ខេត្តកំពង់ឆ្នាំង ៖ សាលាបឋមសិក្សាតាភន គឺជាសាលាមួយដែលនៅឆ្ងាយដាច់ស្រយាល ពីទីប្រជុំជន និងនៅក្នុងភូមិមួយ ដែលពុំសូវមានប្រជាពលរដ្ឋរស់នៅ ។ សាលាបឋមសិក្សានេះស្ថិតនៅក្នុងភូមិភ្នំតាឱស ឃុំក្តុល សែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ អ្វីជាបញ្ហាដល់សាលា និងលោកគ្រូអ្នកគ្រូ គឺដោយសារសិស្សធំៗនៅសាលាបឋមសិក្សានេះមួយចំនួនធំបានបោះបង់ចោលការសិក្សា ទៅជួយការងារឪពុកម្ដាយ និងសិស្សមួយចំនួនទៀតជាខ្មែរឥស្លាម មានលទ្ធភាពអាចជិះកង់ ទៅរៀននៅសាលាក្នុងភូមិបំណក់ ខេត្តពោធិ៍សាត់ ដែលជាសាលារៀនខ្មែរ និងរៀនភាសាខ្មែរឥស្លាមវិញ។
លោក ថោង សុភ័ណ នាយកសាលាបឋមសិក្សាតាភន ក្នុងឱកាសទទួលអំណោយព្រឹត្តិការណ៍កីឡា ដើម្បីទេសចរណ៍ កាលពីពេលថ្មីៗនេះ បានបញ្ជាក់ឲ្យដឹងថា សាលានេះមាន៧ថ្នាក់ គឺពីថ្នាក់ទី ១ ដល់ទី ៦ និង ថ្នាក់មតេយ្យ១ថ្នាក់ មានសិស្សសរុបចំនួន ១៦៥ នាក់ ក្នុងនោះ ថ្នាក់មតេយ្យមានចំនួន២៤នាក់ ។ ចំពោះការសិក្សារបស់សិស្ស ថ្នាក់តូចៗពីថ្នាក់ទី១ ដល់ទី ៤ មិនចោទជាបញ្ហាទេ ។ប៉ុន្តែសិស្សធំៗចាប់ពីថ្នាក់ទី ៥ ដល់ទី ថ្នាក់ទី ៦ ភាគច្រើនបោះបង់ការសិក្សា ទៅជួយការងារឪពុកម្ដាយ ។
លោកនាយកបានបន្តថា ជាក់ស្តែង ត្រង់ចំណុចនេះលោកគ្រូ អ្នកគ្រូ ក៏ដូចជារូបលោកជានាយកសាលា ជាញឹកញាប់ តែងបានទៅដល់ផ្ទះសិស្សទាំងនោះដែរ តែឪពុកម្ដាយសិស្ស តែងតែនិយាយដោះសារការពារកូនថា «ដេញឲ្យកូនទៅរៀនហើយ តែវាមិនទៅរៀន មិនដឹងធ្វើម៉េច» ។ មួយផ្នែកទៀត សិស្សជាខ្មែរឥស្លាម មានលទ្ធភាពអាចជិះកង់ទៅរៀនបានពួកគាត់ទៅរៀនខាងសាលា ខាងខេត្តពោធិ៍សាត់វិញ ព្រោះសាលានៅទីនៅមានរៀនភាសាខ្មែរផង មានភាសាខ្មែរឥស្លាមផង។
ចំពោះសិស្សតូចៗ ពីថ្នាក់ទី១ ដល់ទី៤ គឺមិនសូវបាត់នោះទេ ពិសេសិស្សមតេយ្យសាលា ព្រោះភាគច្រើនឪពុកម្ដាយបានចេញទៅប្រកបការងារ ហើយសិស្សទាំងនោះត្រូវបានដាក់នៅជាមួយជីដូនជីតា នៅផ្ទះ ចំណែកខ្លះទៀតពួកគាត់យកមកដាក់នៅសាលាពេញមួយថ្ងៃតែម្ដង។ ទាំងនេះគឺជាបញ្ហាចោទយ៉ាងខ្លាំងដល់គុណភាពសិក្សារបស់សិស្ស និងអាច ជះឥទ្ឋិពល ដល់លោកគ្រូអ្នកគ្រូដែលនៅសាលានេះថាមិនយកចិត្តទុកដាក់បង្ហាត់សិស្ស។
ចុងក្រោយលោកក៏សូមសំណូមពរដល់បងប្អូនជាសប្បុរសជនសូមមេត្តាជួយឧបត្ថម្ភជាសម្ភារៈសិក្សាដល់សិស្សសាលាតាភនដែលនៅដាច់ស្រយាលមួយនេះផងដែរ។
ជុំវិញបញ្ហានេះ លោក ម៉ឹង វិសាលសុខ មេឃុំក្តុលសែនជ័យ បានបញ្ជាក់ថា សិស្សដែលទៅរៀននៅសាលាបឋមសិក្សាតាភន មាន២ភូមិ គឺភូមិភ្នំតាឱស ក្នុងឃុំក្តុលសែនជ័យ ខេត្តកំពង់ឆ្នាំង និងភូមិ ពោធនិងភូមិទានព្រៃ ក្នុងឃុំឈើតុំ ស្រុកក្រគរ ខេតុ្តពោធិ៍សាត់ ។ លោកក៏បានដឹងពីការបោះបង់ការសិក្សារបស់សិស្សទាំងនោះដែរ នេះដោយសារតែឪពុកម្ដាយ របស់សិស្ស មិនយល់ពីតម្លៃអនាគតរបស់កូន មិនជួយជំរុញឲ្យកូនមករៀនបានទៀងទាត់ ៕
ចែករំលែកព័តមាននេះ