ខេត្តកំពង់ស្ពឺ ៖ ក្រុមក្មេងទំនើងចំនួន៧នាក់ ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រួច ស្រាវជ្រាវបង្ក្រាបបាន ខណៈដែលក្រុមក្មេងទំនើងបើកឆាកប្រយុទ្ធគ្នាប្រដាប់ដោយចំពាមកៅស៊ូ ដុំថ្ម និងខ្សែរក្រវ៉ាត់ បង្កភាពអនាធិបតេយ្យនៅតាមទីសាធារណៈ ។ ការបង្ក្រាបក្រុមក្មេងទំនើងបានធ្វើឡើង កាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមិញ ។
មន្ត្រីនគរបាលស្រុកភ្នំស្រួចបាននិយាយឱ្យដឹងថា មុនពេលឈានទៅដល់ធ្វើការស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងទំនើងទាំង៧នាក់ខាងលើនេះ ដោយសារតែកាលពីវេលាម៉ោង០៥និង១៥នាទីល្ងាច ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្លូវក្រាលកៅស៊ូ ស្ថិតនៅក្នុងភូមិមាត់សាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីហិង្សាដោយចេតនាមួយបានកើតឡើងរវាងក្រុម (ក្មេងទំនើង)ដែលបង្កឡើងដោយក្រុមក្មេងទំនើងចំនួន០២ក្រុម ក្រុមទី០១នោះ មានគ្នាចំនួន០២នាក់ជិះម៉ូតូ០១គ្រឿង។
រីឯក្រុមទី០២មានគ្នាចំនួន០៦នាក់ជិះម៉ូតូ០២គ្រឿង ហើយបានធ្វើសកម្មភាពបើកឆាកប្រយុទ្ធ វាយតប់គ្នាទៅវិញទៅមក ដោយប្រើប្រាស់ជំពាមកៅស៊ូ ដុំថ្ម និងខ្សែក្រវ៉ាត់ បណ្តាលឱ្យយបែកក្បាលទាំងសងខាង(ក្រុមទី០១បែកក្បាលម្នាក់ ចំណែកក្រុមទី០២រងរបួសបែកក្បាលម្នាក់ដែរ) ក្រោយកើតហេតុក្រុមទាំង០២ក្រុមក៏បែកផ្លូវគ្នារៀងខ្លួន។
មន្ត្រីនគរបាលស្រុកភ្នំស្រួចបានបន្តថា លុះរហូតមកដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលបានហៅជនសង្ស័យជាក្មេងទំនើងទាំង០២ក្រុមនោះ មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។ ដោយក្រុមទី០១ មានឈ្មោះ១.ឈ្មោះ វិន ដាវ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ (រងរបួសបែកក្បាល) រស់នៅភូមិព្រំរលក ឃុំតាំងស្យា ស្រុកភ្នំស្រួច ២.ឈ្មោះ ភក្តី ភេទប្រុស អាយុ២០ឆ្នាំរស់នៅភូមិគីរីរស្មី ឃុំតាំងស្យា ស្រុកភ្នំស្រួច (រត់គេចខ្លួន)។
ដោយឡែក ក្រុមទី០២ មានឈ្មោះទី១.ឈ្មោះឈឿន ឧត្តម ភេទប្រុស អាយុ១៩ឆ្នាំ ទី២.ឈ្មោះវ័រ សុខ ភេទប្រុស អាយុ១៨ឆ្នាំ ទី៣.ឈ្មោះរស់ បូរ៉ាណ ភេទប្រុស អាយុ១៩ឆ្នាំ(បែកក្បាល) ទី៤.ឈ្មោះសន រតនា ភេទប្រុស អាយុ១៩ឆ្នាំ ទី៥.ឈ្មោះ មុត ផាន់ណា ភេទប្រុស អាយុ១៨ឆ្នាំ និងទី៦.ឈ្មោះ យឿន យឹនហ្វី ភេទប្រុស អាយុ១៩ឆ្នាំ អ្នកទាំង០៦នាក់ខាងលើរស់នៅភូមិក្រាំងត្របែក (អូរមុខទឹក) ឃុំព្រៃរដួល ស្រុកភ្នំស្រួច។ បន្ទាប់ពីសមត្ថកិច្ចជំនាញសួរនាំ ក្រុមក្មេងទំនើងបានឆ្លើយសារភាពថា ពួកខ្លួនទាំងអស់គ្នា ពិតជាបានធ្វើសកម្មភាពដូចបានរៀបរាប់ខាងលើប្រាកដមែន។
ក្រោយឃាត់ខ្លួនបានក្រុមក្មេងទំនើងទាំង០២ក្រុមខាងលើសមត្ថកិច្ចនគរបាលបានកសាងសំណុំរឿងបញ្ជូនក្មេងទំនើងទាំង០២ក្រុម ទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ដោយ៖ អ៊ុ ណូន
ចែករំលែកព័តមាននេះ