ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ឧប​ករណ៍​ចល័ត​បន្ថែម​នៅ​លីបង់​ដែល​​សង្ស័យ​ជា​ស្នា​ដៃ​អ៊ីស្រា​អែល

1 ថ្ងៃ មុន

ទី​ក្រុង​បេរូត៖ នៅ​ថ្ងៃ​នេះ គេ​ទទួល​ដំណឹង​ថា​មាន​ហេតុ​ការណ៍​ផ្ទុះ​ឧប​ករណ៍​ចល័ត​បន្ថែម​ទៀត​នៅ​រដ្ឋ​ធានី​បេរូត និង​ទីក្រុង​តូច​ធំ​ដទៃ​ទៀត​នៅ​ប្រទេស​លីបង់​។ លើក​នេះ​លែង​ផ្ទុះ​ឧបករណ៍​ផ្ញើ​សារ​ចល័ត​ដូច​កាល​ពី​ម្សិល​មិញ​ទៀត​ហើយ​ ប៉ុន្តែ​ជា​ការ​ផ្ទុះវិទ្យុ​ទាក់​ទង​ (អាយ​កូម) វិញ​ម្ដង​។ ​មានករណី​ផ្ទុះ១​​​កើត​ឡើង​​ក្បែរ​កន្លែង​​បុណ្យ​សព​ជន​រង​គ្រោះ​​ស្លាប់​កាល​ពី​ម្សិល​មិញ​។ ​ករណី​ផ្ទុះ​កក្រើក​ប្រទេស​លីបង់​ស្លាប់​​១២​នាក់​…

ទី​ក្រុង​បេរូត៖ នៅ​ថ្ងៃ​នេះ គេ​ទទួល​ដំណឹង​ថា​មាន​ហេតុ​ការណ៍​ផ្ទុះ​ឧប​ករណ៍​ចល័ត​បន្ថែម​ទៀត​នៅ​រដ្ឋ​ធានី​បេរូត និង​ទីក្រុង​តូច​ធំ​ដទៃ​ទៀត​នៅ​ប្រទេស​លីបង់​។ លើក​នេះ​លែង​ផ្ទុះ​ឧបករណ៍​ផ្ញើ​សារ​ចល័ត​ដូច​កាល​ពី​ម្សិល​មិញ​ទៀត​ហើយ​ ប៉ុន្តែ​ជា​ការ​ផ្ទុះវិទ្យុ​ទាក់​ទង​ (អាយ​កូម) វិញ​ម្ដង​។ ​មានករណី​ផ្ទុះ១​​​កើត​ឡើង​​ក្បែរ​កន្លែង​​បុណ្យ​សព​ជន​រង​គ្រោះ​​ស្លាប់​កាល​ពី​ម្សិល​មិញ​។

​ករណី​ផ្ទុះ​កក្រើក​ប្រទេស​លីបង់​ស្លាប់​​១២​នាក់​ និង​របួស​២៨០០​នាក់​​កាល​​ពី​ម្សិល​មិញ​​ជា​ស្នា​ដៃ​របស់​អ្នក​ណាត្រូវ​គេ​ទទួល​បាន​តម្រុយ​ជា​បណ្ដើរ​ៗ​ហើយ​​​។ មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ជា​ច្រើន​នាក់​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​​ឈ្មោះ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​អ៊ីស្រា​អែល​សម្រេច​ចិត្ត​បញ្ជា​ឱ្យ​ផ្ទុះ​មុន​កំណត់​នូវ​ឧប​ករណ៍​ផ្ញើ​សារ​ចល័ត​ដែល​ប្រើ​ប្រាស់​ដោយ​​​យុទ្ធ​ជន​របស់​​​ហេ​ស្បូ​ឡា​​​។

​​អ៊ីស្រាអែល​​បារម្ភ​ថា​​​រឿង​នេះ​​អាច​នឹង​បែក​​ការណ៍។​ ​បើ​ហេស្បូ​ឡា​ដឹង​ថា​អ៊ីស្រាអែល​លួច​បង្កប់​កម្ម​វិធី​​បញ្ជា​ឱ្យ​ផ្ទុះ​ពី​ចម្ងាយ​ចេញ​ពី​ឧបករណ៍​​ចល័ត​​ទាំង​នោះ​​ប្រាកដ​ជា​ផែន​ការ​​របស់​អ៊ីស្រាអែល​មិន​បាន​សម្រេច​ទេ​។ ដូច្នេះ ជា​ជាង​បែក​ការណ៍​ទាំង​កណ្ដាល​ទី​ដោយ​ឥត​បាន​បង្ក​បញ្ហា​​អ្វី​សោះ​សម្រាប់​​​ហេស្បូ​ឡា​ អ៊ីស្រាអែល​សម្រេច​ថា​បញ្ជា​ឱ្យ​ផ្ទុះ​នៅ​ក្នុង​ពេល​នេះ​តែ​ម្ដង​។​

មន្ត្រី​រដ្ឋា​ភិបាល​អាមេរិក​ម្នាក់​ប្រាប់​គេហ​ទំព័រ​អាក់​ស៊ីស​ (Axios) ថា​អ៊ីស្រា​អែល​​គ្មាន​ផ្លូវ​ផ្សេង​ជ្រើស​រើស​ទេ​ ត្រូវ​តែ​​​ចុច​បំផ្ទុះ​ឧប​ករណ៍​​ចល័ត​​។ បាន​លទ្ធ​ផល​ប៉ុណ្ណា​​យក​ប៉ុណ្ណឹង​។ គ្រាន់​បើ​ជាង​បែក​ការណ៍​ក្លាយ​​ជា​រឿង​អសារ​ឥត​ការ​។ នេះ​ជា​អ្វី​ដែល​អ៊ី​ស្រា​អែល​ប្រាប់​រដ្ឋា​ភិបាល​ទី​ក្រុង​វ៉ាស៊ីន​តោនអំពី​​​មូល​ហេតុ​​ដែល​ខ្លួន​ចាំ​បាច់​ត្រូវ​ចេញ​ប្រតិ​បត្តិ​ការភ្លាម​ដោយ​ឥតបង្អែ​បង្អង់​។​​

​តម្រុយ​ស្ដី​ពី​អ៊ីស្រាអែល​ពិត​ជា​នៅពី​ក្រោយ​រឿង​នេះ​ក៏​លេច​ចេញ​ជា​បណ្ដើរ​ៗ​ពី​ប្រភព​របស់​កង​សន្តិ​សុខ​ប្រទេស​លី​បង់ផង​ដែរ​។ ប្រភព​​អះ​អាង​​ថា​តាម​ពិត​ទៅ​ ភ្នាក់​ងារ​សម្ងាត់​របស់​អ៊ីស្រាអែល​ (ក្រុម​ម៉ូសាត -Mossad) បាន​លួច​បង្កប់​ឧប​ករណ៍​ផ្ទុះ​ដែល​បញ្ជា​ពី​ចម្ងាយ​នៅ​ក្នុង​ឧបករណ៍​ផ្ញើ​សារ​ចល័ត​ទាំង​នោះជា​ច្រើ​នពាន់​គ្រឿងអស់រយៈ​ពេល​​ជា​ច្រើន​ខែ​មក​ហើយ​​​។

ប្រភព​ដដែល​នេះ​បង្ហើប​ឱ្យ​ដឹង​ទៀត​ថា​​ឧប​ករណ៍​ផ្ញើ​សារ​ចល័ត​ទាំង​នោះត្រូវ​ភ្ញាក់​ងារ​សម្ងាត់​របស់​អ៊ីស្រាអែល​លួច​បន្លំ​ខ្លួន​ចូល​ទៅ​បង្កប់​កម្ម​វិធី​បញ្ជា​ឱ្យ​ផ្ទុះ​ពី​ចម្ងាយ​។ គេ​ជឿ​ជាក់​ថា​ឧប​ករណ៍​ទាំង​នេះ​ផលិត​ដោយ​ក្រុម​ហ៊ុន​របស់​ប្រទេស​ហុង​គ្រី ហើយ​ហុង​គ្រី​​ទិញ​​ម៉ាក​យីហោ​របស់​​​​ក្រុម​ហ៊ុន​​តៃវ៉ាន់​ហ្គោល​អា​ប៉ូឡូ (Gold Apollo) ​ដើម្បី​បិទ​នៅ​លើ​ផលិត​ផល​របស់​ខ្លួន​។

នៅ​​ពេល​មាន​រឿង​ធំ​បែប​នេះ ក្រុម​ហ៊ុន​របស់​តៃវ៉ាន់​ក៏​​ដេក​មិន​លក់​បក់​មិន​ល្ហើយ​ដែរ​។ ហ្គោល​អាប៉ូឡូថ្លែង​ថា​​ឧបករណ៍​​ទាំង​នោះ​​មិន​មែន​ជា​ផលិត​ផល​របស់​ខ្លួន​ទេ​​​។ ក្រុម​ហ៊ុន​តៃវ៉ាន់​យល់​ថា​ខ្លួន​​ជា​អ្នក​រង​ថ្ម​បាក់​នៅ​​ក្នុង​រឿង​នេះ​​។ មិន​យូរ​ប៉ុន្មាន​ ក្រុម​ហ៊ុន​ផលិត​ឧបករណ៍​​​ចល័ត​របស់​ហុង​គ្រី​ឈ្មោះ​ប៊ី​អេស៊ី​ (BAC) ​ថ្លែង​ថា​របស់​​​ទាំង​នេះ​ក៏​មិន​មែន​ជា​ផលិត​ផល​របស់​ខ្លួន​ដែរ​​​។

ទោះ​បី​អ៊ីស្រាអែល​រក្សា​ភាព​ស្ងៀម​ស្ងាត់​យ៉ាង​ណា​ក្ដី ប៉ុន្តែ​ក្រុ​មហេស្បូឡា​ដែល​មាន​ប្រទេស​អ៊ីរ៉ង់​ជា​ខ្នង​បង្អែក​ផង​ដែរ​នោះ​បាន​សច្ចា​ថា​ខ្លួន​មិន​អាច​នៅ​ស្ងៀម​បាន​ឡើយ​។ ខ្លួន​នឹង​ចាត់​វិធាន​ការ​សង​សឹក​វិញ​ទៅ​លើ​អ៊ីស្រាអែល​។ នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​ហេស្បូឡា​ ឬ​អ៊ីរ៉ង់​ប្រកាស​សង​សឹង​​អ៊ីស្រាអែល​។ ពួក​គេ​ធ្លាប់​និយាយ​បែប​នេះ​ជា​ច្រើន​ដង​ហើយ​នៅ​ពេល​​​អ៊ីស្រាអែល​បាញ់​សម្លាប់​មេ​បញ្ជា​ការ​របស់​ពួក​គេ​ម្ដង​ៗ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ