ទីក្រុងតេអេរ៉ង់៖ ថ្មីៗនេះ ប្រទេសអ៊ីរ៉ង់ចេញមុខបដិសេធយ៉ាងដាច់អហង្ការចំពោះរបាយការណ៍ដែលថាខ្លួនបញ្ជូនមីស៊ីលជាច្រើនគ្រាប់ទៅឱ្យប្រទេសរុស្ស៊ីដើម្បីយកទៅធ្វើសង្គ្រាមនៅអ៊ុយក្រែន។ ការបដិសេធនេះធ្វើឡើងតាមរយៈរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់។ លោកថ្លែងថាករណីដែលប្រទេសអាមេរិក និងប្រទេសមហាអំណាចបីទៀតនៅទ្វីបអឺរ៉ុបដាក់ទណ្ឌកម្មអ៊ីរ៉ង់ថែមទៀតចំពោះទង្វើនេះមិនអាចដោះស្រាយបញ្ហាបានឡើយ។
លោករដ្ឋមន្ត្រីអាបាស់ អារ៉ាក់ឈី (Abbas Araqchi) ថ្លែងថា «ជាថ្មីម្ដងទៀត អាមេរិក និងប្រទេសអឺរ៉ុបទាំងបីចាត់វិធានការ (ដាក់ទណ្ឌកម្ម) ទៅលើអ៊ីរ៉ង់ដោយផ្អែកទៅលើប្រភពស៊ើបការណ៍សម្ងាត់ដែលមិនត្រឹមត្រូវ និងការវិនិច្ឆ័យបែបវ៉ៃស្មានតែប៉ុណ្ណោះ។ អ៊ីរ៉ង់មិនបានបញ្ជូនគ្រាប់មីស៊ីលផ្លោង (បលលីសស្ទីក -ballistic) ទៅប្រទេសរុស្ស៊ីទេ។ សូមនិយាយតែប៉ុណ្ណឹងខណ្ឌចប់ (period)។ ការដាក់ទណ្ឌកម្មមិនមែនជាដំណោះស្រាយឡើយ។ ប៉ុន្តែនាំឱ្យមានបញ្ហាបន្ថែមទៀតតែប៉ុណ្ណោះ»។
សូមជម្រាបថាប្រទេសអឺរ៉ុបទាំងបីនោះគឺអង់គ្លេស, អាល្លឺម៉ង់ និងបារាំងដែលសុទ្ធតែជាមហាអំណាចកំពូលនៅអឺរ៉ុប។ ជាពិសេស អាល្លឺម៉ង់ និងបារាំងជាប្រទេសជំហរធំជាងគេរបស់សហភាពអឺរ៉ុប។ អង់គ្លេសលែងជាសមាជិកសហភាពអឺរ៉ុបតទៅទៀតហើយ។ ប៉ុន្តែបើគិតពីភូមិសាស្ត្រនយោបាយ អង់គ្លេសក៏ជាផ្នែកមួយនៃទ្វីបអឺរ៉ុបផងដែរ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោកប្លីងខិន ថ្លែងថារុស្ស៊ីបានទទួលមីស៊ីលផ្លោងជាច្រើនគ្រាប់ពីប្រទេសអ៊ីរ៉ង់ពិតប្រាកដមែន។ លោកសម្លឹងឃើញថារុស្ស៊ីអាចនឹងចាប់ផ្ដើមប្រើប្រាស់គ្រាប់មីស៊ីលទាំងនោះនៅក្នុងរង្វង់ប៉ុន្មានសប្ដាហ៍ខាងមុខនេះ។ ប្រមុខការទូតអាមេរិករូបនេះថ្លែងថាកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលទីក្រុងម៉ូស្គូ និងតេអេរ៉ង់បានបង្កការគំរាមកំហែងកាន់តែខ្លាំងសម្រាប់សន្តិសុខជាតិនៅទ្វីបអឺរ៉ុប។
ដូច្នេះ ដើម្បីជាការបញ្ចេញប្រតិកម្មត្រឡប់ទៅវិញ អាមេរិក, អាល្លឺម៉ង់, អង់គ្លេស និងបារាំងសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀតទៅលើប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអង្គារ។ នៅក្នុងវិធានការដាក់ទណ្ឌកម្មនោះក៏ដាក់ទៅលើក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់អ៊ែ (Iran Air) ដែលជាក្រុមហ៊ុនរបស់រដ្ឋអ៊ីរ៉ង់ផងដែរ។ កាលពីថ្ងៃពុធ វិមានក្រឹមឡាំងបានច្រានចោលការចុះផ្សាយតាមទំព័រសារព័ត៌មានដែលថា «អ៊ីរ៉ង់បានដឹកជញ្ជូនគ្រាប់មីស៊ីលទៅដល់ប្រទេសរុស្ស៊ីជាបណ្ដើរៗហើយ»។
អ្នកនាំពាក្យវិមានក្រឹមឡាំងបកស្រាយថារាល់ការចោទប្រកាន់ទាំងនោះចេះតែនិយាយឱ្យតែរួចពីមាត់តែប៉ុណ្ណោះ ហើយគ្មានមូលដ្ឋានច្បាស់លាស់ទាល់តែសោះ។ ទន្ទឹមនឹងនោះ ប្រទេសហូឡង់កោះហៅឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ (ប្រចាំប្រទេសហូឡង់) ទៅជួបនៅទីស្ដីការក្រសួងការបរទេសដើម្បីបង្ហាញការកើតទុក្ខមិនសុខចិត្ត។ រដ្ឋមន្ត្រីការបរទេសហូឡង់បង្ហោះសារនយោបាយនៅលើបណ្ដាញអ៊ិចថាលោកនឹងអំពាវនាវឱ្យពួកអឺរ៉ុបដាក់ទណ្ឌកម្មបន្ថែមទៀត៕
ចែករំលែកព័តមាននេះ