ទីក្រុងយេរូសាឡឹម៖ ថ្ងៃនេះ អ៊ីស្រាអែលបើកឆាកវាយប្រហារដ៏ខ្លាំងក្លាមួយទៅលើសាលារៀនដែលមានជនភៀសខ្លួនរស់នៅនៅតំបន់ហ្កាហ្សាបណ្ដាលឱ្យស្លាប់មនុស្ស១៨នាក់។ ក្នុងនោះក៏មានបុគ្គលិករបស់អង្គការសហប្រជាជាតិ២នាក់ផងដែរ។ យោធាអ៊ីស្រាអែលចាត់ទុកថានេះជាការវាយប្រហារចំគោលដៅល្អណាស់ព្រោះជាទីជម្រករបស់ក្រុមភេរវកម្មបង្កប់ខ្លួននៅក្នុងចំណោមជនស៊ីវិល។ តាមពិតនេះមិនមែនជាលើកទី១ទេដែលសាលារៀន១កន្លែងនេះរងការវាយប្រហារពីអ៊ីស្រាអែល។
ទីនេះធ្លាប់រងការវាយប្រហារច្រើនដងមកហើយ។ ប៉ុន្តែលើកនេះវាយប្រហារខ្លាំងជាងពេលមុនៗ ហើយធ្វើឱ្យទីស្នាក់ការរបស់អង្គការសហប្រជាជាតិខូចខាតយ៉ាងដំណំ។ អង្គការអ៊ូនរ៉ា (UNRWA) ដែលជាសាខារបស់អង្គការសហប្រជាជាតិប្រចាំនៅហ្កាហ្សាថ្លែងថាក្រៅពីអ្នកស្លាប់ដូចរៀបរាប់ខាងលើនេះនៅមានមនុស្សជាង១៨នាក់ទៀតរងរបួស។
ឥឡូវនេះ អ៊ីស្រាអែលរងការរិះគន់ និងថ្កោលទោសយ៉ាងខ្លាំងពីអន្តរជាតិ។ អ្នកនាំពាក្យកងប្រជាការពារប៉ាឡេស្ទីនថ្លែងថានេះជាលើកទី៥ដែលអ៊ីស្រាអែលវាយប្រហារសាលារៀន១កន្លែងនេះ។ អង្គការអ៊ូនរ៉ា (UNRWA) ថ្លែងថាបុគ្គលិករបស់ខ្លួនស្លាប់អស់៦នាក់ដោយសារស្នាដៃរបស់អ៊ីស្រាអែលទៅលើសាលារៀនដដែលនេះ និងទីបរិវេណជុំវិញសាលារៀន។
អ៊ូនរ៉ាចាត់ទុកថានេះជាការស្លាប់បុគ្គលិករបស់ខ្លួនច្រើនមិនធ្លាប់មាននៅក្នុងហេតុការណ៍តែ១។ ស្លាប់លើកនេះគឺស្លាប់សុទ្ធតែមេធំៗរបស់អ៊ូនរ៉ាទៅទៀត។ ម្នាក់ជាអ្នកគ្រប់គ្រងទូទៅ និង១ចំនួនទៀតជាអ្នកក្រោមបង្គាប់របស់គាត់ដែលផ្ដល់ជំនួយសម្រាប់ជនភៀសខ្លួន។ សាលារៀន និងទីតាំងរស់នៅរបស់ជនស៊ីវិលគួរណាស់ទទួលបានការការពារគ្រប់ពេលវេលា។ ពួកគេមិនមែនជាគោលដៅយោធាដែលត្រូវវាយប្រហារនោះទេ។ នេះជាអ្វីដែលអ៊ូនរ៉ាសរសេររៀបរាប់នៅលើបណ្ដាញអ៊ិច។
ដំណឹងនេះបានលេចឮដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអង់តូនីញ៉ូ ហ្គូតេរ៉េសហើយ (Antonio Guterres)។ លោកចាត់ទុកថានេះជាករណីដែលមិនអាចទទួលយកបានទាល់តែសោះ។ ការដែលលោកថ្កោលទោសចំពោះទង្វើនេះក៏ធ្វើឡើងស្របពេលដែលប្រទេសអាល្លឺម៉ង់ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែលចេញមុខប្រកាសប្រឆាំងនឹងទង្វើនេះផងដែរ។
អាល្លឺម៉ង់ថ្លែងថាបុគ្គលិកដែលធ្វើការផ្នែកមនុស្សធម៌មិនគួរក្លាយជាជនរងគ្រោះដែលរងការវាយប្រហារដោយគ្រាប់រ៉ុកកែតទាល់តែសោះ។ ប្រទេសហ្សកដង់ និងសហភាពអឺរ៉ុបក៏ប្រកាសរិះគន់ការវាយប្រហារនេះដែរ ខណៈដែល ប្រទេសអាមេរិកដែលជាសម្ព័ន្ធមិត្តធំជាងគេរបស់អ៊ីស្រាអែលក៏អំពាវនាវឱ្យអ៊ីស្រាអែលខិតខំការពារទីតាំងស្នាក់អាស្រ័យរបស់ជនស៊ីវិល៕
ចែករំលែកព័តមាននេះ