រាជធានីភ្នំពេញ ៖ ផ្ទះល្វែងមួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវk៥ ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ត្រូវបានអគ្គិភ័យឆាប់ឆេះផ្សែងហុយទ្រលោម តែសំណាងល្អប្រជាពលរដ្ឋនាំគ្នាជួយបាញ់ពន្លត់ទាន់ ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ និង៤៥នាទីព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ហើយរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងបានទៅអន្តរាគមន៍ផងដែរ ។
តាមសាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាប់ឆេះចេញពីជាន់ទី១ ផ្សែងហុយទ្រលោម បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរខាង បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍បា.ញ់ពន្លត់ និងទាក់ទងរថយន្តពន្លត់អគ្គិភ័យ១គ្រឿងបានទៅអន្តរាគមន៍បា.ញ់ពន្លត់ ហើយភ្លើងបានរលត់ទៅវិញ ពុំបណ្តាលអោយឆេះរាលដាល់ធ្ងន់ធ្ងរឡើយ ។
ទាក់ទិនការកើតមានអគ្គិភ័យនេះតាមម្ចាស់ផ្ទះបានឲ្យដឹងថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនីម៉ាស៊ីនបោកគក់ខោអាវ ។
តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា អគ្គិភ័យនេះបានបណ្ដាលឲ្យសម្ភារៈមួយចំនួន រួមមាន ខោអាវ ,ម៉ាស៊ីនបោកគក់ និងសម្ភារៈមួយចំនួនបានរងការខូចខាត ៕
ចែករំលែកព័តមាននេះ