ខេត្តត្បូងឃ្មុំ ៖ ទឹកទន្លេមេគង្គបានហក់ឡើងជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដោយសារតែភ្លៀងគ្រប់ទីកន្លែង ជាហេតុធ្វើឲ្យផ្លូវបេតុងមួយកំណាត់ប្រវែងប្រហែល១០០ម៉ែត្រនៅភូមិរការធំ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ត្រូវបានទឹកហូរកាប់ពីលើថ្នល់ ។ ជាមួយនោះ អាជ្ញាធរមូលដ្ឋានបានហាមមិនឱ្យរថយន្តធុនធំបើកឆ្លងកាត់ទៅវិញទៅមកនោះទេ ដើម្បីបញ្ចៀសការស្រុត ឬខូចផ្លូវដោយប្រការណាមួយ ។

លោកទូច ឆៃងីម មេឃុំជីរោទ៏ទី១ មានប្រសាសន៍ឲ្យដឹងថា ទឹកទន្លេបានហូរកាត់ផ្លូវបេតុងចំណុចភូមិរកាធំ កាលពីព្រឹកថ្ងៃទី២០ កញ្ញា ឆ្នាំ២០២៤ ជាហេតុធ្វើឲ្យកង់ ម៉ូតូ និងរថយន្ត មិនអាចបើកឆ្លងកាត់បានដោយទឹកឡើងលិចស្ទើរតែត្រឹមជង្គង់មនុស្សចាស់ ។ ដោយមានការណែនាំពីលោកអភិបាលស្រុកត្បូងឃ្មុំ ក៏ដូចជាឯកឧត្តមអភិបាលខេត្ត គឺមិនអនុញ្ញាតឲ្យរថយន្តធុនធំបើកឆ្លងកាត់នោះទេ។

លោកមេឃុំជីរោទ៍ទី១មានប្រសាសន៍បន្តថា ដោយសារមានផ្លូវមួយខ្សែទៀតមាត់ទន្លេកង់ ម៉ូតូ និងរថយន្តធុនតូច អាចបើកឆ្លងកាត់បានតាមផ្លូវជិតមាត់ទន្លេវាងផ្លូវដែលទឹកលិចនោះ។ គិតរហូតមកដល់ល្ងាចថ្ងៃទី១៩ កញ្ញា ទឹកទន្លេនៅទ្រឹងមិនឡើងទៀតនោះទេ ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៣ កន្លងទៅទឹកទន្លេ បានឡើងមកលិចផ្លូវបេតុងប្រវែងប្រហែល២០០ម៉ែត្រ នៅភូមិរកាធំ ក្នុងអំឡុងខែតុលា តែនៅឆ្នាំ២០២៤នេះ ទឹករាងធំជាងឆ្នាំទៅបន្តិច ។ដោយទទួលបានការណែនាំពីឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានឲ្យលោកអភិបាលស្រុកត្បូងឃ្មុំចុះពិនិត្យមើល និងបានធ្វើរោងសម្រាប់ប្រជាពលរដ្ឋជ្រកនៅបណ្ដោះអាសន្នគេចពីទឹកជំនន់នៅត្រង់ទីទួលសុវត្ថិភាពក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ។

យោងតាមផេករបស់រដ្ឋបាលឃុំទន្លេបិទបានបង្ហាញពីទឹកទន្លេមេគង្គបានហូរចូលលិចផ្លូវបេតុងនៅភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ជាមួយនោះ អាជ្ញាធរក៏បានត្រៀមអូប័រ សម្រាប់ចល័ត និងសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ផងដែរ ។





<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ