ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខេត្តកំពង់ស្ពឺត្រៀមលក្ខណៈជួយសង្គ្រោះ​​ពលរដ្ឋ ប្រ​សិន​មាន​គ្រោះ​ទឹកជំនន់​កើតឡើង ​

16 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ បាន​ណែនាំ​ដល់​កងកម្លាំង​ទាំង​០៣​ប្រភេទ និង​អភិបាលក្រុង​-​ស្រុក​ទាំង​៩ ឱ្យ​បង្កើន​ការ​យកចិត្តទុកដាក់ តាមដាន​ការ​វិវត្តន៍​ថ្មី​នៃ​ការ​ប្រែប្រួល​អាកាសធាតុ…

ខេត្តកំពង់ស្ពឺ​ ៖ ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ បាន​ណែនាំ​ដល់​កងកម្លាំង​ទាំង​០៣​ប្រភេទ និង​អភិបាលក្រុង​-​ស្រុក​ទាំង​៩ ឱ្យ​បង្កើន​ការ​យកចិត្តទុកដាក់ តាមដាន​ការ​វិវត្តន៍​ថ្មី​នៃ​ការ​ប្រែប្រួល​អាកាសធាតុ និង​ត្រៀមលក្ខណៈ​ឱ្យ​បាន​ស្រេច​នូវ​កម្លាំង​សរុប មធ្យោបាយ​សរុប ដើម្បី​បង្ការ សង្គ្រោះ និង​អន្តរាគមន៍​ឱ្យ​បាន​ទាន់​ពេលវេលា​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ទទួល​រង​គ្រោះ​ពី​ជំនន់​ទឹកភ្លៀង​កើតឡើង​ពី​ការ​បម្រែបម្រួល​អាកាសធាតុ​។

អភិបាលខេត្ត​កំពង់ស្ពឺ ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ បាន​លើក​ឡើង​បែប​នេះ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤​ថា ដោយសារ​តែ​បម្រែបម្រួល​អាកាសធាតុ បាន​ធ្វើ​ឱ្យ​ប្រទេស​ជិតខាង​កម្ពុជា ទទួល​រង​នូវ​គ្រោះ​ទឹកជំនន់ និង​ខ្យល់​កន្ត្រាក់​ធ្ងន់ធ្ងរ ដោយ​បាន​ធ្វើ​ឱ្យ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​រង​ការ​ខូចខាត និង​បាន​សម្លាប់​អាយុជីវិត​មនុស្ស​ជា​ច្រើន​នាក់​ផង​ដែរ​។​ការ​បម្រែបម្រួល​នេះ ក៏​បាន​ជះ​ឥទ្ធិពល​អាក្រក់​មក​លើ​ប្រទេស​កម្ពុជា​ផង​ដែរ ដែល​ក្រសួង​ជំនាញ​ប្រកាស​ទៅ​អាជ្ញាធរ​រាជធានី ខេត្ត ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពិសេស​ខេត្ត​ដែល​ជាប់​តាម​ទន្លេមេគង្គ​។

ឯកឧត្តម ជាម ច​ន្ទ័​សោភ័ណ បាន​បញ្ជាក់​ថា ត្បិត​ខេត្តកំពង់ស្ពឺ​មិន​ស្ថិត​នៅ​ជាប់​តាម​ដង​ទន្លេមេគង្គ តែ​ជា​រៀង​រាល់​ឆ្នាំ​ខេត្ត​នេះ​តែងតែ​កើត​មាន​ជំនន់​ទឹកភ្លៀង​នៅ​តាម​បណ្តា​ក្រុង ស្រុក ដែល​នេះ​គឺ​ផ្តើម​ឡើង​ពី​ស្ថានភាព​នៃ​ផ្ទៃ​រងទឹក​ភ្លៀង​ធំ ធ្វើ​ឱ្យ​ទឹក​ត្រូវ​ហូរ​ចាក់​ទៅ​តាម​ទី​ទំនាប​នានា​បង្ក​ជា​ជំនន់​លិចលង់​លំនៅ​ដ្ឋា​ន ស្រែ​ចម្ការ ច្បារ​ដំណាំ​របស់​ប្រជាពលរដ្ឋ​។ ដើម្បី​បង្ការ ទប់ស្កាត់​ពី​គ្រោះ​ទឹកជំនន់​ដែល​កើតឡើង​ជាយថាហេតុ​នេះ អាជ្ញាធរ​ក្រុង ស្រុក ត្រូវ​តែ​ត្រៀម​ឱ្យ​បាន​ស្រេច​នូវ​ទីទួល​សុវត្ថិភាព​សម្រាប់​ការ​ស្នាក់​នៅ​បណ្តោះអាសន្ន​របស់​ប្រជាពលរដ្ឋ​ក្នុង​គ្រោះ​ទឹកជំនន់ ហើយ​ទន្ទឹម​នឹង​នេះ​ក៏​ត្រូវ​ត្រៀម​នូវ​ស្បៀង​បម្រុង​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ដំណាក់កាល​នេះ​ផង​ដែរ​។

ជាមួយនឹង​ការ​ប្រកាស​ឱ្យ​អាជ្ញាធរ​ក្រុង​ស្រុក​ទាំង​៩​ត្រៀម​បង្ការ បង្កើន​ការ​យកចិត្តទុកដាក់ អភិបាលខេត្ត​កំពង់ស្ពឺ​ក៏​បាន​ដាក់​បទបញ្ជា​យ៉ាង​តឹង​រឹង​ទៅ​ដល់​កងកម្លាំងប្រដាប់អាវុធ​ហត្ថ​ទាំង​បី​ប្រភេទ​ឱ្យ​ត្រៀម​ជា​ស្រេច​កម្លាំង​សរុប មធ្យោបាយ​សរុប ដើម្បី​ចូលរួម​ឱ្យទាន់​ពេលវេលា ហើយ​ជាង​នេះ​មន្ទីរ​សុខាភិបាល​ខេត្ត​ក៏​ត្រូវ​ចាត់ចែង​ត្រៀម​បម្រុង​នូវ​ថ្នាំសង្កូវ​សម្រាប់​បង្ការ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​មាន​ជំងឺ​ដ​ង្កា​ត់​ផ្សេង​ៗ ពិសេស​ថ្នាំ​សត្វ​អ​សិរ​ពិស​ទិច ឬ​ខាំ​។

ម្យ៉ាងវិញទៀត​ចំពោះ​ប្រជាពលរដ្ឋ​រស់នៅ​តាម​មូលដ្ឋាន​ងាយ​រង​គ្រោះ ត្រូ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ចំពោះ​កូនចៅ មនុស្ស​ចាស់ ពេល​ដែល​ទឹកជំនន់​មក​ដល់ ហើយ​ត្រូវ​រាយការណ៍​ឱ្យ​បាន​ទាន់​ពេលវេលា​ដល់​អាជ្ញាធរ​មូលដ្ឋាន​នៅ​ពេល​ដែល​ទទួល​រង​គ្រោះ​ដោយ​ប្រការ​ណាមួយ ដើម្បី​ឱ្យ​កម្លាំង​បង្ការ សង្គ្រោះ​អាច​ជួយ​អន្តរាគមន៍​ទាន់​ពេលវេលា​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ