គិតមកទល់ពេលនេះ មានរយៈពេលជាង៤ឆ្នាំហើយ ដែលតារាចម្រៀងអ្នកនាង ឡាយ លក្ខិណា បានចេញទៅសម្តែងរាំច្រៀងនៅក្នុងប្រទេសកាណាដា ក្នុងពេលដែលដំណឹងវិលមកប្រទេសកម្ពុជាវិញ ពីតារាស្រីរូបនេះមិនទាន់ដឹងដំណឹងនៅឡើយ ។
គេនៅចាំបានថា ឡាយ លក្ខិណា បានចេញទៅច្រៀងនៅក្នុងប្រទេសកាណាដាតាំងពីអំឡុងឆ្នាំ២០១៩ ក្នុងបេសកម្មរាំច្រៀងឲ្យបងប្អូនខ្មែរដែលរស់នៅទីនោះបានរាំលេងកំសាន្ត ខណះពេលដែលនាងក៏ជាតារាចម្រៀងមួយរូបប្រចាំផលិតកម្មមួយដែលមានមូលដ្ឋាននៅក្នុងងប្រទេសមួយនេះផងដែរ ។
ក្រោយចេញពីប្រទេសកម្ពុជាអស់រយះពេលប្រមាណជាង៤ឆ្នាំនេះ ឡាយ លក្ខិណា ត្រូវបានប្រភពមួយអះអាងថា នាងទទួលបានសិទ្ធរស់នៅក្នុងប្រទេសកាណាដាពេញសិទ្ធិហើយតាំងពីអំឡុងឆ្នាំ២០២១ ដែលធ្វើឲ្យនាងអាចចេញចូលសម្តែងច្រៀងរាំជាញឹកញ៉ាប់ទាំងទឹកដីអាមេរិក និងកាណាដា ។
អ្វីដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលនោះ ឡាយ លក្ខិណា ក៏កំពុងមានសម្ព័ន្ធភាពស្នេហាជាភេទដូចគ្នា ហើយនារីម្នាក់នោះត្រូវបានគេដឹងថា គឺជាម្ចាស់ផលិតកម្ម Sandap Production ដែលនាងកំពុងជ្រកកោនក្នុងប្រទេសកាលណាដា ។
រឿងរ៉ាវមួយនេះគឺត្រូវបានបង្ហាញជាសាធារណៈដោយឥតលាក់លៀមពីគូរស្នេហ៍របស់នាងដែលមានឈ្មោះក្នុងគណនេយ្យហ្វេសប៊ុកថា Sandap Sand ដែលបានបង្ហោះរូបភាពស្និតស្នាលជាមួយ ឡាយ លក្ខិណា ដោយភ្ជាប់ជាមួយនឹងសំណេរខ្លីថា Yes, We are a couple មានន័យថា ពួកយើងគឺជាគូស្នេហ៍ ។
ពាក់ព័ន្ធការវិលត្រឡប់មកកាន់ទឹកដីកំណើតវិញពីតារាចម្រៀងនាង ឡាយ លក្ខិណា នៅពេលណានោះ កោះសន្តិភាពនៅមិនទាន់អាចសុំការបកស្រាយពីតារាស្រីរូបនេះនៅឡើយទេ ខណះពេលដែលការសាកសួរនៅមិនទាន់មានការឆ្លើយតប ។
យ៉ាងណា បើទោះបីជាមិនទាន់លេចឮដំណឹងពីការវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនាពេលណាមួយក៏ដោយ ប៉ុន្តែតាមរយៈបណ្តាញសង្គម ឡាយ លក្ខិណា តែងតែបង្ហោះសកម្មភាពរបស់ខ្លួនទាំងការច្រៀងរាំ និងដើរលេងកំសាន្តតាមទីកន្លែងនានានៅក្នុងទឹកដីនៃប្រទេសអូស្ត្រាលីជាបន្តបន្ទាប់ស្ទើមិនដាច់សូរ ។
ជាការកត់សម្គាល់ ឡាយ លក្ខិណា ត្រូវត្រឡប់មកប្រទេសកំណើតវិញតាំងពីអំឡុងចុងឆ្នាំ ២០១៩ ប៉ុន្តែការដែលនាងបន្តស្នាក់នៅនេះ នាំឲ្យមានចចាមអារ៉ាមថា នាងទំនងបាននឹងកំពុងស្វែងរកសិទ្ធិជ្រកកោន និងរស់នៅទីនោះលែងត្រឡប់ហើយ ក្រោមការជួយជ្រោមជ្រែងពីមនុស្សសំខាន់មួយគឺអ្នកនាង ចៅ សណ្ដាប់ ហើយថា អ្នកឧបត្ថម្ភរូបនេះ ទំនងជាមនុស្សម្នាក់នៅពីក្រោយ រឿងដែល លក្ខិណា មិនទាន់ត្រឡប់មកស្រុកវិញនេះ ៕
ចែករំលែកព័តមាននេះ