ខេត្តព្រះសីហនុ ៖ ក្នុងដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកអង់គ្លេស១គ្រឿង បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានប្រកបដោយសុវត្ថិភាព។
ក្នុងដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកអង់គ្លេស មកដល់កំពង់ផែស្វយ័តនាឱកាសនេះ មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោកវរនាវីឯក មាន សាវឿន នាយសេនាធិការរង មូលដ្ឋានសមុទ្ររាម ដោយបានដឹកនាំនាយនាវីចំនួន ៤២រូប អញ្ជើញទៅទទួលស្វាគមន៍បន្ទាប់ពីការចូលចតបានដោយសុវត្ថិភាព។
យោងតាមរបាយការណ៍ មូលដ្ឋានសមុទ្របានឲ្យដឹងថា នាវាកងទ័ពជើងទឹកអង់គ្លេស មានឈ្មោះ HMS SPEY (P234) ដឹកនាំដោយលោកវរនាវីទោ ប៉ូល ខេដឌី (Cdr Paul Caddy) មេបញ្ជាការនាវា។
លោកវរនាវីឯក មាន សាវឿន នាយសេនាធិការរង មូលដ្ឋានសមុទ្ររាម បានឱ្យដឹងថា ការចូលចតរបស់នាវាកងទ័ពជើងទឹកអង់គ្លេស នាពេលនេះ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងគោលបំណង ដើម្បីពង្រឹងទំនាក់ទំនងការទូតប្រទេសទាំងពីរ និយាយជារួម និងដោយឡែក ដើម្បីបង្កើន ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ពជើងទឹកប្រទេសទាំងពីរកម្ពុជា-អង់គ្លេស ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។
នៅលើនាវាមាន នាយនាវី នាយនាវីរង ពលនាវិក សរុបមានចំនួនរួម ៦៣នាក់ ហើយចំពោះលក្ខណៈបច្ចេកទេសរបស់នាវាមាន៖ បណ្តោយ ៩០,៤ម៉ែត្រ, ទទឹង១៣,៥ម៉ែត្រ, កម្ពស់៣៣,១ម៉ែត្រ, ជម្រៅទឹក៤,៣ម៉ែត្រ និងល្បឿនមធ្យម ២៥kts។
លោកក៏បានបញ្ជាក់ផងដែរថា ក្នុងដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកអង់គ្លេសនាពេលនេះ គណៈប្រតិភូបានចូលជួបសម្ដែងការគួរសម ជាមួយលោកឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម និងជួបសំដែងការគួរសមជាមួយលោកម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងមានការហ្វឹកហាត់រួមគ្នា រវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹកប្រទេសអង់គ្លេស មានកម្មវិធីសប្បុរសធម៌ ការប្រកួតកីឡារួមគ្នា និងដំណើរទស្សនាការអភិវឌ្ឍរបស់ខេត្ត ក៏ដូចជាតំបន់ទេសចរណ៍នានា ក្នុងក្រុងព្រះសីហនុផងដែរ៕
ចែករំលែកព័តមាននេះ