រាជធានីភ្នំពេញ ៖ ប្រធានវង់ល្ខោនលោក អុល សំអាង បានទម្លាយនូវរឿងរ៉ាវបែបអបិយជំនឿមួយចំនួនដែលលោកធ្លាប់បានជួបប្រទះ អំឡុងពេលវង់ល្ខោនរបស់លោកចេញសម្តែងនៅតាមបណ្តាខេត្តនានា ខណៈពេលដែលរឿងរ៉ាវទាំងនោះ បានធ្វើឲ្យលោកព្រឺសប្បុរនៅពេលរំលឹកឡើងវិញ ។

ថ្លែងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិច កាលពីពេលថ្មីៗនេះ លោក អុល សំអាង បាន
លើកឡើងថា កាលដើមឡើយ លោកក៏មិនសូវជឿ និងការគោរពរឿងអបិយជំនឿនេះមាំទាំដែរ ដោយសាររូបលោក គឺជាអ្នកសិក្សាសង្គមបែបវិទ្យាសាស្ត្រតាំងពីថ្នាក់តូចមក ។

លោកបន្តថា កន្លងមក រឿងអបិយជំនឿនេះ លោកធ្លាប់តែឮពីការនិយាយរបស់ចាស់ៗពីមាត់មួយទៅមាត់មួយ ប៉ុន្តែនៅពេលដែលលោកបានចាប់ផ្តើមដឹកនាំសិល្បៈសម្តែងនោះ លោកក៏ហាក់យល់ពីរឿងរ៉ាវមួយនេះ ។

លោកបញ្ជាក់ថា នៅពេលដែលក្រុមលោកទៅសម្តែងនៅតាមទីកន្លែងនានា ហើយប្រសិនបើយើងមិនបានសែនព្រេងថ្វាយអ្វីទេនោះ គឺការសម្តែងក្រុមលោកហាក់មានភាពរអាក់រអួល ហើយផ្ទុយទៅវិញ ប្រសិនបើលោកបានសែនសុំម្ចាស់ទឹកម្ចាស់ដីនោះ ការសម្តែងរបស់ក្រុមលោកក៏មានភាពរលូន ។

លោក អុល សំអាង បានលើកឡើងបន្ថែមថា ជាឧទាហរណ៍កាលពីអំឡុងពេលក្រុមលោកសម្តែងនៅវត្តព្រែកថ្លឹង ក្នុងរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ ក្រុមលោកបានរៀបចំថ្វាយដែរ ប៉ុន្តែនៅពេលយប់ឡើង កូនក្រុមរបស់លោកបាននាំគ្នាលេងសើចដោយពាក្យចំអេសចំអះមួយចំនួន ហើយនោះ គឺមេឃចាប់ផ្តើមភ្លៀងផ្គរយ៉ាងខ្លាំង ជាហេតុធ្វើឲ្យក្រុមលោកសម្តែងមិនកើត ។

ជាងនេះទៅទៀត ក៏មានភរិយាកូនក្រុមភ្លេងលោកម្នាក់ ខ្មោចចូលលានអណ្តាត ផ្អើលអស់អ្នក
សិល្បៈនៅក្បែរនោះ ដោយគ្មានអ្នកណាហ៊ានចូលទៅជិតឡើយ គឺមានតែលោកប៉ុណ្ណោះ ដោយពេលនោះ លោកក៏បានបន់ស្រន់រំលឹកដល់គ្រូបាអាចារ្យ និងសូត្របាលីដែលលោកចេះចាំតិចតួច ហើយគោះស្មា ទើបម្នាក់នោះដឹងខ្លួនវិញ និងបានស្រែកយំយ៉ាងខ្លាំង ។

លោកបន្ថែមថា កាលពីអំឡុងជាង១០ឆ្នាំមុន នៅពេលក្រុមរបស់លោកចេញទៅសម្តែងនៅក្នុងវត្តមួយ ដោយពេលសម្តែងចប់ ក្រុមលោកក៏បានរៀបចំឆាកបន្ត ដើម្បីសម្តែងលក់សំបុត្រវិញ ពេលនោះ មានកូនក្រុមខ្លះបាននាំគ្នាហូបគ្រឿងស្រវឹងរួចនាំគ្នាចូលសម្រាក ស្រាប់តែពេលនោះមានតួអង្គកំប្លែងជានារីម្នាក់ បានស្រែកឆោឡោឡើងថា បងៗជួយផងមានមនុស្សធំៗប៉ុនដើមត្នោតច្រើនណាស់កំពុងនៅលើឆាក ។

ដោយឡែក កាលពីអំឡុងពេលថ្មីៗនេះ នៅពេលក្រុមលោកចេញទៅសម្តែងក្នុងស្រុកឱរ៉ាល់ ពេលនោះ ល្ខោនចាប់ផ្តើមលេង លោកក៏ឃើញមានភ្លើងខៀវងងឹតហោះចេញពីដើមឈើទាល ជិតរោងល្ខោន ធ្វើឲ្យរូបលោក និងអ្នកមួយចំនួនទៀតដែលបានឃើញឡើងព្រឺសម្បុរគ្រប់ៗគ្នា ។

រឿងមួយទៀត នៅពេលដែលក្រុមលោកសម្តែងដោយលក់សំបុត្រនៅក្នុងបរិវេណវត្តមួយ ក្រោយសម្តែងចប់បុណ្យ នៅពេលនោះអំឡុងដំឡើងរោងខាងក្រោមចប់នៅវេលាម៉ោង១២យប់ រូបលោកដេកមិនលក់ ងើយទៅលើលោកក៏ឃើញភ្លើងប៉ុនកង់រទះហោះពីលើឆាកល្ខោនចាំងពន្លឺមកដល់ក្តារដែលក្រាលឆាក ហើយភ្លើងនោះក៏រលត់ទៅវិញនៅពេលទៅដល់កំពូលភ្នំមួយ ។
លោកបញ្ជាក់ថា ទាំងអស់នេះ គឺគ្រាន់តែលោករៀបរាប់ត្រួសៗប៉ុណ្ណោះ ពោលគឺនៅមានហេតុជាច្រើនទៀតដែលលោកពើបប្រទះអំឡុងពេលលោកដឹកនាំក្រុមសិល្បៈចេញទៅសម្តែងតាមទីកន្លែងនានា ។

យ៉ាងណា បើតាមលោក អុល សំអាង ចាប់តាំងពីជួបហេតុការណ៍បែបអបិយជំនឿជាបន្តបន្ទាប់នោះមក លោកតែងតែរៀបចំថ្វាយ និងគោរពប្រតិបត្តិយ៉ាងទៀងទាត់ចំពោះទីកន្លែងដូចជាវត្តអារាម អ្នកតា ឬទីកន្លែងគោរពបូជានានា ដែលប្រជាពលរដ្ឋនៅទៅនោះតែងគោរពប្រតិបត្តិ នៅមុនពេលក្រុមល្ខោនរបស់លោកសម្តែង ។
លោកថា ការធ្វើបែបនេះគឺលោកតែងកត់សម្កាល់ក្រុមលោកតែងទទួលបានជោគជ័យសម្រាប់ការសម្តែង និងមិនសូវជួបឧបសគ្គ និងការយាយីណាមួយពីខ្មោចព្រាយបិសាច ឬផ្លូវងងឹតណាមួយមកលើកូនក្រុមរបស់លោកនោះឡើយ ៕
ចែករំលែកព័តមាននេះ