ខេត្តព្រះសីហនុ ៖ វីដេអូឃ្លីបមួយ ដែលបង្ហោះលើបណ្ដាញសង្គម នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធករណីមន្ត្រីនគរបាលសណ្ដាប់ធ្នាប់ បានស្ទូចរថយន្ត(ខូច) ដែលចតហួសចូលទ្រូងផ្លូវ នៅក្រុងព្រះសីហនុ ត្រូវបានលោកឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បញ្ជាទៅលោកស្នងការរង ផែនការងារនគរបាលសណ្ដាប់ធ្នាប់ កោះហៅមន្ត្រីនគរបាលសណ្ដាប់ធ្នាប់ទាំងនោះ ដើម្បីមកធ្វើការណែនាំអប់រំ ។
យោងតាមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា នៅវេលាម៉ោង០៨ និង៤៨នាទីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ បានចេញល្បាតរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ក៏ប្រទះឃើញរថយន្ត ១គ្រឿង ម៉ាកឡិចស៊ីស ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2V-6969 ចតនៅលើផ្លូវឯករាជ្យ ហួសគំនូសចូលមកទ្រូងផ្លូវ នៅទីតាំងមុខសាលារៀនកម្មករ ស្ថិតភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
សមត្ថកិច្ចក៏បានស្វែងរកម្ចាស់តែពុំឃើញ (រថយន្តនេះចតទុកចោលតាំងពីម៉ោង២ទៀបភ្លឺ ដោយគ្មានដាក់សញ្ញាសម្គាល់ថា រថយន្តខូច) សមត្ថកិច្ចក៏បានហៅឡានស្ទូច មកស្ទូចដើម្បីយកទៅរក្សាទុកបណ្តោះអាសន្ន ពេលកំពុងស្ទូចនោះ ម្ចាស់រថយន្តខាងលើក៏មកដល់ ព្រមទាំងធ្វើការថតវីដេអូភ្លាមៗ និងបានប្រាប់ឲ្យសមត្ថកិច្ចដាក់រថយន្តចុះវិញ ព្រោះឡានគាត់ខូច ។ ពេលនោះ សមត្ថកិច្ច ក៏បានប្រាប់ឲ្យម្ចាស់រថយន្តទៅយកនៅទីតាំងដាក់ឡាន តែគាត់មិនព្រម នៅតែធ្វើការថតវីដេអូរបង្ហោះតែម្តង ។
សមត្ថកិច្ចបានយករថយន្តខាងលើ ទៅដាក់ចុះនៅក្រោយសាលារៀនកម្មករ និងប្រគល់ទៅម្ចាស់រថយន្តវិញ ដោយមិនមានផាកពិន័យ អ្វីឡើយ ហើយម្ចាស់គណនីហ្វេសប៊ុក ដែលបានបង្ហោះវីដេអូ ក៏បានលុបវីដេអូចេញផងដែរ ។
បន្ទាប់មក ឧត្ដមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានបញ្ជាទៅលោកស្នងការរង ផែនការងារនគរបាលសណ្ដាប់ធ្នាប់ កោះហៅមន្ត្រីខាងលើ ដើម្បីមកធ្វើការណែនាំអប់រំ ផងដែរ ៕
ចែករំលែកព័តមាននេះ