រាជធានីភ្នំពេញ ៖ ព្យុះទី១៤ មានឈ្មោះ ពូលឡាសាន បានបន្តធ្វើកម្ពុជា មានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៨ ដល់២០ ខែកញ្ញា ឆ្នាំ២០២៤ ។
យោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និងឧតុនិយម បានអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា ព្យុះទី១៤ ឈ្មោះ ពូលឡាសាន (Pulasan) ជាមួយនឹងវិសម្ពាធទាប ដែលកើតនៅសមុទ្រចិនខាងត្បូង បានមានឥទ្ធិពលខ្លាំងលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ ខណៈសម្ពាធទាប នៅបន្តគ្របដណ្តប់លើភាគកណ្តាល នៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា ។
ក្រសួងធនធានទឹក បានលើកឡើងទៀតថា ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C ។
ខ្យល់បក់មកពីទិសនិរតី និងពាយ័ព្យ មានល្បឿនមធ្យម៥ម៉ែត្រវិនាទី ។ ខេត្តបន្ទាយមានជ័យ បាត់ ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី៦០% ។
ចំណែកនៅតំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C ។ ខ្យល់បក់មកពីទិសនិរតី និងពាយ័ព្យមានល្បឿនមធ្យម៤,៥ម៉ែត្រ/វិនាទី ។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៦៥% ។
ដោយឡែក នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C ។ ខ្យល់បក់មកពីទិសនិរតី និងពាយ័ព្យ មានល្បឿនមធ្យម៥ម៉ែត្រ/វិនាទី ។
ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៤០% ។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា១,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា២,២៥ម៉ែត្រ ៕
ចែករំលែកព័តមាននេះ