ខេត្តកោះកុង ៖ បន្ទាប់ពីកោះសន្តិភាពបានចុះផ្សាយរឿងមន្ត្រីធំម្នាក់យកស៊ីម៉ង់ត៍រាប់សិបតោន ទម្លាក់ក្នុងសមុទ្រ ដើម្បីផ្ញើទំនប់ទប់ពង្រីកយកដីឆ្នេរធ្វើជាកម្មសិទ្ធិកាលពីម្សិលមិញ(15 កញ្ញា 2024) បានធ្វើអោយបែកធ្លាយរឿងសម្ងាត់ដែលលោកមេឃុំឆ្លើយថា អត់ដឹងនោះ សាយភាយក្លិនស្អុយដល់មហាជនដូចបែកពាងប្រហុកអីចឹង ។
ពលរដ្ឋ និងមន្ត្រីមូលដ្ឋានក្នុងឃុំជ្រោយស្វាយជាច្រើននាក់បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា គ្មានពលរដ្ឋណាម្នាក់ក្នុងភូមិជ្រោយស្វាយខាងលិច មានលុយយកទៅទិញស៊ីម៉ង់ត៍ធ្វើជញ្ជាំងទៅទប់សមុទ្របែបនេះទេ ការពិត ទីតាំងដីខាងមុខជាដីគោកជាកម្មសិទ្ធិរបស់មន្ត្រីអ្នកមានទ្រព្យ និងមានអំណាចម្នាក់នៅឯរាជធានីភ្នំពេញ ។ ចំណែកខាងក្រោយជាដីឆ្នេរសមុទ្រ មានជម្រៅទឹកជិត២ម៉ែត្រ ពេលទឹកសមុទ្រជោ ដែលទូកនេសាទប្រជាពលរដ្ឋអាចចេញ-ចូលបានដោយរលូនតាំងពីដូនតាមកម្ល៉េះ តែមន្ត្រីខាងលើចង់រំលោភយកជាលើកទី២ ។
ប្រភពដដែលបានប្រាប់ទៀតថា ពេលដែលពាងប្រហុកត្រូវបានបែកធ្លាយ លោកស្រីអភិបាលខេត្ត មិថុនាភូថង បានដាក់បទបញ្ជាអោយចុះស្រាវជ្រាវជាបន្ទាន់ អោយលោកមេឃុំ និងគណៈកម្មការថ្នាក់ស្រុក ចុះទៅពិនិត្យទីតាំងជាក់ស្តែង កាលពីថ្ងៃអាទិត្យ ទី១៥ កញ្ញា ២០២៤ យ៉ាងតក់ក្រហល់ ។ ពេលដែលគណៈកម្មការចម្រុះទៅដល់ម្ចាស់ដីក៏បានទទួលស្វាគមន៍គណៈកម្មការដោយស្រាបៀរហ្គែនប៊ើតយ៉ាងត្រជាក់ទៀតផង ។
បន្ទាប់ម គណៈកម្មការក៏ប្រឹងរិះរកវិធីបង្កើតប្រជាពលរដ្ឋសិប្បនិម្មិត១៥គ្រួសារថា ជាអ្នកទិញស៊ីម៉ង់ត៍មកតម្រៀបក្នុងសមុទ្រ ដើម្បីបិទបាំងមុខមាត់ពិតរបស់ម្ចាស់ដីទៅវិញ ធ្វើអោយពលរដ្ឋមានការងឿងឆ្ងល់យ៉ាងខ្លាំង ។
ទោះជាយ៉ាងណា គណៈកម្មការមួយនេះ បានខំប្រឹងបញ្ចេញសាច់ដុំដោយបានដាក់ឱសានវាទអោយម្ចាស់បាវស៊ីម៉ង់ត៍រាប់សិបតោនខាងលើ ជញ្ជូនបាវស៊ីម៉ង់ត៍ចេញពីក្នុងសមុទ្រអោយអស់ក្នុងរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៥ ខែកញ្ញា ២០២៤ ជាកំហិត ។ ក្រោមការត្រួតពិនិត្យរបស់លោកមេឃុំ និងបានរំដោះដីឆ្នេរសមុទ្រអោយរួចផុតពីក្រញាំអ្នកមានអំណាចបានចំនួនទទឹង២១ម៉ែត្រ និងបណ្តោយ៣៤ម៉ែត្រផងដែរ ។
មានព័ត៌មានបន្ថែម យើងនឹងមានផ្សាយជូនបន្តទៀត ។
ចែករំលែកព័តមាននេះ