រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់មានមុខរបរជាជាងកាត់ដេរសម្លៀកបំពាក់ បានបែកគំនិតធ្វើជាចោរប្លន់ ហើយបានធ្វើសកម្មភាពចាប់ក្រៀកផ្ដួលរឹតកមន្ត្រីនគរបាលមួយរូប ព្រមទាំងវាយហែកហោប៉ៅខោប្លន់យកកាបូបលុយរួចព្យាយាមរត់គេចខ្លួន ។ ប៉ុន្តែពេលនោះជនរងគ្រោះស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើលដល់នគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងពង្រ ចេញអន្តរគមន៍ឃាត់ខ្លួនជនសង្ស័យរូបនោះបានភ្លាមៗតែម្ដង ។
ហេតុការណ៍ខាងលើនោះបានកើតឡើង កាលពីវេលាម៉ោង២០និង៣០នាទីយបថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ក្រោមស្ពានអាកាសមហាវិថីសុីជីនពីង ហៅផ្លូវក្រវាត់ក្រុងទី៣ ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ជន បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់ដេរ មានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។ ចំណែកបុរសរងគ្រោះឈ្មោះ លឹម ថេង អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីនគរបាលជាតិ មានទីលំនៅភូមិសំបួរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នគរបាលបានប្រាប់ឲ្យដឹងថា ក្រោយពេលឃាត់ខ្លួនជនសង្ស័យបានកម្លាំងនគរបាលដកហូតសម្ភារ:ដែលប្លន់យកពីរងគ្រោះរួមមានកាបូបលុយ១, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក, អត្តសញ្ញាណប័ណ្ណនគរបាលជាតិ១សន្លឹក, ប័ណ្ណបើកបរ១សន្លឹក , កាតធនាគារATM ១សន្លឹក, ប័ណ្ណសំគាល់យានយន្ត១សន្លឹក , កាតចាក់វ៉ាក់សាំង១សន្លឹក, ប័ណ្ណប ស ស ១សន្លឹក, មួកសុវត្ថិភាព១ ។
នគរបាលបានប្រាប់ឲ្យដឹងបន្តទៀតថា នៅវេលាយប់ថ្ងៃកើតហេតុនោះ ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿងម៉ាកស៊ុយហ្ស៊ុយគី ណូវ៉ា ម្នាក់ឯងចេញពីបន្ទាយក្រាំងចេក ស្ថិតនៅភូមិដើមឫស ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលទៅផ្ទះ ។ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៣ ពីត្បូងទៅជើង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក្រោមស្ពានអាកាសផ្លូវក្រវ៉ាត់ក្រុងទី៣គាត់បានឈប់ម៉ូតូ ក៏ស្រាប់តែជនសង្ស័យខាងលើដើរទៅពីក្រោយរួចធ្វើសកម្មភាពចាប់ក្រៀក ក ជនរងគ្រោះជាប់ ។
នគរបាលរូបនោះបានបញ្ជាក់ប្រាប់ឲ្យដឹងទៀតថា ពេលនោះជនរងគ្រោះបានរើបំរះ ក៏ត្រូវជនសង្ស័យបោកផ្តួលទៅដី ហើយឡើងសង្កត់លើ រួចទាញខ្សែមួកសុវត្ថិភាពរឹតក ជនរងគ្រោះ ព្រមទាំងវាយហែកហោប៉ៅខោខាងស្តាំជនរងគ្រោះរួចយកកាបូបលុយរត់គេចខ្លួនចូលវាលស្រែ ។
ពេលនោះជនរងគ្រោះបានក្រោករត់ដេញតាមពីក្រោយ និងស្រែកឆោឡោថាចោរៗ បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលប៉ុស្តិ៍ក្រាំងពង្រជួយអន្តរគមន៍ឃាត់ខ្លួនសង្ស័យបានភ្លាមៗ រួមនិងវត្ថុខាងលើ ។ បន្ទាប់មកបាននាំទៅធ្វើការសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ