ទីក្រុងហាណូយ៖ ក្រោយការបោកបក់មួយប្រាវរបស់ខ្យល់ព្យុះទីហ្វុងឈ្មោះយ៉ាជី (Yagi) ទៅលើប្រទេសវៀតណាមភាគខាងជើង ក្រុមអ្នកជួយសង្គ្រោះបន្តស្វែងរក និងជម្លៀសមនុស្សរាប់ពាន់នាក់ដែលរស់នៅក្នុងតំបន់ហ៊ុមព័ទ្ធដោយវាលទឹកដើម្បីដឹកជញ្ជូនពួកគេទៅកាន់ទីកន្លែងសុវត្ថិភាព។ ប្រទេសវៀតណាមរងគ្រោះលើកនេះគឺរងគ្រោះធ្ងន់ធ្ងរតែម្ដងនៅពេលភ្លៀងធ្លាក់ខ្លាំងរយៈពេលរាប់សិបម៉ោងជាប់គ្នា គួបផ្សំនឹងខ្យល់កន្ត្រាក់ដែលមានល្បឿនជាង១៤៩គីឡូម៉ែត្រក្នុងមួយម៉ោង។
ដើមឈើរាប់ម៉ឺនដើមត្រូវខ្យល់កាច់បំបាក់មែករបស់វា ឬត្រូវគាស់រំលើងទាំងឫស និងដួលរេលពេញផ្លូវ។ ខ្យល់លើកនេះពិតជាមានសភាពខ្លាំងក្លាសមដូចពាក្យគេនិយាយមិនខុសមែនថានេះជាខ្យល់ព្យុះលេខមួយប្រចាំទ្វីបអាស៊ី។ សូម្បីតែស្ពានដែកសាងសង់កាត់ស្ទឹង ឬដៃទន្លេក៏ត្រូវខ្យល់វាយបំបាក់ខ្ទេចខ្ទីអស់ជាច្រើនខ្សែ។ អាជ្ញាធរវៀតណាមប្រកាសថាគិតត្រឹមល្ងាចថ្ងៃអង្គារ គេរកឃើញសាកសពជនរងគ្រោះបន្ថែមទៀត។ ដូចនេះ ចំនួនអ្នកស្លាប់សរុបកើនឡើងដល់៨៧នាក់។ ចំនួននេះមិនទាន់គិតទៅដល់អ្នកបាត់ខ្លួន៧០នាក់ផ្សេងទៀតនៅឡើយទេ។
ក្រសួងកសិកម្មប្រកាសថាមនុស្សជាង៧០០នាក់រងរបួសដោយសារហេតុការណ៍បាក់ដី និងគ្រោះទឹកជំនន់។ ខ្យល់ព្យុះយ៉ាជីបានបោកបក់កម្ទេចស្ពានជាច្រើនខ្សែ, បំប៉ើងដំបូលដែករហូតដល់របើករបាញ និងខូចខាតរោងចក្រជាច្រើនកន្លែងបន្ទាប់ពីវាបានបក់ទៅដល់តំបន់សមុទ្រកាលពីចុងសប្ដាហ៍។ តំបន់ភាគខាងជើងកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ។
អ្នកខ្លះដោយសារប្រញាប់ពេកគ្មានបានដាក់ឥវ៉ាន់ទៅតាមខ្លួនទេ។ ពួកគេគិតតែពីជម្លៀសខ្លួនឱ្យរួចផុតពីសេចក្ដីស្លាប់។ ឥឡូវនេះរបស់ទ្រព្យរបស់ពួកគាត់ដែលមានទាំងប៉ុន្មានត្រូវលិចទឹកអស់រលីង។ ផ្ទះល្វែងខ្លះមានតែមួយជាន់ត្រូវទឹកលិចដល់ប្លង់សេខាងលើ ដល់ថ្នាក់ម្ចាស់ផ្ទះឡើងទៅលើដំបូលដើម្បីរង់ចាំក្រុមអ្នកជួយសង្គ្រោះទៅយកពួកគេចេញពីទីនោះ។
នៅទីក្រុងហាណូយម្ដុំមាត់ទន្លេមានទឹកលិចខ្លាំងណាស់ដោយសារទឹកទន្លេឡើងប្រៀបច្រាំង និងហូរចាក់ទៅតំបន់ទំនាប។ អ្នកខ្លះទ្រាំរស់នៅក្នុងផ្ទះល្វែងរបស់ខ្លួនលែងបានតទៅទៀត ដូច្នេះពួកគាត់ត្រូវតែបង្ខំចិត្តជម្លៀសខ្លួនចេញមួយគ្រាសិន។ ជនជាតិវៀតណាមដែលរស់នៅតាមមាត់ទន្លេប្រាប់ថាតាំងពីណាពីណីមកពុំដែលមានទឹកជំនន់ធំដល់ថ្នាក់ហ្នឹងទេ។
ពួកគេបាត់បង់អ្វីៗគ្រាប់យ៉ាងត្រឹមតែមួយប៉ប្រិចភ្នែក។ ពួកគេគ្មានបានយករបស់របរមកតាមខ្លួនទេ។ ពួកគេត្រូវតែបង្ខំចិត្តចាកចេញទាំងសោកស្ដាយដើម្បីរក្សាជីវិតឱ្យនៅគង់វង្ស។ ទ្រព្យសម្បត្តិជារបស់ក្រៅខ្លួនតែប៉ុណ្ណោះ ហើយអាចរកបាននៅពេលក្រោយទៀត។ ពួកគេមិនអាចមានពេលវេលាគ្រប់គ្រាន់ដើម្បីយករបស់ទ្រព្យមានតម្លៃមកតាមខ្លួនបានឡើយ។ ឥឡូវនេះអ្វីៗត្រូវទឹកលិចអស់ទាំងស្រុង៕
ចែករំលែកព័តមាននេះ