រាជធានីភ្នំពេញ ៖ បុរសពោះម៉ាយម្នាក់ មានមុខរបរជាជាងដែក សង្ស័យមានវិបត្តិ ២យ៉ាង គឺសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះ និងចូលស្ដីដណ្ដឹងប្រពន្ធថ្មី ត្រូវខាងស្រីប្រកែក បានឈានដល់ឲ្យគាត់ជួបរឿងស្មុគស្មាញ ហើយបានធ្វើការផ្ដាំផ្ញើដល់អ្នកជិតខាង និងសាច់ញាតិឲ្យជួយទៅមើលគាត់ និងជួយយកស.ពគាត់ទៅធ្វើបុណ្យផង។ ខណៈនោះ នឹកស្មានថា គាត់និយាយលេងប៉ុណ្ណោះ ទើបគ្មានអ្នកអើពើជាមួយគាត់ឡើយ លុះក្រោយមក ស្រាប់តែប្រទះឃើញគាត់ស្លា.ប់នៅក្នុងផ្ទះ ជាហេតុធ្វើឲ្យអ្នកជិតខាង និងសាច់ញាតិរបស់គាត់ មិនបានគិតដល់ថា គាត់គិតខ្លីហើយបញ្ចប់ជីវិតខ្លួនឯង បែបនេះសោះ ។
ហេតុការណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិខ្វិត សង្កាត់សាកសំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បុរសម្នាក់ ដែលជាអ្នករាប់អានជាមួយបុរសខាងលើនោះ បាននិយាយរៀបរាប់ប្រាប់ថា បុរសជាងដែករូបនោះឈ្មោះ ហែម ឈុន អាយុ៣៨ឆ្នាំ គាត់ជាបុរសពោះម៉ាយ កូន៣ បន្ទាប់ពីបានលែងលះគ្នាជាមួយប្រពន្ធ រយៈពេលប្រមាណ៥ឆ្នាំមកហើយ។ គាត់មានស្រុកកំណើតនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សព្វថ្ងៃស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ តែម្នាក់ឯងប៉ុណ្ណោះ ។ បុរសរូបនេះបានចង.,កសម្លាប់ខ្លួនជាប់ដំបូលផ្ទះរបស់គាត់ ហើយផ្ទះនោះ បានបិទទ្វារជិត និងខ្ទាស់គន្លឹះពីខាងក្នុងជាប់ទៀតផង ។
សាក្សីរូបនោះ បានប្រាប់ឲ្យដឹងបន្តទៀតថា ការលាគ្មានថ្ងៃត្រលប់នេះ សង្ស័យបណ្ដាលមកពីមូលហេតុ ២យ៉ាង ៖ គឺទី១. ព្រោះតែសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះខ្លាំងរកស៊ីមិនកាក់កប ប្រឈមនឹងបំណុលធនាគារ ដែលគាត់ខ្ចីលុយធនាគារមកធ្វើផ្ទះ និងធ្វើដើមទុនរកស៊ី និងទី២. សង្ស័យតូចចិត្តរឿងចូលស្ដីដណ្ដឹងកូនអ្នកភូមិ ប៉ុន្តែខាងស្រី និងក្រុមគ្រួសារបានបដិសេធ មិនស្រលាញ់ មិនព្រមឲ្យ ប៉ុន្តែទោះជាបែបណារឿងរ៉ាវ និងមូលហេតុពិតច្បាស់លាស់ពីនេះទៀត បែបណានោះ នៅមិនទាន់ដឹងនៅឡើយទេ ។
ប្រភពដដែល បានប្រាប់បន្ថែមទៀតថា ដោយឡែកមុនពេលស្លា.ប់ ជាងដែករូបនោះ បាននិយាយផ្ដាំផ្ញើអ្នកជិតខាង និងសាច់ញាតិថា «ស្រីខួច បើឃើញភ្លើងផ្ទះខ្ញុំនៅភ្លឺ ចាំជួយទៅមើល និងយកស.ពខ្ញុំ ធ្វើបុណ្យផង» ។ ខណៈនោះ ពុំមាននរណាចាប់អារម្មណ៍នោះទេ ព្រោះស្មានថា គាត់និយាយលេង
លុះដល់វេលាយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ បានផឹកស៊ីជាមួយអ្នកជិតខាង និងផឹកអស់ស្រាបៀរ ៣កំប៉ុង រួចទើបចូលដេកបាត់ទៅ ។
ប្រភពដដែល បាននិយាយទៀតថា រហូតដល់ពេលកើតហេតុ អត់ឃើញគាត់បើកទ្វារផ្ទះចេញក្រៅដូចសព្វដង ទើបធ្វើឲ្យអ្នកជិតខាង នឹកឃើញដល់សម្ដីដែលបុរសនោះ ផ្ដាំផ្ញើឲ្យជួយយកស.ពគាត់ធ្វើបុណ្យ ក៏បាននាំគ្នាទៅអឺតមើលតាមប្រហោងទ្វារ ស្រាប់តែឃើញបុរសនោះចង.,កស្លាប់បាត់ទៅហើយ។ ទើបមានការភ្ញាក់ផ្អើលឆោឡោ និងហួសចិត្តគ្រប់ៗគ្នាតែម្ដង បន្ទាប់មកបានបានរាយការណ៍ ជូននគរបាលប៉ុស្តិ៍សាក់សំពៅ និងនគរបាលខណ្ឌដង្កោ ឲ្យចុះទៅពិនិត្យ និងចាត់ចែងតាមនិតិវិធី ព្រមទាំងជំនាញរបស់នគរបាល ។
សូមបញ្ជាក់ផងដែរថា ចំពោះការរៀបរាប់អំពីមូលហេតុ នៃការសម្លាប់ខ្លួនរបស់ស.ពបុរសនោះ គឺជាការអះអាងរបស់អ្នកជិតខាង ដែលតែងតែផឹកស៊ីជជែកគ្នា ស្ទើររាល់ជាមួយបុរសនោះតែប៉ុណ្ណោះ។ ពុំទាន់ដឹងថា តើវាជាការពិតដែរ ឬបែបណាឲ្យប្រាកដនោះឡើយ ប្រសិនបើមានដំណឹងអ្វីផ្សេងក្រៅពីនេះទៀត កោះសន្តិភាព នឹងផ្សាយជូនជាបន្តទៀត ៕



ចែករំលែកព័តមាននេះ