ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីមន្ទីរ​សាធារណការ ប្រាប់​មូលហេតុ នៃការបាក់​ស្រុត​ផ្លូវ​បេតុង​ប្រឡាយ​ស្ទឹង​មាន​ជ័យ

20 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បានអោយ​ដឹង​នៅ​ម៉ោង​៤​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៤​នេះ​ថា «​ករណី​បាក់​ស្រុត​ផ្លូវ​អម​សងខាង​ប្រឡាយ​ស្ទឹង​មាន​ជ័យ ប្រវែង ១៤៦​ម៉ែត្រ…

រាជធានី​ភ្នំពេញ ៖ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បានអោយ​ដឹង​នៅ​ម៉ោង​៤​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៤​នេះ​ថា «​ករណី​បាក់​ស្រុត​ផ្លូវ​អម​សងខាង​ប្រឡាយ​ស្ទឹង​មាន​ជ័យ ប្រវែង ១៤៦​ម៉ែត្រ ទទឹង ៥​ម៉ែត្រ បណ្តាល​មក​ពី​ទឹក​ហូរ​ច្រោះ​ដី ខាងក្រោម​តួ​ផ្លូវ ធ្វើ​អោយ​ដី​ទន់ជ្រាយ រអិល​បាក់​ជ្រាល​តួ​ផ្លូវ​» ។

បច្ចុប្បន្ន កម្លាំង​ជំនាញ​សហការ​ជាមួយ​អាជ្ញាធរ ធ្វើការ​ដាក់​បារាស ដំឡើង​ស្លាក​ចរចារ​បិទ​កំណាត់​នេះ ដើម្បី​គ្រឿងចក្រ​ចុះ​ជួសជុល​បឋម​ជា​បណ្តោះអាសន្ន​។ សូម​បងប្អូន​មេត្តា​ពង្វាង​ចរាចរ​ជា​បណ្តោះអាសន្ន ដោយ​សេចក្តី​អនុគ្រោះ ។

សូម​ជម្រាប​ថា «ភ្ញាក់ផ្អើល ! ផ្លូវបេតុងមាត់ប្រឡាយលូបានបាក់ស្រុត នៅសង្កាត់​ស្ទឹង​មាន​ជ័យ»ផ្លូវ​បេតុង​មាត់​ប្រឡាយ​លូ ក្បែរ​គល់​ស្ពាន​ស្ទឹង​មាន​ជ័យ ត្រូវ​បាន​បាក់​ស្រុត​ចុះ​ទៅ​ក្រោម ផ្អើល​ពលរដ្ឋ​ក្បែរ​ខាង​។ ភ្លាម​ៗ ផ្លូវ​មួយ​ខ្សែ​នេះ​ត្រូវ​បាន​អាជ្ញាធរ​ដាក់​របាំង​បិទផ្លូវ​ផ្អាក​ការ​ធ្វើ​ចរាចរ​ឆ្លងកាត់​ជា​បណ្ដោះអាសន្ន ផង​ដែរ ។

ហេតុការណ៍​បាក់​ស្រុត​នេះ បង្ក​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​០២​រសៀល​ថ្ងៃ​ទី ២៣ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ត្រង់​ចំណុច​មាត់​ប្រឡាយ​លូ ស្ទឹង​មាន​ជ័យ តាម​បណ្តោយ​ផ្លូវ​បេតុង ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​០២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័​ត៍​មាន​ពី​ប្រជាពលរដ្ឋ បាន​ប្រាប់​អោយ​ដឹង​ថា គិត​ចាប់ពី​មានការ​ស្តារ​ប្រឡាយ​លូ​ស្ទឹង​មាន​ជ័យ មាន​រយៈពេល​១០​ថ្ងៃ​ជាង​មក​ហើយ ដែល​ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ ចាប់ផ្តើម​ស្រុត​បន្តិច​ម្តង​ៗ ហើយ​ក៏​ធ្លាប់​បាន​រាយការណ៍​ជូន​អាជ្ញាធរ​រួច​មក​ហើយ ប៉ុន្តែ​មិន​មាន​ចំណាត់ការ​អ្វី​សោះ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៤​នេះ គាត់​បានឃើញ​ផ្លូវ​បេតុង​នេះ ចាប់ផ្តើម​មាន​សភាព ឃ្លាត​ពី​គ្នា​ជាង​១​តឹក កាន់តែ​ខ្លាំង​ឡើង​ៗ រហូត​មក​ដល់​រសៀល​ម៉ោង​០២​ថ្ងៃ​ចន្ទ​នេះ គាត់​កំពុង​សម្រាន្ត​នៅ​ក្នុងផ្ទះ ក៏​ស្រាប់តែ​ឮ​សំឡេង​លាន់​ដូច​បែក ខណៈនោះ​គាត់​រត់​មក​មើល ក៏​បាន​ប្រទះ​ឃើញ​ផ្លូវ​បេតុង​មួយ​ខ្សែ​នៅ​ខាង​មុខ​ផ្ទះ​របស់​គាត់ បាក់​ស្រុត​អស់​បាត់​ទៅ​ហើយ​។ តែ​ក៏​សំណាងល្អ មិន​បង្ក​អោយ​នរណា​ម្នាក់ រង​របួស​នោះ​ឡើយ ។

លោក ទូច សំ​អុល ចៅសង្កាត់​ស្ទឹង​មាន​ជ័យ​ទី​០២ បានអោយ​ដឹង​ថា ចំណុច​ផ្លូវ​នេះ គឺ​ធ្លាប់​ស្រុត​ម្តង​រួច​មក​ហើយ កាលពី​០៨​ឆ្នាំ​មុន ហើយ​ក៏​ត្រូវ​បាន​ជួសជុល​ឡើង​វិញ មក​ចាក់​បេតុង​វិញ​ម្តង​។ លោក​បន្ត​ទៀត​ថា ចំពោះ​ផ្លូវ ដែល​រង​ការ​បាក់​ស្រុត​នេះ​ដែរ គឺ​មាន​ប្រវែង ១៤៦​ម៉ែត្រ ។

បច្ចុប្បន្ន មន្ត្រី​ជំនាញ​ផ្នែក​ជួសជុល​ផ្លូវ កំពុងធ្វើការ​ត្រួតពិនិត្យ និង​សិក្សា​ពី​ផ្លូវ​រង​ការ​ខូចខាត​នេះ ដើម្បី​វាយតម្លៃ​ក្នុង​ការ​ជួសជុល​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ