុម​ប្រទេស​ទាំង​៧ ឬ G7 ដែល​នៅ​អនុវត្ត​ច្បាប់​កាត់ទោស​ប្រហារជីវិត ហើយ​នៅ​តែ​ទទួល​បានការ​គាំទ្រ​ជា​សាធារណៈ​នៅ​ក្នុង​ប្រទេស​ជប៉ុន ដែល​ការ​លុប​ចោល​កម្រ​ត្រូវ​បាន​ពិភាក្សា​ខ្លាំង​ណាស់​។ ប៉ុន្តែ​ទោះ​យ៉ាងណា នីតិវិធី​នៃ​ការ​អនុវត្ត​ទោស​ប្រហារជីវិត​ក្នុង​ប្រទេស​ជប៉ុន ដែល​តែង​ធ្វើ​ឡើង​ដោយ​ការ​ព្យួរ​ក​នោះ ក៏​ទទួល​បានការ​រិះគន់​ខ្លាំង​ផង​ដែរ ចំពោះ​ការ​អនុវត្ត​ទោស​ដ៏​ឃោរឃៅ ហើយ​អ្នកទោស​តែងតែ​ត្រូវ​បាន​ជូនដំណឹង​អំពី​ការ​ស្លាប់​ពួក​គេ​នៅ​ពេល​ព្រឹក​ព្រលឹម ពោល​តែ​ប៉ុន្មាន​ម៉ោង​មុន​ពេល​ប្រហារ​ជី​វីត​។

លោក ហ៊ី​ដេ​គី ម៉ា​គី​ហា​រ៉ា ដែល​ឡើង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ថ្មី​របស់​ជប៉ុន កាលពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២៤ កាលពី​ថ្មី​ៗ​នេះ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា «​វា​មិន​ត្រឹមត្រូវ​ទេ​ក្នុង​ការ​លុប​ចោល​ទោស​ប្រហារជីវិត ខណៈ​ឧក្រិដ្ឋកម្ម​ដ៏​សាហាវ​ឃោ​ឃៅ​នៅ​តែ​បន្ត​កើត​មាន​»​។ ហើយ​លោក​បាន​សន្យា​ថា ការ​អនុវត្ត​ច្បាប់​ប្រហារជីវិត​នឹង​ដំណើរការ​ទៅ​ដោយ​ប្រុង​ប្រយ័ត្ន និង​យុត្តិធម៌​បំផុត នៅ​ពេល​តុលាការ​ធ្វើការ​សម្រេចចិត្ត​កាត់ទោស​នរណា​ម្នាក់​។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មីរបស់ជប៉ុន

ការ​ស្នើ​ឱ្យ​មានការ​លុប​ចោល​ទោស​ប្រហារជីវិត​ពុះកញ្ជ្រោល​កាន់តែ​ខ្លាំង​ឡើង កាលពី​ខែ​មុន ពោល​ក្រោយ​ពេល​តុលាការខេត្ត​ស៊ី​ហ្ស៊ូ​អូ​កា (Shizuoka) កាលពី​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៤ បាន​សម្រេច​លុប​ចោល​ទោស​ប្រហារ​ជី​វីត​លោក អ៊ី​វ៉ា​អូ ហា​កា​ម៉ា​ដា (Iwao Hakamada) អតីត​អ្នក​ប្រដាល់សកល​ជប៉ុន​បច្ចុប្បន្ន​អាយុ​៨៨​ឆ្នាំ ក្រោយ​រក​ឃើញ​ថា គ្មាន​កំហុស នៅ​ក្នុង​ការ​ជំនុំជម្រះ​ឡើង​វិញ សម្រាប់​អំពើ​ឃាតកម្ម​៤​ករណី កាលពី​ឆ្នាំ ១៩៦៦ ដោយ​តុលាការ​បាន​ច្រាន​ចោលការ​ជំនុំជម្រះ​ពី​មុន ដែល​ធ្វើ​ឱ្យ​លោក​ក្លាយជា​អ្នកទោស​រង់ចាំ​ការ​ប្រហារជីវិត​យូរ​បំផុត​លើ​ពិភពលោក​។ តុលាការខេត្ត​ស៊ី​ហ្ស៊ូ​អូ​កា​បាន​រក​ឃើញ​ថា អ្នកស៊ើប​អង្កេត​ពី​មុន​បាន​ប្រឌិត​ភស្តុ​តាង​ចោទប្រកាន់​លោក ហា​កា​ម៉ា​ដា និង​បាន​អះអាង​ថា លោក​បាន​រង​អំពើ​ហិង្សា​ពី​ការ​ស៊ើបអង្កេត​អមនុស្សធម៌ ដែល​នាំ​ឱ្យ​មានការ​សារភាព​ទោស​ដោយ​បង្ខំ​។

លោក អ៊ី​វ៉ា​អូ ហា​កា​ម៉ា​ដា ត្រូវ​បាន​កាត់ទោស​ពី​បទ​ឃាតកម្ម​ក្នុង​ឆ្នាំ ១៩៦៦ ពាក់ព័ន្ធ​ការ​ចាក់​សម្លាប់​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ម្នាក់​ជា​មេ​របស់​លោក រួម​ទាំង​សមាជិកគ្រួសារ​៣​នាក់​ផ្សេង​ទៀត​របស់​ជន​រង​គ្រោះ និង​ថែម​ទាំង​ដុត​ផ្ទះ​ជន​រង​គ្រោះ ហើយ​ប្រាក់​ប្រហែល​២០​ម៉ឺន​យ៉េន​ក៏​ត្រូវ​បាន​លួច​ពី​ផ្ទះ​ជន​រង​គ្រោះ​ផង​ដែរ​។ លោក​ត្រូវ​បាន​កាត់ទោស​ប្រហារជីវិត​ក្នុង​ឆ្នាំ ១៩៦៨ ប៉ុន្តែ​ការ​ប្រហារជីវិត​ចេះ​តែ​ឃ្វាង​ជា​បន្តបន្ទាប់ ព្រោះ​ការ​ប្តឹង​ឧទ្ធរណ៍​វែង​ឆ្ងាយ និង​ការ​កាត់ទោស​ប្រព័ន្ធ​យុត្តិធម៌​ឧក្រិដ្ឋកម្ម​យឺតយ៉ាវ​ដ៏​ល្បី​នៅ​ក្នុង​ប្រទេស​ជប៉ុន​។ លោក​បាន​សរសេរ​ក្នុង​សំបុត្រ​ផ្ញើ​ទៅ​ម្តាយ​លោក ខណៈ​ពេល​ដែល​ត្រូវ​បាន​កាត់ទោស​ថា «​ខ្ញុំ​មិន​បាន​ពាក់ព័ន្ធ​អ្វី​ជាមួយ​ករណី​នេះ​ទេ ខ្ញុំ​គ្មាន​កំហុស​ទេ​»​។

លោក ហា​កា​ម៉ា​ដា ដែល​បាន​តស៊ូ​ផ្លូវច្បាប់​អស់​រយៈពេល​៥៨​ឆ្នាំ បាន​ចំណាយពេល​៤៨​ឆ្នាំ​ក្នុង​ពន្ធនាគារ ហើយ​នៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១១ លោក​បាន​ជាប់​កំណត់​ត្រា​ពិភពលោក Guinness ដោយ​បញ្ជាក់​ថា​ជា​អ្នកទោស​រង់ចាំ​ការ​ប្រហារជីវិត​យូរ​បំផុត​លើ​ពិភពលោក​។ ដ្បិត​តុលាការ​កំពូល​បាន​ចំណាយពេល​២៧​ឆ្នាំ ដើម្បី​បដិសេធ​បណ្តឹងឧទ្ធរណ៍​លើក​ដំបូង​របស់​លោក សម្រាប់​ការ​ជំនុំជម្រះ​ឡើង​វិញ មុន​ពេល​បណ្តឹងឧទ្ធរណ៍​លើក​ទី​២​បាន​ប្តឹង​កាលពី​ឆ្នាំ ២០០៨ ដោយ​បងស្រី​លោក​។ លោក​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​ក្នុង​ឆ្នាំ ២០១៤ នៅ​ពេល​តុលាការ​បញ្ជា​ឱ្យ​មានការ​ជំនុំជម្រះ​ឡើង​វិញ​ផ្អែក​លើ​ភស្តុ​តាង​បាន​បង្ហាញ​ថា ការ​ផ្តន្ទាទោស​ពី​មុន​ផ្អែក​លើ​ការ​ចោទ​ដែល​ប្រឌិត​ឡើង​ដោយ​អ្នកស៊ើប​អង្កេត​។ លោក​ត្រូវ​អនុញ្ញាត​ឱ្យ​ស្នាក់​នៅ​ក្នុងផ្ទះ ព្រោះ​សុខភាព​ចុះ​ខ្សោយ និង​វ័យចាស់​ធ្វើ​ឱ្យ​លោក​មាន​ហានិភ័យ​ទាប​ក្នុង​ការ​រត់គេច​ខ្លួន ដើម្បី​ទុក​ពេល​សម្រាប់​ការ​ជំនុំជម្រះ​ឡើង​វិញ ដែល​ចាប់ផ្តើម​កាលពី​ខែតុលា ឆ្នាំ​មុន​។

នៅ​ក្នុង​សវនាការ​ចុង​ក្រោយ​នៃ​តុលាការខេត្ត​ស៊ី​ហ្ស៊ូ​អូ​កា កាលពី​ខែឧសភា​កន្លង​ទៅ មុន​ឈាន​ដល់​ការ​លើកលែងទោស កាលពី​ថ្ងៃ​ទី​២៦ ខែកញ្ញា ព្រះរាជអាជ្ញា​បាន​ទាមទារ​ការ​កាត់ទោស​ប្រហារជីវិត​ម្តងទៀត ដោយ​បង្ក​ឱ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ក្រុម​សិទ្ធិ​មនុស្ស​ថា ព្រះរាជអាជ្ញា​កំពុង​ព្យាយាម​ពន្យារពេល​ការ​កាត់ក្តី​។ ឧបសគ្គ​ដ៏​ចម្បង​សម្រាប់​ការ​ជំនុំជម្រះ​ឡើង​វិញ ក៏​បាន​ជំរុញ​ឱ្យ​អ្នកជំនាញ​ផ្នែក​ច្បាប់​អំពាវនាវ​ឱ្យ​មានការ​ពិនិត្យ​ឡើង​វិញ​លើ​ប្រព័ន្ធ​តុលាការ​ជប៉ុន​ផង​ដែរ​។

តុលាការ​រក​ឃើញ​ថា អំឡុង​ការ​ស៊ើបអង្កេត​ដំបូង​បន្ទាប់​ពី​ការ​ចាប់ខ្លួន​នោះ លោក ហា​កា​ម៉ា​ដា បាន​បដិសេធ​ការ​ចោទប្រកាន់ មុន​ពេល​សារភាព​ទោស​។ ក្រោយមក​លោក​បាន​ប្រាប់​ថា លោក​ត្រូវ​បាន​បង្ខំ​ឱ្យ​សារភាព ក្រោម​ការ​សួរ​ចម្លើយ​ដោយ​ហិង្សា​ពី​ប៉ូលិស​។ ចំណុចរសើប​នៃ​រឿង​ក្តី​នេះ គឺ​នៅ​ត្រង់​សម្លៀក​បំពាក់​ប្រឡាក់​ស្នាម​ឈាម​៥​កន្លែង ដែល​អ្នកស៊ើប​អង្កេត​អះអាង​ថា លោក​ពាក់​អំឡុង​ពេល​ធ្វើឃាត​កម្ម ហើយ​បាន​លាក់​ក្នុង​ធុង​ផ្អាប់​សៀង​ប្រពៃណី​ជប៉ុន ដែល​បាន​ហៅ​ថា មី​សូ (Miso)​។ សម្លៀក​បំពាក់​នោះ​ត្រូវ​បាន​រក​ឃើញ​ជាង​១​ឆ្នាំ បន្ទាប់​ពី​ការ​ចាប់ខ្លួន​លោក​។

សាលក្រម​តុលាការ​ជាន់ខ្ពស់​ទីក្រុង​តូ​ក្យូ​ក្នុង​ឆ្នាំ ២០២៣ បាន​ទទួលស្គាល់​ការ​ពិសោធន៍​បែប​វិទ្យាសាស្ត្រ​ដែល​ថា សម្លៀក​បំពាក់​ត្រាំ​ក្នុង​ធុង​មី​សូ​អស់​រយៈពេល​ជាង​១​ឆ្នាំ​នឹង​ធ្វើ​ឱ្យ​ស្នាម​ឈាម​ប្រែជា​ពណ៌​ក្រមៅ ប៉ុន្តែ​តុលាការ​ពុំ​ដឹង​ពី​ការ​ប្រឌិត​ភស្តុ​តាង​ធ្វើ​ឡើង​ដោយ​អ្នកស៊ើប​អង្កេត​នោះ​ទេ​។ អ្វី​ៗ​ត្រូវ​បាន​លាតត្រដាង នៅ​ពេល​មេធាវី​ការពារ​ក្តី និង​ការ​សម្រេច​តុលាការ​ក្នុង​ជំនុំជម្រះ​ឡើង​វិញ​រក​ឃើញ​ថា គំរូ​ឈាម​មិន​ត្រូវ​គ្នា​នឹង​ឌី​អឹ​ន​អេ (DNA) លោក ហា​កា​ម៉ា​ដា ។ ចៅក្រម​សន្និដ្ឋាន​ដោយ​ហៅ​ការ​ស៊ើបអង្កេត​ដំបូង​ថា ការ​ស៊ើបអង្កេត​អមនុស្សធម៌ ដែល​នាំ​ឱ្យ​មានការ​សារភាព​ទោស​ដោយ​បង្ខំ​។

លោក ហា​កា​ម៉ា​ដា គឺជា​ជា​អ្នកទោស​ប្រហារជីវិត​ទី​៥ ដែល​ត្រូវ​បាន​រក​ឃើញ​ថា គ្មាន​ពិរុទ្ធ​នៅ​ក្នុង​ការ​ជំនុំជម្រះ​ឡើង​វិញ​ក្នុង​តុលាការ​យុ​ត្តិ​ធ៌​ម​ព្រហ្មទណ្ឌ​ជប៉ុន នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ក្រោយ​សង្គ្រាម​។ ហើយ​ករណី​៤​ផ្សេង​ទៀត ក៏​ត្រូវ​បាន​លុប​ចោល​ទោស​ផង​ដែរ​។

សូម​ជម្រាប​ថា ចាប់ពី​ឆ្នាំ ១៩៥៩ ដល់​ឆ្នាំ ១៩៦១ លោក ហា​កា​ម៉ា​ដា បាន​ឡើង​សង្វៀន​ប្រកួត​ប្រដាល់​អាជីព​ចំនួន​២៩​ដង ដោយ​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​កីឡាករ​ល្អ​លំដាប់​ទី​៦ នៅ​ក្នុង​ទម្ងន់ Featherweight​។ លោក​បាន​បញ្ចប់​អាជីព​ជាមួយនឹង​កំណត់​ត្រា​ឈ្នះ ១៦​ដង ស្មើ​២​ដង និង​ចាញ់​១១​ដង ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​១​ដង ខណៈ​ដែល​ការ​ចាញ់​ទាំងអស់​របស់​លោក​គឺ​ដោយ​ពិន្ទុ​។ បន្ទាប់​ពី​បញ្ចប់​អាជីព​ប្រដាល់ លោក​បាន​ទៅ​ធ្វើការ​នៅ​ក្រុមហ៊ុន​ផលិត​សៀង​ប្រពៃណី​ជប៉ុន ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ស៊ី​ហ្ស៊ូ​អូ​កា​៕ ប្រភព ៖ AFP, Nippon, The Japan Times, AP និង New York Post

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ