ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិក រក​ឃើញ​ដៃគូ​វិនិយោគ​ធំ​បំផុត​របស់​ខ្លួន​ជំនួស​ចិន​បាន​ហើយ

18 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ បណ្តា​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង កំពុង​វិនិយោគ​លើ​ដើមទុន​យ៉ាងច្រើន​ទៅ​ក្នុង​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក ដែល​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី ចូ បាយ​ដិ​ន (Joe Biden) ដើម្បី​រុញ​ប្រទេស​ចិន​ចេញពី​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់…

សហរដ្ឋអាមេរិក ៖ បណ្តា​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង កំពុង​វិនិយោគ​លើ​ដើមទុន​យ៉ាងច្រើន​ទៅ​ក្នុង​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក ដែល​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី ចូ បាយ​ដិ​ន (Joe Biden) ដើម្បី​រុញ​ប្រទេស​ចិន​ចេញពី​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់ និង​ភាព​ជា​ដៃគូ​ធំ​បំផុត​របស់​ខ្លួន​។ ស្រប​ពេល​ភាព​រីក​ចម្រើន​របស់​បណ្តា​ក្រុមហ៊ុន​ផលិត​បច្ចេកវិជ្ជា​ទំនើប​ៗ​បាន​ជំរុញ​ឱ្យ​មានការ​កើនឡើង​នូវ​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​គម្រោង​ពី​ទីក្រុង​សេ​អ៊ូ​ល​ជា​ច្រើន​។ នេះ​បើ​តាម​ប្រភព​ពី​កាសែត Financial Times របស់​ចក្រភព​អង់គ្លេស​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤​។

ទិន្នន័យ​ពី​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តី​ពី​ពាណិជ្ជកម្ម និង​ការ​អភិវឌ្ឍន៍ ដែល​បាន​វិភាគ​ដោយ​កាសែត Financial Times បានឱ្យ​ដឹង​ថា ការ​ប្តេជ្ញា​ចិត្ត​លើ​គម្រោង​វិនិយោគ​របស់​សហរដ្ឋអាមេរិក​ពី​ក្រុមហ៊ុន​របស់​កូរ៉េ​ខាងត្បូង​មាន​តម្លៃ​សរុប​ដល់ ២១.៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កាលពី​ឆ្នាំ​មុន ពោល​ច្រើន​ជាង​ប្រទេស​ផ្សេង​ទៀត និង​វ៉ា​ដាច់​តៃវ៉ាន់ ដែល​ជា​អ្នក​វិនិយោគ​ធំ​ជាងគេ​កាលពី​ឆ្នាំ ២០២២ ។

ជា​លើក​ដំបូង និង​យ៉ាង​ហោច​ណាស់​១​ទសវត្សរ៍ ដែល​ប្រទេស​កូរ៉េ​ខាងត្បូង​ទទួល​បាន​តំណែង​កំពូល​សម្រាប់​គម្រោង​វិនិយោគ​ជាមួយ​អា​មេ​រិ​ក ខណៈ​តំណែង​ជា​របស់​ប្រទេស​ចិន​មួយ​នេះ​បាន​ធ្លាក់​ចុះ​ជា​លំដាប់ ព្រោះ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​កំពូល​ទាំង​ពីរ​របស់​ពិភពលោក​។ ប្រទេស​ចិន គឺជា​អ្នក​វិនិយោគ​កំពូល​នៅ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ ២០១៤ ប៉ុន្តែ​បាន​ធ្លាក់​មក​ចំណាត់ថ្នាក់​ទី​៨ កាលពី​ឆ្នាំ​មុន បន្ទាប់​ពី​ការ​វិនិយោគ​បាន​ធ្លាក់​ចុះ​មួយ​ភាគ​បី​។ គម្រោង​វិនិយោគ​កាលពី​ឆ្នាំ​មុន​ពី​កូរ៉េ​ខាងត្បូង​មាន​ចំនួន ១១% ទាប​ជាង​ឆ្នាំ ២០២២ ទិន្នន័យ​សរុប​មាន​ចំនួន ៩០ គម្រោង​ពី​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង កាលពី​ឆ្នាំ ២០២៣ ដែល​ជា​ចំនួន​កំណត់​ត្រា​ខ្ពស់​បំផុត និង​កើនឡើង ៥០% បើ​ធៀប​នឹង​ឆ្នាំ ២០២២​។

លោក Chihwan Kim នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Samkee ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​រថយន្ត​កូរ៉េ​ខាងត្បូង​បាន​ប្រាប់ Financial Times យ៉ាង​ដូច្នេះ​ថា «​សហរដ្ឋអាមេរិក​លែង​ចង់​មាន​ប្រភព​វិនិយោគ​ពី​ចិន​តទៅ​ទៀត​ហើយ ដែល​នេះ​កំពុង​ផ្តល់​ឱ្យ​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​នូវ​ឱកាស​មួយ ដើម្បី​ក្លាយជា​អ្នក​ផ្គត់ផ្គង់ និង​ដៃគូ​ដ៏​ធំ​របស់​សហរដ្ឋអាមេរិក​»​។ កាលពី​ឆ្នាំ​មុន Samkee បាន​បណ្តាក់ទុន​លើ​ទឹកប្រាក់ ១២៨​លាន​ដុល្លារ ដើម្បី​បើក​រោងចក្រ​ដំបូង​នៅ​សហរដ្ឋអាមេរិក ស្ថិត​នៅ​ទីក្រុង Tuskegee រដ្ឋ Alabama ដើម្បី​ផលិត​គ្រឿងបន្លាស់​រថយន្ត​។

ការ​កើនឡើង​សម្រាប់​ការ​វិនិយោគ​របស់​កូរ៉េ​ខាងត្បូង​កើតឡើង បន្ទាប់​ពី​ការ​អនុម័ត​ច្បាប់​របស់​រដ្ឋបាល​លោក បៃ​ដិ​ន ស្តី​ពី​ការ​ផិ​លិ​ត​បន្ទះ​ឈី​ប និង​វិទ្យាសាស្ត្រ ក៏​ដូច​ជា​ច្បាប់​កាត់​បន្ថយ​អតិផរណា​ក្នុង​ឆ្នាំ ២០២២ ដោយ​ផ្តល់​នូវ​ឥណទាន​ពន្ធ ប្រាក់​កម្ចី និង​ប្រាក់​ឧបត្ថម្ភ​រាប់រយ​ពាន់​លាន ដើម្បី​ចាប់ផ្តើម​ការ​ផលិត​ធាតុ​ផ្សំ​សំខាន់​សម្រាប់​បន្ទះ​ឈី​ប និង​បច្ចេកវិទ្យា​ស្អាត​របស់​អា​មេ​រិ​ក រួម​ទាំង​ថាមពល​ពន្លឺព្រះអាទិត្យ ពិសេស​បន្ទះ​ឈី​ប និង​រថយន្ត​អគ្គិសនី ដើម្បី​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ប្រទេស​ចិន ដែល​ជា​អ្នក​ផលិត​ដ៏​លេចធ្លោ​។

ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​រវាង​អា​មេ​រិ​ក និង​ចិន ក៏​បាន​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​ឱ្យ​កំណត់​ប្រតិបត្តិការ​ពួក​គេ​នៅ​ប្រទេស​ចិន ដើម្បី​បន្ត​ពង្រីក​ការ​វិនិយោគ​របស់​សហរដ្ឋអាមេរិក​។ ជាង​ពាក់កណ្តាល​នៃ​ការ​វិនិយោគ​ក្រៅប្រទេស​របស់​កូរ៉េ​ខាងត្បូង​បាន​ហូរ​ចូល​ទៅ​អា​មេ​រិ​ក​កាលពី​ឆ្នាំ​មុន កើនឡើង​ពី ១៨ ធៀប​នឹង​ឆ្នាំ ២០១៩​។

ទន្ទឹម​នឹង​នោះ ប្រទេស​ចិន​បាន​ទទួលផល​តិច​ជាង ១% នៃ​ការ​វិនិយោគ​របស់​កូរ៉េ​ខាងត្បូង កាលពី​ឆ្នាំ​មុន ពោល​ធ្លាក់​ចុះ ១១% ធៀប​នឹង​ឆ្នាំ ២០១៩៕ (​ប្រភព ៖ Financial Times រូបភាព ៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ