ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហភាពអឺរ៉ុប​នឹងយកពន្ធរហូតដល់​៤៥% លើរថយន្តអគ្គិសនីមកពីប្រទេសចិន

4 អាទិត្យ មុន

អន្តរជាតិ ៖ យោងតាមប្រភពពីគេហទំព័រ Bloomberg បានរាយការណ៍ថា សហភាពអឺរ៉ុប ដែលហៅកាត់ថា EU កាលពីថ្ងៃទី៤ ខែតុលា…

អន្តរជាតិ ៖ យោងតាមប្រភពពីគេហទំព័រ Bloomberg បានរាយការណ៍ថា សហភាពអឺរ៉ុប ដែលហៅកាត់ថា EU កាលពីថ្ងៃទី៤ ខែតុលា បានបោះឆ្នោតដើម្បីដំឡើងពន្ធខ្ពស់រហូតដល់ ៤៥% លើរថយន្តអគ្គិសនីនាំចូលពីប្រទេសចិន ដែលស្ថិតនៅក្នុងផែនការមួយ បង្កើនភាពតានតឹងពាណិជ្ជកម្មជាមួយនឹងទីក្រុងប៉េកាំង។ គណៈកម្មការអឺរ៉ុប ដែលជាអង្គភាពប្រតិបត្តិរបស់ EU បានគូសបញ្ជាក់ថា ការដំឡើងពន្ធនេះ អាចបន្តអនុវត្តដែលនឹងមានរយៈពេល៥ឆ្នាំ។

តាម​ប្រភពដដែលបានបន្តថា រដ្ឋជាសមាជិកចំនួន ១០ បានបោះឆ្នោតគាំទ្រផែនការនេះ ប៉ុន្តែ ប្រទេសអាល្លឺម៉ង់ និង ៤ ប្រទេសផ្សេងទៀតបានបោះឆ្នោតប្រឆាំង និង ១២អនុប្បវាទ។ ការសម្រេចចិត្តរបស់សហភាពអឺរ៉ុបធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតរកឃើញថា ប្រទេសចិនបានឧបត្ថម្ភ​ធនលើឧស្សាហកម្មរថយន្តរបស់ខ្លួនដោយអយុត្តិធម៌ បើទោះបីជាទីក្រុងប៉េកាំងបានបដិសេធការចោទប្រកាន់យ៉ាងណាក៏ដោយ ហើយបានគំរាមកំហែងអត្រាពន្ធផ្ទាល់របស់ខ្លួនលើផលិតផលទឹកដោះគោ ម៉ាកយីហោល្បី សាច់ជ្រូក និងគ្រឿងបន្លាស់រថយន្តរបស់អឺរ៉ុប ដើម្បីជាការឆ្លើយតប។

អត្រាពន្ធដែលបានស្នើឡើងលើរថយន្តអគ្គិសនីចិនរហូតដល់ ៣៥% ដែលជាកាតព្វកិច្ចថ្មី បន្ថែមលើអត្រាពន្ធ ១០% ដែលមានស្រាប់ នឹងធ្វើឱ្យបណ្តាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសនេះ ចំណាយប្រាក់បន្ថែមរាប់ពាន់លានដុល្លារ ដើម្បីនាំយករថយន្តរបស់ពួកគេចូលទៅក្នុងទីផ្សារ EU ហើយត្រូវបានកំណត់ថានឹងអនុវត្តចាប់ពីខែក្រោយតទៅ សម្រាប់រយៈពេល៥ឆ្នាំទៅមុខ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ EU ក៏បានគូសបញ្ជាក់ផងដែរថា ខ្លួននឹងបន្តកិច្ចពិភាក្សាបន្ថែមទៀតជាមួយនឹងទីក្រុងប៉េកាំង។

EU កំពុងព្យាយាមយ៉ាងសកម្ម ដើម្បីកាត់បន្ថយភាពអាស្រ័យរបស់ខ្លួនលើប្រទេសចិន ដោយលោក Mario Draghi អតីតប្រធានធនាគារកណ្តាលអឺរ៉ុប បានព្រមានកាលពីខែមុនថា ការប្រកួតប្រជែងដែលឧបត្ថម្ភដោយរដ្ឋរបស់ប្រទេសចិន គឺជាការគំរាមកំហែងដល់ EU ។

EU ដែលបានធ្វើពាណិជ្ជកម្មលើទំហំទឹកប្រាក់៨១៥ពាន់លានដុល្លារជាមួយនឹងប្រទេសចិន កាលពីឆ្នាំមុនត្រូវបានបែងចែកថា តើខ្លួនត្រូវបន្តភាពដៃគូទៅមុខជាមួយចិនទៀតដែរឬទេ? ដែលនាំឱ្យភាគីទាំងពីរបន្តការចរចារ ដើម្បីស្វែងរកជម្រើសជំនួសឱ្យការដំឡើងពន្ធ។ ដ្បិតរថយន្តអគ្គិសនីចិន ដែលបានលក់នៅក្នុងទីផ្សារសហភាពអឺរ៉ុប បានកើនឡើងពីប្រហែល ៣ ភាគរយដល់ជាង ២០ ភាគរយក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅ៕ (ប្រភព ៖ Bloomberg, Reuters និង BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ