ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំកំពុងប្រើមនោគមន៍ទាក់ទាញសន្លឹកឆ្នោតពីជនជាតិអាមេរិកដើមកំណើតជ្វីប ឬអ៊ីស្រាអែល។ លោកថ្លែងថាបើលោកមិនឈ្នះឆ្នោតនៅអាណត្តិថ្មីនេះទេ ប្រទេសអ៊ីស្រាអែលមុខតែត្រូវរលាយបាត់រូបពីលើផែនដីនេះជាមិនខានឡើយព្រោះលោកមិនអាចជួយស្រោចស្រង់ប្រទេសនេះបានទេ។ ដូច្នេះ ការបោះឆ្នោតលើកនេះសំខាន់ណាស់។
វាជាការកំណត់ជោគវាសនា-អនាគតស្លាប់-រស់ចំពោះអ៊ីស្រាអែល។ ការបោះឆ្នោតលើកនេះជាការជួយសង្គ្រោះអ៊ីស្រាអែល។ អតីតប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋរូបនេះថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីជួបជុំគ្នាដែលរៀបចំដោយក្រុមប្រឹក្សាពលរដ្ឋអាមេរិកដើមកំណើតអ៊ីស្រាអែលក្រោមប្រធានបទ «រួមគ្នាប្រយុទ្ធប្រឆាំងនឹងគំនិតប្រឆាំងនឹងអ៊ីស្រាអែលនៅអាមេរិក»។
បន្ទាប់ពីលទ្ធផលស្ទង់មតិបង្ហាញថាពលរដ្ឋអាមេរិកដើមកំណើតអ៊ីស្រាអែលប្រហែលត្រឹមតែ៤០%ប៉ុណ្ណោះដែលអាចនឹងបោះឆ្នោតគាំទ្រលោកត្រាំ លោកសម្ដែងការសោកស្ដាយយ៉ាងខ្លាំង។ លោកថ្លែងថាបើនៅអាណត្តិថ្មីនេះលោកចាញ់ឆ្នោត ហើយអ៊ីស្រាអែលមានបញ្ហាអ្វីមួយកើតឡើង ពលរដ្ឋអាមេរិកដើមកំណើតជ្វីប (អ៊ីស្រាអែល) ក៏ត្រូវតែមានចំណែកខុសនៅក្នុងរឿងនេះផងដែរ។
លោកត្រាំរិះគន់លោកស្រីហារីសដែលជាបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ។ លោកថ្លែងថាលោកស្រីហារីសជាមេបំបះបំបោរឱ្យមានគំនិតប្រឆាំងនឹងអ៊ីស្រាអែលនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅក្នុងការថ្លែងសុន្ទរកថាលើកនេះ លោកត្រាំហាក់ដូចជាបង្ហាញថាលោកជាអ្នកគាំទ្រអ៊ីស្រាអែលយ៉ាងប្ដូរផ្ដាច់។ ក៏ប៉ុន្តែបើពួកគេមិនព្រមជួយជ្រោមជ្រែងឱ្យលោកឈ្នះឆ្នោតទេ ពួកគេក៏ជាអ្នកខុសដែរ។
យោងតាមលទ្ធផលស្ទង់មតិថ្មីៗនេះ លោកត្រាំ និងលោកស្រីហារីសទទួលបានសំឡេងគាំទ្រប្រហាក់ប្រហែលគ្នា។ ដូច្នេះ គេពិបាកប៉ាន់ស្មានថាតើតំណែងប្រធានាធិបតីអាមេរិកនៅអាណត្តិថ្មីនឹងធ្លាក់ទៅលើដៃរបស់អ្នកណា។ នៅក្នុងវេទិកាតទល់មតិគ្នារវាងបេក្ខជនទាំងពីរកាលពីដើមខែកញ្ញា លោកត្រាំហាក់ដូចជាចាញ់ប្រៀបលោកស្រីហារីស។ សូម្បីតែសមាជិកជាន់ខ្ពស់របស់គណបក្សសាធារណរដ្ឋក៏ទទួលស្គាល់ត្រង់ចំណុចនេះផងដែរ៕
ចែករំលែកព័តមាននេះ