ខេត្តបន្ទាយមានជ័យ ៖ អនុវត្តតាមបទបញ្ជាលោកនាយឧត្តមសេនីយ៍ សៅ សុខា កម្លាំងកងរាជអាវុធហត្ថរួមគ្នា បង្ក្រាបក្រុមចោរលួច ចោរប្លន់កន្លែងផ្ទេរប្រាក់ តាមបណ្តារាជធានី-ខេត្ត ជាច្រើនលើក ច្រើនទីតាំង និងបទល្មើសផ្សេងៗ ជាក់ស្ដែង នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខC62 ក្នុងបុរីដួងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុង សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជឣាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងដឹកនាំសម្របសម្រួលដោយលោក លុយ ទីហួរ ព្រះរាជឣាជ្ញារង ឣមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះធ្វើប្រតិបត្តិការបង្ក្រាបគ្រឿងញៀនសរុបជាង ៧៣គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃ បានចំនួន០៥នាក់ ។
ជនសង្ស័យជាជនជាតិថៃ ទាំង០៥នាក់ រួមមាន ៖
១. ឈ្មោះ វីរ៉ាឆៃ មីស៊ីន ហៅ ឃីវ ភេទប្រុស ឣាយុ២៩ឆ្នាំ ជនជាតិថៃ ដកហូតវត្ថុតាងរួមមាន ៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE)ចំនួន ៧១កញ្ចាប់ ទម្ងន់ ៧៣,៦៧៥ក្រាម, គ្រឿងញៀនប្រភេទម្ស៉ៅម៉ត់ពណ៌ស (ហេរ៉ូអ៊ីន) ចំនួន ០២កញ្ចប់ ទម្ងន់ ៧៤៨,២០ក្រាម, និងកាបូបពណ៌ខ្មៅសម្រាប់ដាក់គ្រឿងញៀន ចំនួន០៦កាបូប។
២. ឈ្មោះ ចាក់កាក់ផាន់ ផូស៊ី ហៅ ប៉ុក ភេទប្រុស ឣាយុ២៩ឆ្នាំ ជនជាតិថៃ ដកហូតវត្ថុតាង រួមមាន ៖ គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (ICE) ចំនួន ០១កញ្ចប់ ទម្ងន់ ១៣១,១០ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូល ពណ៌បៃតង ០១ថង់កិប ស្មើនឹង ៤០គ្រាប់ ទម្ងន់ ៦,៦៩ក្រាម, ថ្នាំគ្រាប់រាងមូលពណ៌ទឹកក្រូច ចំនួន០១ថង់កិប ស្មើនឹង ៣៣២គ្រាប់ ទម្ងន់ ៧,៨០ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងត្រីកោណ ពណ៌ផ្កាឈូក(អ៊ិចស្តាស៊ី) ចំនួន ០៤ថង់កិប ស្មើនឹង ២០គ្រាប់ ទម្ងន់ ១១ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងផ្លែឈើ ពណ៌ត្នោត(អ៊ិចស្តាស៊ី) ចំនួន ០៤ថង់កិប ស្មើនឹង ២០គ្រាប់ ទម្ងន់ ១១,៥០ក្រាម, គ្រាប់ថ្នាំបន្ទះពណ៌ក្រហម (Erimin5) ចំនួន ០២បន្ទះ ស្មើនឹង ១២គ្រាប់ ទម្ងន់ ៤,៧៥ក្រាម, គ្រឿងញៀនប្រភេទម្ស៉ៅម៉ត់ពណ៌ស (កេតាមីន) ចំនួន ០១កូនថង់កិប ទម្ងន់ ០,៦៨ក្រាម, កញ្ឆាក្រៀមចំនួន ០១ថង់កិប ទម្ងន់ ៧៥,៩០ក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០២គ្រឿង និងថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ។
៣. ឈ្មោះ រ៉ាក់សាន់ ផុងសឿ ហៅ ឣូរ ភេទប្រុស ឣាយុ៣៣ឆ្នាំ ជនជាតិថៃ ដកហូតវត្ថុតាង មានកាបូបស្ពាយចំហៀង ពណ៌ខ្មៅ ចំនួន០១ មានកាំភ្លើងខ្លី ចំនួន០១ដើម (ម៉ាកSIG SAUER លេខ58C385402 ពណ៌ខ្មៅ) ក្នុងនោះមានបង់ចំនួន០២ គ្រាប់ចំនួន ១៩គ្រាប់ (ជាឣ្នកដឹកជញ្ជូន) ។
៤. ឈ្មោះ ប្រាគីត សាមីផាក់ ហៅ គីត ភេទប្រុស ឣាយុ៣៨ឆ្នាំ ជនជាតិថៃ (ជាឣ្នកដឹកជញ្ជូន) ។
និង៥. ឈ្មោះ ព្រីឆា យឺនយ៉ុង ហៅ ឃីវ ភេទប្រុស ឣាយុ២១ឆ្នាំ ជនជាតិថៃ (ជាឣ្នកដឹកជញ្ជូន)។
បច្ចុប្បន្ន ជនសង្ស័យទាំង០៥នាក់ រួមនឹងវត្ថុងតាងគ្រឿងញៀនជាង ៧៣គីឡូក្រាម ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជឣាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ