ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ​កន្លែងបាក់​ស្រុត និង​បញ្ជា​ឲ្យ​ជួសជុល​ឡើង​វិញ ត្រូវ​បិទផ្លូវ ធ្វើការ​បុក​ស៊ី​ផាយ​ជា​បន្ទាន់

18 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៤​នេះ…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៤​នេះ បាន​ធ្វើ​ដំណើរ​យ៉ាង​បន្ទាន់ ចេញពី​ខេត្ត​មណ្ឌល​គី​រី ឆ្ពោះ​មក​កាន់​រាជធានី​ភ្នំពេញ ដើម្បី​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​មើល​ស្ថានភាព នៃ​ការ​បាក់​កំណាត់​ផ្លូវ​បេតុង អប​សងខាង​ប្រឡាយ​ស្ទឹង​មាន​ជ័យ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ ក្រោយ​ពី​លោក​ដឹកនាំ​ប្រតិភូ​សាលា​រា​ធានី​ភ្នំពេញ ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​កងទ័ព​ជួរ​មុខ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និង​ការ​ធ្វើ​ទស្សនៈកិច្ច​មើល​បង្គោល​ព្រំដែន​លេខ​៦៥ ឡា​ប៉ា​ខេ (​កម្ពុជា​-​វៀតណាម​) ក្នុងភូមិ​អូ​អាម ឃុំ​ស្រែ​ខ្ទុំ ស្រុក​កែវ សី​ម៉ា ខេត្ត​មណ្ឌល​គី​រី ។

កំណាត់​ផ្លូវ​បេតុង អប​ប្រឡាយ​ស្ទឹង​មាន​ជ័យ បាន​បាក់​ជា​បណ្តើរ​ៗ នា​រសៀល​ថ្ងៃ​ទី​២៣ កញ្ញា​នេះ ហើយ​ការ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្តែង​ពី​សំណាក់​អភិបាល​រាជធានី​ភ្នំពេញ ធ្វើ​ឡើង​ដើម្បី​ស្វែងរក​មូលហេតុ ឈាន​ទៅ​រក​ការ​ទប់ស្កាត់ កុំអោយ​បាក់​បន្ត និង​ការ​បញ្ជៀ​ស នូវ​ហានិភ័យ​ផ្សេង​ៗ​ចំពោះ​ប្រជាពលរដ្ឋ​អ្នកដំណើរ និង​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ ។

លោក សាំ ពិសិដ្ឋ បាន​បញ្ជាក់​ផង​ដែរ​ថា លោក​ក៏​បាន​ណែនាំ​អោយ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ប្រើប្រាស់​កម្លាំង​ជំនាញ ដាក់​ប៉ា​រ៉ា​ស​បិទផ្លូវ ធ្វើការ​បុក​ស៊ី​ផាយ ជា​បន្ទាន់ និង​ការ​ជួសជុល​កំណាត់​ផ្លូវ ដែល​បាក់​ស្រុត​នេះ​ឡើង​វិញ ។

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ទៀត​ថា កំណាត់​ផ្លូវ​បេតុង ដែល​បាក់​ស្រុត​នេះ​មាន (​ប្រវែង ១៤៦​ម៉ែត្រ ទទឹង​៥​ម៉ែត្រ​) ស្ថិត​នៅ​ចំណុច​ខាងត្បូង​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ​។ ចំពោះ​មូលហេតុ នៃ​ការ​បាក់​ស្រុត​ផ្លូវ​នេះ ដោយសារ​ភ្លៀង​ធ្លាក់​ជាប់​គ្នា​ប៉ុន្មាន​ថ្ងៃនេះ បណ្ដាល​អោយ​ទឹក​ហូរ​ច្រោះ​ដី​ខាងក្រោម​ផ្លូវ និង​បាន​ធ្វើ​ឲ្យ​ដី​ទន់ជ្រាយ​រអិល​ទាំង​តួ​ថ្នល់ និង​បេតុង ទើប​មានការ​បាក់​ស្រុត​បែប​នេះ តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ