រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានជូនពរបងប្អូនប្រជាពលរដ្ឋរីករាយជួបជុំគ្រួសារ និងទទួលបានសុខសុវត្ថិភាពក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកាសនៃពិធីកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌ ។
សម្តេចតេជោបានសរសេរយ៉ាងដូច្នេះថា ថ្ងៃទី១៨ កញ្ញា នេះ ត្រូវនឹងថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ គឺជាថ្ងៃកាន់បិណ្ឌ១នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក ។
សម្តេចតេជោបានបញ្ជាក់ថា«នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។ ពិធីកាន់បិណ្ឌនេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ខែភទ្របទ(១៨ ខែកញ្ញា) ដល់ថ្ងៃ១៤រោច ខែភទ្របទ(១ ខែតុលា) ឆ្នាំ២០២៤» ។
សូមជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធនូវពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមទីវត្តអារាម ដោយធ្វើជាចង្ហាន់រាប់បាត្រប្រគេនព្រះសង្ឃ ។
ពិធីបុណ្យដែលធ្វើតាមទំនៀមពីដូនតាមកនេះ ត្រូវបានដក់ជាប់ក្នុងគំនិតប្រជាពលរដ្ឋខ្មែរតជំនាន់មកថា វាជាពិធី ដើម្បីឧទ្ទិសកុសល្យជូនទៅដល់ដូនតា និងញាតិកាទាំង៧សណ្តានដែលបានចែកឋានទៅ ។
ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានចែកចេញជាពីរ គឺទី១-ជារយៈពេលនៃការកាន់បិណ្ឌចាប់ពីថ្ងៃទី១រោច ខែភទ្របទ រហូតដល់ថ្ងៃ១៤រោច ដោយប្រជាពលរដ្ឋខ្មែរតែងធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃ ។
ទី២-ថ្ងៃចុងក្រោយ គឺថ្ងៃ១៥រោច ដែលជាថ្ងៃភ្ជុំបិណ្ឌប្រជាពលរដ្ឋតែងធ្វើការជួបជុំគ្នាដើម្បីឆ្លងនូវសទ្ធាជ្រះថ្លា ដែលបានថ្វាយទានចំពោះភិក្ខុសង្ឃក្នុងរយៈពេល១៤ថ្ងៃកន្លងមក ។
ខ្មែរយើង គឺជាជនជាតិមួយដែលមានការដឹងគុណចំពោះបុគ្គលដែលបានធ្វើឧបការៈដល់ខ្លួនពោលគឺអ្នកកាន់ព្រះពុទ្ធសាសនាប្រកាន់យកគោលការណ៍ នៃការដឹងគុណ ហើយការដឹងគុណនេះ មិនមែននិយាយត្រឹមតែដូនតា ឬក៏ញាតិមិត្តរបស់ខ្លួនទេ គឺជាការដឹងគុណតាំងពីធម្មជាតិ ដឹងគុណពីអ្នកដទៃបើមិនជាប់ជាញាតិរបស់ខ្លួនយ៉ាងណាក៏ដោយ ប៉ុន្តែសម្តែងនូវទឹកចិត្តដឹងគុណ ដែលហៅថា កតញ្ញូតាធម៌ ទើបមានការឈានទៅធ្វើពិធីទាំងអស់នេះបាន ព្រោះបើយើងអត់មានកតញ្ញូនៅក្នុងចិត្តទេ គឺមិនអាចទៅធ្វើពិធីបុណ្យនេះបានទេ ។
និយាយជារួមមក ពិធីបុណ្យភ្ជុំបិណ្ឌនេះ ដូនតាខ្មែរបានប្រារព្ធធ្វើឡើងក្នុងគោលបំណងបង្រៀនទៅដល់កូនចៅឱ្យដឹងអំពីកំណើត ចេះគោរព ដឹងគុណ និងមានកតញ្ញូធម៌ដល់អ្នកមានគុណ។ លើសពីនេះយើងជាជនជាតិខ្មែរ ត្រូវស្គាល់អំពីកំណើត និងការដឹងគុណ។ «សូមចូលរួមចំណែកដើម្បីរក្សាវប្បធម៌ជាតិយើង ពិសេសបំផុត គឺបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីក្លាយជាអ្នកបន្តវេណជំនាន់ក្រោយទៀត រក្សាតម្លៃដ៏ពិសិដ្ឋ នៃកតញ្ញូធម៌»៕
ចែករំលែកព័តមាននេះ