ទីក្រុងរ៉ង់ហ្គូន៖ នេះជាករណីដ៏កម្រដែលរបបសឹកភូមារបស់លោកមីនអុងឡាំងប្រកាសសុំជំនួយពីសហគមន៍អន្តរជាតិដើម្បីយកទៅដោះស្រាយបញ្ហាលំបាកដែលប្រទេសរបស់លោកកំពុងតែជួបប្រទះក្រោយការវាយប្រហាររបស់ខ្យល់ព្យុះយ៉ាជីបណ្ដាលឱ្យមានគ្រោះទឹកជំនន់លិចរដ្ឋធានីណៃពិដោរ និងសម្លាប់មនុស្សរាប់សិបនាក់។ ជារួម គ្រោះទឹកជំនន់ និងការបាក់ដីដែលបង្កឡើងដោយខ្យល់ព្យុះនេះនៅវៀតណាម, ឡាវ, ថៃ និងមីយ៉ាន់ម៉ាបានសម្លាប់មនុស្សសរុបជិត៣០០នាក់។
នៅមីយ៉ាន់ម៉ា ប្រជាជនជាង២៣៥០០០នាក់ត្រូវតែបង្ខំចិត្តជម្លៀសខ្លួនចេញពីផ្ទះដើម្បីស្នាក់នៅក្នុងទីកន្លែងសុវត្ថិភាព។ ដូច្នេះ គេអាចនិយាយបានថាប្រទេសភូមាកំពុងតែប្រឈមនឹងបញ្ហាទ្វេគ្រោះ ឬទុក្ខជាន់លើទុក្ខ។ សង្គ្រាមស៊ីវិលបន្តឆាបឆេះរយៈពេលជាង៣ឆ្នាំធ្វើឱ្យប្រជាជនរស់នៅពិបាកស្រាប់ទៅហើយ។ ឥឡូវនេះ មកថែមគ្រោះទឹកជំនន់ និងការបាក់ដីរឹតតែធ្វើឱ្យពួកគេវេទនាបន្ថែមទៀត។
នៅទីក្រុងថូនហ្គូ (Taungoo) ដែលគេត្រូវធ្វើដំណើររយៈពេលមួយម៉ោងពីរដ្ឋធានីណៃពិដោរ គេឃើញថាប្រជាជននៅទីនោះត្រូវធ្វើក្បូនសម្រាប់ទុកជិះឆ្លងទឹកជំនន់ដែលហក់ឡើងខ្ពស់ដល់ថ្នាក់លិចសឹងដល់ដំបូលផ្ទះនៅកន្លែងខ្លះ។ មនុស្សប្រមាណ៣០០នាក់ត្រូវស្នាក់នៅបណ្ដោះអាសន្ននៅក្នុងវត្តអារាមសង់នៅលើដីទួលក្បែរភូមិ។ បុរសម្នាក់ប្រាប់ថាអ្នកមកជ្រកកោននៅទីនេះរស់នៅស៊ីអត់ស៊ីឃ្លាន។ ពួកគេត្រូវការអាហារសម្រាប់បរិភោគ ត្រូវការទឹកស្អាត និងត្រូវការថ្នាំពេទ្យ។
បើគេក្រឡេកទៅមើលទិដ្ឋភាពនៅវត្តអារាមមួយកន្លែងទៀត គេឃើញដូនជីដើរលុយទឹកត្រឹមជង្គង់។ កសិករម្នាក់ប្រាប់ថាគាត់បាត់បង់អ្វីៗគ្រប់យ៉ាង អង្ករ មាន់ និងទាដែលខំចិញ្ចឹម។ សំណាងល្អគាត់ចេះដឹកគោបីក្បាលឡើងទៅលើដីទួលទាន់ ពេលវេលា។ ភូមិដែលគាត់រស់នៅនោះទឹកលិចគ្រប់កន្លែង។ គាត់ប្រាប់ថារបស់របរផ្សេងៗដែលយកទៅមិនទាន់ គាត់សុខចិត្តបោះចោលក៏បានដែរ។ គាត់មិនខ្វល់ច្រើនទេ។ សំខាន់ឱ្យតែអាចរក្សាជីវិតឱ្យនៅគង់វង្ស និងការពារសត្វពាហនៈដែលគាត់ខំចិញ្ចឹមទៅបានហើយ។
ត្រូវតែខិតខំជម្លៀសខ្លួនដោយវិធីណាក៏ដោយ
ការធ្លាក់ភ្លៀងខ្លាំងដោយសារខ្យល់ព្យុះយ៉ាជីនេះធ្វើឱ្យប្រជាជននៅប្រទេសខ្លះនៃតំបន់អាស៊ីអាគ្នេយ៍ត្រូវតែជម្លៀសខ្លួនដោយវិធីណាក៏ដោយ។ អ្នកខ្លះនៅប្រទេសភូមាជិះដំរីដើម្បីជម្លៀសខ្លួន។ ចំណែកនៅប្រទេសថៃ មនុស្សជិះអូប័រដើម្បីជម្លៀសខ្លូន។ ប្រមុខដឹកនាំភូមា លោកមីនអុងឡាំង ថ្លែងថាមន្ត្រីរដ្ឋាភិបាលត្រូវតែខិតខំទាក់ទងទៅប្រទេសដទៃដើម្បីស្នើសុំជំនួយយកទៅចែកជូនជនរងគ្រោះ។
លោកថ្លែងថាវាជាការចាំបាច់ណាស់ដែលយើងត្រូវតែជួយសង្គ្រោះ ក៏ដូចជាជួយសម្រាលបន្ទុក និងជួយស្ដារស្ថានការណ៍នេះឡើងវិញឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ តាមពិត របបសឹករបស់លោកមីនអុងឡាំងធ្លាប់បានបិទខ្ទប់ការផ្ដល់ជំនួយពីបបរទេស។ កាលពីមុននេះ អង្គការមនុស្សធម៌ធ្លាប់បានស្នើសុំចែកជំនួយជូនអ្នកអត់-ឃ្លាន។ ប៉ុន្តែលោកមិនអនុញ្ញាត។ កាលពីឆ្នាំ២០២៣ ប្រទេសភូមាភាគខាងលិចរងការវាយប្រហារដោយខ្យល់ព្យុះម៉ូឆា (Mocha)។ កាលនោះ អង្គការអន្តរជាតិចង់ផ្ដល់ជំនួយទៅឱ្យអ្នករងគ្រោះ១លាននាក់។ ប៉ុន្តែលោកមីនអុងឡាំងមិនអនុញ្ញាតជាដាច់ខាត៕
ចែករំលែកព័តមាននេះ