ខេត្តកំពង់ស្ពឺ ៖ មន្ត្រីតុលាការខេត្តកំពង់ស្ពឺ សម្រេចបិទអាជីវកម្មបណ្តោះអាសន្នផ្ទះសំណាក់ យីហោ (ស្វិតធី) ក្រោយពីកម្លាំងនគរបាលស្រុកសំរោងទងធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៧នាក់ ខណៈដែលពួកគេបានប្រមូលផ្តុំគ្នាប្រើប្រាស់និងជួញដូរគ្រឿងញៀន នៅក្នុងផ្ទះសំណាក់យីហោ (ស្វីតធី) ដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១០កញ្ចប់ មធ្យម០១កញ្ចប់ ទូរស័ព្ទដៃ០៤គ្រឿងនិងឧបករណ៍ប្រើមួយចំនួនទៀត ស្ថិតនៅក្នុងភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សូមរំលឹកផងដែរថា÷ ការបង្ក្រាបក្រុមជនសង្ស័យនៅក្នុងផ្ទះសំណាក់យីហោ ស្វីតធី នេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ ដោយកម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀនស្រុកសំរោងទង និងមានការដឹកនាំសម្របសម្រួលដោយលោក ឈៀវ គីមហាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ និងមានការចង្អុលដឹកនាំពីលោកស្នងការនគរបាលខេត្តកំពង់ស្ពឺ។
បានធ្វើការបង្ក្រាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ឈ្មោះ ប៉ាត សំអឿន ( ហៅ វឹន ) ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅចំណុចភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង តាមចម្លើយសារភាព របស់ឈ្មោះខាងលើ កម្លាំងជំនាញក៏បានបន្តរឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ទៀត ដែលស្នាក់នៅក្នុងផ្ទះសំណាក់យីហោស្វីតធី ស្ថិតនៅភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រួមមាន
ទី១-ឈ្មោះ នួន សុផានី ភេទប្រុស អាយុ ៤០ឆ្នាំ ស្នាក់នៅភូមិ ត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ( អ្នកមើលការខុសត្រូវផ្ទះសំណាក់) ទី២-ឈ្មោះ នូ ផាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ ភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ទី៣-ឈ្មោះ អេង រដ្ឋា ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិត្រពាំងឬស្សី ឃុំសំបូរ ស្រុកសំរោងទង ទី៤-ឈ្មោះ គឹម យី ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ទី៥-ឈ្មោះ អេន ឈាងលី ភេទប្រុសអាយុ២៤ឆ្នាំ នៅភូមិត្រពាំងវែងទី២ ឃុំ សំបូរ ស្រុកសំរោងទង និងទី៦-ឈ្មោះ ខៀវ វិសាល អាយុ ១៧ឆ្នាំនៅភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសំរោងទងបានបន្តថា ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យទាំង៧នាក់ នៅក្នុងផ្ទះសំណាក់ យីហោ (ស្វីតធី)ខាងលើ នគរបាលបានធ្វើការដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១០កញ្ចប់ មធ្យម០១កញ្ចប់ ទូរស័ព្ទដៃចំនួន០៤ គ្រឿងនិងឧបករណ៍ប្រើប្រាស់គ្រឿង ញៀនចំនួន០៣ផងដែរ។ហើយក្រុមជនសង្ស័យខាងលើរួមជាមួយវត្ថុតាង សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ បានកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់។
នគរបាលស្រុកសំរោងទងបានបញ្ជាក់ទៀតថា÷ ក្រោយពីប្រតិបត្តិការបង្ក្រាបបានក្រុមជនសង្ស័យរួមជាមួយវត្ថុតាងរួចមក មន្ត្រីតុលាការខេត្តកំពង់ស្ពឺសម្រេចធ្វើការបិទអាជីវកម្មបណ្តោះអាសន្នផ្ទះសំណាក់យីហោ ស្វិតធី សិនរង់ចាំធ្វើការស៊ើបអង្កេតនៅពេលក្រោយទៀត៕
ចែករំលែកព័តមាននេះ