រាជធានីភ្នំពេញ ៖ ប្រទេសតួកគី នឹងបន្តគាំទ្រយ៉ាងពេញទំហឹង ក្នុងការផ្សព្វផ្សាយនូវសមិទ្ធផលនានា ក៏ដូចជាបទពិសោធន៍ដ៏ជោគជ័យជាប្រវត្តិសាស្ត្ររបស់កម្ពុជា ទៅកាន់ពិភាពលោកឲ្យបានទូលំទូលាយ នេះបើតាមលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ។
នៅក្នុងជំនួបជាមួយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគី បានថ្លែង នូវការកោតសរសើរចំពោះបទពិសោធន៍ដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្សះផ្សា និងការកសាងសន្តិភាព រហូតមាតុភូមិកម្ពុជា មានអភីវឌ្ឍលើគ្រប់វិស័យ ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងតំបន់ និងពិភពលោក ។
លោកជំទាវ បានបន្ថែមទៀតថា ប្រទេសតួកគី នឹងបន្តគាំទ្រយ៉ាងពេញទំហឹង ក្នុងការផ្សព្វផ្សាយ នូវសមិទ្ធផលនានា ក៏ដូចជាបទពិសោធន៍ដ៏ជោគជ័យជាប្រវត្តិសាស្ត្ររបស់កម្ពុជា ទៅកាន់ពិភាពលោកឲ្យបានទូលំទូលាយ ។
លោកជំទាវ ក៏បានអបអរសាទរចំពោះកម្ពុជា ដែលបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គ IPTP លើកទី១១ នៅខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ដែលបង្ហាញអំពីសាមគ្គីភាពក្នុងស្មារតីសន្តិភាព ភាពអត់ឱន និងសហប្រតិបត្តិការ ។
ឯកឧត្តម សួស យ៉ារ៉ា បានបញ្ជាក់ថា កម្ពុជានិងតួកគីយ៉េ មានទំនាក់ទំនងជិតស្និទ្ធយូរអង្វែង ហើយភាគីទាំងពីរឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម វិស័យវប្បធម៌ និងបច្ចេកវិទ្យា ដើម្បីផលប្រយោជន៍ នៃប្រជាជននៃប្រទេសទាំងពីរ ៕
ចែករំលែកព័តមាននេះ