ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមា​មិន​ចាញ់​វៀត​ណាម​ឡើយ​, ស្លា​.ប់​ដោយ​ទឹក​ជំនន់​កើន​ដល់​៧៤​នាក់

4 ខែ មុន

ទី​ក្រុង​រ៉ង់​ហ្គូន៖ ចំនួន​អ្នក​ស្លាប់​​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​ និ​ងការ​បាក់​ដី​នៅ​ប្រទេស​មីយ៉ាន់​ម៉ា​ ឬ​ភូមា​កើន​ឡើង​ដល់​៧៤​នាក់​ហើយ​ ហើយ​មនុស្ស​៨៩​នាក់​ទៀត​នៅ​បាត់​ខ្លួន​​។ មិន​ដឹង​ថា​ពួក​គេ​មាន​សុខ​ទុក្ខ​យ៉ាង​ណា​នៅ​ឡើយ​ទេ​។ ខាង​លើ​នេះ​ជា​ការ​ផ្សាយ​របស់​ទូរ​ទស្សន៍​ភូមា​​កាល​ពី​​យប់​ថ្ងៃ​សៅរ៍​។ ​​កាសែត​ញូយ៉ក​ថាម​ (New York…

ទី​ក្រុង​រ៉ង់​ហ្គូន៖ ចំនួន​អ្នក​ស្លាប់​​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​ និ​ងការ​បាក់​ដី​នៅ​ប្រទេស​មីយ៉ាន់​ម៉ា​ ឬ​ភូមា​កើន​ឡើង​ដល់​៧៤​នាក់​ហើយ​ ហើយ​មនុស្ស​៨៩​នាក់​ទៀត​នៅ​បាត់​ខ្លួន​​។ មិន​ដឹង​ថា​ពួក​គេ​មាន​សុខ​ទុក្ខ​យ៉ាង​ណា​នៅ​ឡើយ​ទេ​។ ខាង​លើ​នេះ​ជា​ការ​ផ្សាយ​របស់​ទូរ​ទស្សន៍​ភូមា​​កាល​ពី​​យប់​ថ្ងៃ​សៅរ៍​។ ​​កាសែត​ញូយ៉ក​ថាម​ (New York Times) ​​ដក​ស្រង់​​​ប្រភព​ពី​អ្នក​ស្រុក​មក​​​ផ្សាយ​ថា​ចំនួន​អ្នក​ស្លាប់​សរុប​គឺ​​១១០​នាក់​។ ប៉ុន្តែ​ភាគ​ច្រើន​គេ​ច្រើន​ទទួល​ស្គាល់​តួ​លេខ​ជា​ផ្លូវ​ការ​របស់​ទូរ​ទស្សន៍​រដ្ឋ​ភូមា​ច្រើន​ជាង​។​

​នៅ​ពេល​នេះ ដោយ​សារ​ប្រព័ន្ធ​ទំនាក់​ទំនង​ត្រូវ​កាត់​ផ្ដាច់​នៅ​តំបន់​ដាច់​ស្រយាល​ ដូច្នេះ​​ការ​ប្រមូល​ទិន្នន័យ​អំពី​ចំនួន​អ្នក​ស្លាប់​ពិត​ជា​ពិបាក​​​។ សាក្សី​ជា​ច្រើន​និយាយ​អំពី​ការ​រក​ឃើញ​សាក​សព​មនុស្ស​រសាត់​ទៅ​តាម​ខ្សែ​ទឹក​ហូរ​យ៉ាង​រដូក​រណែល​។ ដូច្នេះ យូរ​ឬ​ឆាប់​ តួ​លេខ​អ្នក​ស្លាប់​នឹង​ហក់​ឡើង​ខ្ពស់​ជា​បន្ត​ទៀត​។ ​គិត​ទៅ​ត្រឹម​តែ​​១​ថ្ងៃ​ប៉ុណ្ណោះ​ តួ​លេខ​អ្នក​ស្លាប់​​​កើន​ឡើង​​លើសមុន​ជាង​២​ដង​​។ ពោល​គឺ​​​ថា​កាល​ពី​ថ្ងៃ​សុក្រ​ អាជ្ញា​ធរថ្លែង​ថា​​អ្នក​ស្លាប់​​៣៣​នាក់​។ ឥឡូវ​នេះ អ្នក​ស្លាប់​កើន​ឡើង​ដល់​៧៤​នាក់​។

ខ្យល់​ព្យុះ​យ៉ាជី​​វាយ​ប្រហារ​ប្រទេស​វៀតណាម​មុន​គេ​នៅ​អាស៊ី​អាគ្នេយ៍។​ បន្ទាប់​មកវាយ​ប្រ​ហារ​​​ប្រទេស​ថៃ​ភាគ​ខាង​ជើង​បង្ក​ជា​ទឹក​ជំនន់​ និ​ងការ​បាក់​ដី​​​នៅ​ខេត្ត​ឆៀង​ម៉ៃ និង​ឆៀង​រ៉ៃ​ដែល​ស្ថិត​នៅ​កៀក​នឹង​ប្រទេស​ភូមា​​​។ ក្រោយ​មក​ ខ្យល់​ព្យុះ​វាយ​ប្រហារ​ប្រទេស​ឡាវ និង​ភូមា​ថែម​ទៀត​។ ​ចំនួន​អ្នក​ស្លាប់​សរុប​នៅ​ក្នុង​​ប្រទេស​ទាំង​នេះ​កើន​ឡើង​លើស​ពី​២៦០​នាក់​។ នេះ​មិន​ទាន់​គិត​ទៅ​ដល់​ទំហំ​នៃ​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ និ​ងការ​លិច​លង់​ដី​ស្រែ​-ចម្ការ​របស់​កសិករ​​ ​មិន​ដឹងថា​​ខាត​​ប៉ុន្មាន​​លាន​ដុល្លារ​នោះ​ទេ​។​

​ការ​ប្រកាស​ចំនួន​អ្នក​ស្លាប់​តាម​ទូរ​ទស្សន៍​របស់​រដ្ឋ​ភូមា​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រមុខ​ដឹក​នាំយោធា​ លោក​មីន​អុង​ឡាំង​ ​បាន​​អំពាវ​នាវ​ឱ្យ​​ប្រទេស​នានា​ទូទាំង​ពិភព​លោក​ផ្ដល់​​ជំនួយ​ទៅ​តាម​លទ្ធ​ភាព​ដែល​មាន​ដើម្បី​ជួយ​សម្រាល​​ទុក្ខ​​លំបាក​របស់​ប្រជា​ជន​រាប់​លាន​នាក់​ដែល​ប្រឈម​នឹង​​បញ្ហា​​។ គ្រាន់​តែ​ប្រជា​ជន​ដែល​ត្រូវ​ជម្លៀស​​ខ្លួន​​ចេញ​ពី​ផ្ទះ​​​មាន​ចំនួន​​ជាង​២​៣៥០០០​នាក់​។​

តាំង​ពី​មុន​ពេល​មាន​​គ្រោះ​ទឹក​ជំនន់​នេះ​ទៅ​ទៀត​ មនុស្ស​៣,៤​លាន​នាក់​បាន​ចាក​ចោល​ផ្ទះ​សម្បែង​ និង​គ្មាន​អ្វី​​​បរិភោគ​ឱ្យ​បាន​​គ្រប់​គ្រាន់​​ទេ​​​​ដោយ​សារ​សង្គ្រាម​​ និង​​អស្ថិរ​ភាព​​នយោបាយ​ និង​សង្គម​។ នៅ​ពេល​មាន​គ្រោះ​ធម្ម​ជាតិ​នេះ​ទៀត​ ​ពួក​គេ​រស់​នៅ​រឹត​តែ​លំបាក​​​។ នេះ​បើ​យោង​តាម​ការ​ប្រមើល​មើល​របស់​ទី​ភ្នាក់របស់​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ខាង​ជន​ភៀស​ខ្លួន​។​

​តំបន់​ទំនាប​​កណ្ដាល​ដូច​ជា​នៅ​ទី​ក្រុង​ម៉ាន់​ដាឡេ (Mandalay), ​បាហ្គោ (Bago), រដ្ឋ​សាន​ដែល​ជាប់​នឹង​ព្រំ​​ដែន​​ប្រទេស​ចិន និង​រដ្ឋ​ធានី​ណៃ​ពិដោរ​ដែល​ជា​បេះ​ដូង​របស់​ប្រទេស​ភូមា​​មាន​ទឹក​ជន់​លិច​យ៉ាង​ល្ហ​ល្ហាច​តាំង​ពី​ថ្ងៃ​ពុធ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ស្រក​ទៅ​វិញ​នៅ​ឡើយ​ទេ​។​ លោក​មីន​អុង​ឡាំង​​បាន​ចុះ​ពិនិត្យ​មើល​ស្ថាន​ការណ៍​​ទឹក​ជំនន់​ដល់​ទី​កន្លែង​ និង​​ណែ​នាំ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ព្យាយាម​ទាក់​ទង​ទៅ​ប្រទេស​ដទៃ​ដើម្បី​សុំ​ជំនួយ​​​។ ពួក​​គេ​ត្រូវ​​ប្រសប់​ធ្វើ​នយោបាយ​ការ​ទូត​​​ដូច​ប្រទេស​ធ្លាប់​ធ្វើ​​។​

កាល​ពី​យប់​ថ្ងៃ​សៅរ៍ ទូរ​ទស្សន៍​របស់​រដ្ឋ​មីយ៉ាន់​ម៉ា​ផ្សាយ​ថា​គ្រាន់​តែ​បូក​សរុប​ការ​ខូច​ខាត​ត្រួស​ៗ​ ទឹក​ជំនន់​នេះ​បង្ក​ការ​ខូច​ខាត​ស្ពាន​ធំៗ​២៤​កន្លែង, សាលា​រៀន​៣៧៥​ខ្នង​, ពុទ្ធ​មណ្ឌល​​មួយ​កន្លែង​, វត្ត​អារាម​៤​កន្លែង​, ទំនប់​ទឹក​៥​កន្លែង​, ស្ថានីយ​អគ្គិស​នី​១៤​កន្លែង​, បង្គោល​​ភ្លើង​បំភ្លឺ​ផ្លូវ​​៤៥៦​បង្គោល​ និង​ផ្ទះរបស់​អ្នក​ស្រុក​​ជាង​៦៥០០០​ខ្នង​​​នៅ​ភាគ​កណ្ដាល និង​ភាគ​ខាង​កើត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ